(ភ្នំពេញ)៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងផ្សារមូលបត្រសៀងហៃ (MOU) នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់កិច្ចសហប្រតិបត្តិការរវាងទីផ្សារមូលធន ក្នុងប្រទេសកម្ពុជា និងចិន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានទីផ្សារមូលបត្រកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែវិច្ឆិកានេះ។

ការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងភាគីទាំងពីរធ្វើឡើងដោយលោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រ និងលោក ឆៃ ជានឈុន (CAI Jianchun) ប្រធាននាយកនៃផ្សារមូលបត្រសៀងហៃ ដែលជាតំណាងរបស់ផ្សារមូលបត្រទាំងពីរ បានចុះហត្ថលេខាពីចំងាយ។

តាមខ្លឹមសារនៃអនុស្សារណៈនេះភាគីទាំងពីរ បានព្រមព្រៀងគ្នាលើកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួនរួមមាន៖ ការចែករំលែកព័ត៌មានទៅវិញទៅមក ការសិក្សាស្រាវជ្រាវរួមគ្នា ការផ្លាស់ប្តូរបុគ្គលិក និងការអភិវឌ្ឍផលិតផលហិរញ្ញវត្ថុថ្មីៗជាដើម។

សូមជម្រាបថា ក្នុងខែមិថុនា ឆ្នាំ២០១៩ និយ័តករមូលបត្រកម្ពុជា និងគណៈកម្មការមូលបត្រចិន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការត្រួតពិនិត្យលើផលិតផលមូលបត្រ និងកិច្ចសន្យាអនាគត។ នាខែតុលាក្នុងឆ្នាំដដែល លោកប្រតិភូអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា បានចូលរួមក្នុងកម្មវិធីសិក្ខាសាលាអន្តរជាតិសម្រាប់ទីផ្សារភាគហ៊ុន ប្រចាំឆ្នាំ២០១៩ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទីផ្សារភាគហ៊ុនរបស់សៀងហៃ។ នាឱកាសនោះប្រមុខដឹកនាំនៃផ្សារមូលបត្រទាំងពីរ បានជួបពិភាក្សាគ្នាអំពីឱកាសនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។

ផ្សារមូលបត្រសៀងហៃ ជាផ្សារមូលបត្រមួយដ៏ធំក្នុងចំណោមផ្សារមូលបត្រធំៗនៅលើពិភពលោក ដោយផ្អែកលើទំហំមូលធនូបនីយកម្មសរុបរបស់ទីផ្សារ។ ទីផ្សារនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩០ហើយ មកទល់នឹងពេលបច្ចុប្បន្ន ផ្សារមូលបត្រសៀងហៃមានផលិតផលហិរញ្ញវត្ថុជាច្រើន ដូចជា ភាគហ៊ុន បណ្ណបំណុលមូលនិធិ និងឧបករណ៍និស្សន្ន។ ទីផ្សារមូលបត្រកម្មសិទ្ធិរបស់សៀងហៃ ត្រូវបានបែងចែកជា ទីផ្សារគោល និងទីផ្សារ ស្តារ (STAR Market) ដោយទីផ្សារទាំង២ មានចំនួនក្រុមហ៊ុនចុះបញ្ជីបូកបញ្ចូលគ្នាសរុបជាង ២០០០ក្រុមហ៊ុន គិតត្រឹមបំណាច់ខែតុលាឆ្នាំ២០២១។

តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃរបស់ទីផ្សារទាំងពីរ មានប្រមាណ៧០ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២១។

រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ ផ្សារមូលបត្រកម្ពុជាបានចុះអនុស្សរណៈ នៃការយោគយល់គ្នាជាមួយស្ថាប័នក្នុងស្រុក និងក្រៅស្រុកជាង១០ស្ថាប័ន។ កិច្ចសហប្រតិបត្តិការទាំងនោះផ្តោតសំខាន់ទៅលើ ការផ្សព្វផ្សាយ និងអភិវឌ្ឍទីផ្សារមូលបត្រនៃប្រទេសជាគូភាគី ការលើកកម្ពស់ការយល់ដឹងរបស់វិនិយោគិនខ្មែរ និងបរទេស លើទីផ្សារមូលបត្រកម្ពុជា និងកិច្ចសហប្រតិបត្តិការសំខាន់ៗដទៃជាច្រើនទៀត៕