(ភ្នំពេញ)៖ ខណៈដែលវិស័យអចលនទ្រព្យនៅកម្ពុជា កំពុងមានភាពចម្រើនគួរឱ្យកត់សម្គាល់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញឱ្យអ្នកជំនាញលើវិស័យអចលនទ្រព្យ រៀបចំស្តង់ដារវាយតម្លៃអចលនវត្ថុឱ្យបានឆាប់ សម្រាប់ប្រទេសដែលមិនទាន់មានស្តង់ដាវាយតម្លៃអចលនវត្ថុ ដូចជាកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍវិស័យអចលនវត្ថុ ប្រកបដោយចីរភាព, ស្ថិរភាព, ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងបែបនេះធ្វើឡើង ក្នុងឱកាសបើកសមាជលើកទី២៣ របស់សមាគមអ្នកវាយតម្លៃអាស៊ាន នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

លោកបានជំរុញឱ្យ អង្គសមាជពិនិត្យលទ្ធភាពក្នុងការគិតគូរ និងផ្តល់យោបល់លើចំណុចសំខាន់ៗមួយចំនួន ទៀតដូចជា រៀបចំស្តង់ដាអ្នកវាយតម្លៃអចលនវត្ថុរួមមួយ ក្នុងក្របខណ្ឌតំបន់អាស៊ាន, ជំរុញលើកកម្ពស់ការងារពង្រឹងសមត្ថភាពវិជ្ជាជីវៈ និង គុណវុឌ្ឍិអ្នកវាយតម្លៃអចលនវត្ថុ ឱ្យកាន់តែប្រសើរ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងឯកជន និងឯកជន, ឯកជន និងនិយ័តករ និងរវាងនិយ័តករ និងនិយ័តករផងដែរ, តាមរយៈការផ្លាស់ប្តូរជំនាញ និងបទពិសោធន៍, បច្ចេកវិទ្យា, ការវិនិយោគ និងអាជីវកម្មរួមគ្នា។

លោកបានសង្កត់ធ្ងន់ថា អ្នកវាយតម្លៃអចលនវត្ថុ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យអចលនវត្ថុ នៅក្នុងប្រទេស និងក្នុងតំបន់។ តាមរយៈយន្តការនៃសមាជអ្នកវាយតម្លៃអចលនវត្ថុអាស៊ាននេះ អ្នកចូលរួមនឹងអាចក្លាយជាធាតុចូលដ៏សំខាន់ សម្រាប់ការរៀបចំច្បាប់ បទប្បញ្ញត្តិ និងគោលនយោបាយ ពាក់ព័ន្ធវិស័យអចលនវត្ថុ នៅក្នុងប្រទេសសមាជិកទាំងអស់ ពិសេសនៅកម្ពុជាផ្ទាល់តែម្តង។

លោកគូសបញ្ជាក់បន្ថែមថា «ខ្ញុំសូមគាំទ្រ និងលើកទឹកចិត្ត ឱ្យមានការរៀបចំសមាជនៃសមាគមអ្នក-វាយតម្លៃអាស៊ាន នៅឆ្នាំក្រោយៗទៀត ដោយឈរលើមូលដ្ឋាននៃការពង្រឹងកិច្ចសហប្រតិបត្តិការ, ការសិក្សាស្វែងយល់ និងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកសំដៅពង្រឹងគុណភាព និងលើកកម្ពស់វិជ្ជាជីវៈនេះ ឱ្យកាន់តែទទួលបាននូវជំនឿទុកចិត្តពីសាធារណជនបន្ថែមទៀត ដើម្បីទទួលបាននូវកិត្យានុភាព និង ធានាបាននូវការប្រកួតប្រជែងជាមួយបណ្តាដៃគូ ដែលប្រកបធុរកិច្ចដូចគ្នានៅក្នុងតំបន់។ ជាមួយគ្នានេះដែរ, ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា នៅពេល ដែលសាធារណជន កាន់តែមានជំនឿទុកចិត្តចំពោះគុណភាពនៃការផ្តល់សេវាកម្មរបស់អ្នក វាយតម្លៃអចលនវត្ថុ គឺមានន័យថា អ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យនេះនឹងមានតួនាទីកាន់តែសំខាន់នៅក្នុងទីផ្សារអចលនវត្ថុ ទាំងនៅក្នុងប្រទេសរបស់ខ្លួន និងទាំងនៅក្នុងតំបន់អាស៊ានទាំងមូល ហើយការប្រើប្រាស់សេវាកម្មវាយតម្លៃក៏កាន់តែមានការរីកចម្រើនឡើងថែមទៀត»

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លើកឡើងថា អ្នកវាយតម្លៃអចលនវត្ថុ បានដើរតួនាទីសំខាន់បំផុត។ លោកសង្ឃឹមថា អ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យដែលមានជំនាញវិជ្ជាជីវៈ នឹងរៀបចំខ្លួនឱ្យមានស្តង់ដារ ដើម្បីឱ្យស្របទៅនឹងការរីកចម្រើនសេដ្ឋកិច្ច នាពេលអនាគត៕