(ស៊ីដនី)៖ ប្រទេសអូស្ត្រាលីនឹងចាំបាច់ត្រូវពិភាក្សាថ្នាក់រដ្ឋមន្ត្រីជាមួយប្រទេសចិន ដែលជាផ្នែកនៃដំណើរការសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចធំទី២របស់ពិភពលោកនេះក្នុងការចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្នាក់តំបន់។ នេះបើយោងតាមទីភ្នាក់ងារ Bloomberg។

លោក Dan Tehan រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអូស្រ្តាលីបានថ្លែងប្រាប់ទូរទស្សន៍ Bloomberg ពីប្រទេសសិង្ហបុរីនៅថ្ងៃនេះថា៖ «អ្នកត្រូវតែអង្គុយចុះ និងធ្វើការងារពាក់ព័ន្ធនឹងបញ្ហាលទ្ធភាពចូលទីផ្សារ។ ដូច្នេះយើងនឹងត្រូវការប្រភេទកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីមួយចំនួនដើម្បីឱ្យអាចធ្វើការងារអំពីលទ្ធភាពចូលទីផ្សារនោះ»

ការលើកឡើងនេះគូសបញ្ជាក់ពីភាពតានតឹងដែលកំពុងកើតមានរវាងប្រទេសចិន និងអូស្រ្តាលីដែលបានកើនឡើងកាន់តែខ្លាំងកាលពីឆ្នាំមុន នៅពេលដែលនាយរដ្ឋមន្ត្រីអូស្រ្តាលីលោក Scott Morrison បានអំពាវនាវឱ្យមានការស៊ើបអង្កេតដោយឯករាជ្យមួយដើម្បីស្វែងរកប្រភពដើមនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យទីក្រុងប៉េកាំងមានការខឹងសម្បារ។ ជាការឆ្លើយតប ប្រទេសចិនបានចាត់វិធានការពាណិជ្ជកម្មបែបពិន័យដោយផ្តោតទិសដៅលើទំនិញរបស់អូស្រ្តាលីរាប់ចាប់ពីធ្យូងថ្មរហូតដល់ស្រូវបាលី បង្កង និងស្រា។

បច្ចុប្បន្ននេះ ប្រទេសអូស្រ្តាលីកំពុងប្តឹងប្រទេសចិននៅឯអង្គការពាណិជ្ជកម្មពិភពលោកជុំវិញករណីការដកពន្ធលើស្រូវបាលី និងស្រា។ លោក Tehan កន្លងមកបានថ្លែងថា ប្រទេសណាមួយដែលដាក់ពាក្យសុំចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) នឹងចាំបាច់ត្រូវមានកំណត់ត្រាតាមដាន «អនុលោមភាពទៅនឹងការប្តេជ្ញាចិត្តរបស់ប្រទេសដាក់ពាក្យសុំនៅក្នុងកិច្ចព្រមព្រៀងរបស់អង្គការ WTO និងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានស្រាប់នានា»

ខណៈដែលលោក Tehan មានផែនការជួបជាមួយសមភាគីរបស់លោកមកពីប្រទេសផ្សេងទៀតនៅសប្តាហ៍នេះនៅវេទិកាសេដ្ឋកិច្ចថ្មី Bloomberg ក្នុងប្រទេសសិង្ហបុរី រួមទាំងលោកស្រី Gina Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកផងដែរនោះ កិច្ចសន្ទនារផ្លូវការមួយជាមួយប្រទេសចិនមិនត្រូវបានលើកឡើងឡើយនៅក្នុងរបៀបវារៈដែលត្រូវបានផ្សាយជាសាធារណៈរបស់លោក។

យោងតាមទីភ្នាក់ងារ Bloomberg បញ្ហាកិច្ចព្រមព្រៀង CPTPP ក៏មានភាពស្មុគស្មាញផងដែរដោយសារការដាក់ពាក្យសុំចូលរួមរបស់កោះតៃវ៉ាន់ ដោយសមាជិករបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះមានការខ្វែងគំនិតគ្នារវាងប្រទេសប្រជាធិបតេយ្យដូចជា ជប៉ុន អូស្រ្តាលី និងកាណាដាដែលជំរុញឱ្យមានការទទួលយកកោះតៃវ៉ាន់ជាសមាជិក ហើយប្រទេសអាស៊ីអាគ្នេយ៍មានទំនោរទៅរកប្រទេសចិន។

លោក Tehan បានថ្លែងថា លោកមិនមានការពិភាក្សាជាមួយកោះតៃវ៉ាន់នោះទេ ចាប់តាំងពីកោះនេះបានដាក់ពាក្យជាផ្លូវការចូលរួមក្នុងកិច្ចព្រមព្រៀងនេះនៅខែកញ្ញា។

លោក Tehan បានលើកឡើងអំពីកោះតៃវ៉ាន់ថា៖ «ដូចទៅនឹងអ្នកដាក់ពាក្យសុំធ្វើជាសមាជិកណាមួយផ្សេងទៀតដែរ វិធានដូចគ្នានឹងត្រូវអនុវត្តចំពោះគ្រប់ប្រទេសទាំងអស់ ដែលចង់ចូលរួមក្នុងកិច្ចព្រមព្រៀង CPTPP»