(ភ្នំពេញ)៖ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រាប់អំពីវិធីសាស្ដ្រ ដល់អ្នកដែលទើបតែចាប់ផ្ដើម វិនិយោគក្នុងវិស័យអចលនទ្រព្យជាលើកដំបូង កុំឲ្យជួបហានិភ័យ ក្នុងវិបត្ដិហិរញ្ញវត្ថុ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជាភាគច្រើន ត្រូវចេះសម្លឹងមើលឱកាស មុននឹងចាប់ផ្ដើមការវិនិយោគ ហើយមុននឹងវិនិយោគ យើងត្រូវដឹងអំពីលទ្ធភាព និងសមត្ថភាពរបស់ខ្លួនឯងជាមុនសិន តើប្រើប្រាស់ជាសាច់ប្រាក់ ឬក៏កម្ចីពីធនាគារ។

លោក ច្រឹក សុខនីម បានបញ្ជាក់ថា បើសិនជាយើងមានសាច់ប្រាក់សុទ្ធ លោកសូមលើកទឹកចិត្ដឲ្យបងប្អូន ជាអ្នកវិនិយោគជាបុគ្គល វិនិយោគនៅតាមជាយ រាជធានីភ្នំពេញ ដោយទិញទុកតែមួយរយៈ នឹងមានការចំណេញកើនឡើងគួរឲ្យកត់សម្គាល់។

បើសិនជាមានដើមទុនតិចវិញ លោក ច្រឹក សុខនីម បានគូសបញ្ជាក់ថា យើងត្រូវមើលពីសក្ដានុពលនៃការអភិវឌ្ឍន៍ ដូចជានៅក្នុងខេត្តកំពង់ស្ពឺ និងតាមផ្នែកខ្លះ នៃក្រវាត់ក្រុងទី៤ និងខេត្ដតាកែវ និងផ្នែកខ្លះទៀតនៃខេត្តព្រៃវែង ដោយយើងអាចមើលតាមតំបន់ទាំងអស់នេះ ដើម្បីធ្វើការវិនិយោគ នៅក្នុងរយៈពេលយូរ។

ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ានរូបនេះ បានឲ្យដឹងទៀតថា បើសិនជាយើងប្រើប្រាស់ហិរញ្ញប្បទាន ដែលចេញពីធនាគារវិញ លោកសូមលើកទឹកចិត្ដ ឲ្យវិនិយោគទៅលើផ្ទះ ឬក៏ខុនដូរ។

លោកថា ការវិនិយោគទៅលើផ្ទះ និងខុនដូរ វាទទួលបាននូវលំហូសាច់ប្រាក់ប្រចាំខែ ក្នុងករណីបើសិនជាយើងមិនស្នាក់នៅ ក៏យើងអាចដាក់ជួលឲ្យគេបាន ដោយមិន មានហានិភ័យធំ និងកុំឲ្យការវិនិយោគ លើវិស័យអចលនទ្រព្យ ជារឿងដែលធ្ងន់ធ្ងរលំបាក ដើម្បីដោះស្រាយជីវភាព សម្រាប់អ្នកវិនិយោគដំបូង៕