(ភ្នំពេញ)៖ លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានឲ្យដឹងថា ប្រមាណជា១០សប្ដាហ៍ចុងក្រោយនេះ ពោលរាប់ចាប់ពីខែសីហា ដល់ខែតុលា ឆ្នាំ២០២១ ការស្នើសុំរៀបចំឥណទានឡើងវិញរបស់អតថិជន មានចន្លោះត្រឹមតែ១០០-៥០០នាក់ប៉ុណ្ណោះក្នុងមួយសប្ដាហ៍។ សញ្ញាថយចុះនេះជាការបង្ហាញអំពីការវិលទៅរកស្ថានភាពល្អប្រសើរឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ លោក កាំង តុងងី បានបញ្ជាក់ថា «ក្នុងរយៈពេល១០សប្តាហ៍ចុងក្រោយនេះ ចំនួនអ្នកស្នើសុំរៀបចំឥណទានឡើងវិញ មានចន្លោះ១០០ទៅ៥០០នាក់ប៉ុណ្ណោះ ក្នុងមួយសប្តាហ៍មានការថយចុះច្រើន បើធៀបនឹងខែឧសភា និងខែមិថុនា ដែលមានអ្នកស្នើសុំរៀបចំឥណទានឡើងវិញ រហូតដល់១ម៉ឺននាក់ ក្នុងមួយសប្ដាហ៍»។

លោកបានបន្ថែមថា ការថយចុះនេះអាចវាយតម្លៃបានថា ផលប៉ះពាល់នៃជំងឺកូវីដ១៩ មានការធ្លាក់ចុះច្រើន ហើយចំណែកចំនួនអ្នកដែលរងផលប៉ះពាល់នៃជំងឺកូវីដ១៩ ក៏បានថយចុះតាមនេះដូចគ្នាដែរ ទាំងនេះជាសញ្ញាល្អប្រសើរមួយបង្ហាញថា សេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញបន្ដិចម្ដងៗហើយ។

លោកបន្ដថា ទោះជាស្ថានភាពល្អប្រសើរបែបនេះក្ដី ក៏សមាគមមីក្រូហិរញ្ញវត្ថុនឹងបន្តតាមដានដោយយកចិត្តទុកដាក់ នូវនិន្នាការផ្សេងៗ ដើម្បីការពារផលប៉ះពាល់ណាមួយដែលអាចនឹងកើតឡើងជាយថាហេតុ។

លោកបានបញ្ជាក់ថា «សម្រាប់គោលនយោបាយរៀបចំឥណទានឡើងវិញនឹងផុតកំណត់ត្រឹមដំណាច់ឆ្នាំ២០២១ ប៉ុន្តែវិស័យហិរញ្ញវត្ថុទាំងមូលកំពុងសិក្សា ជាមួយស្ថានប័នពាក់ព័ន្ធ ក្នុងការពន្យារគោលនយោបាយនេះ ដោយសារអតិថិជនមួយចំនួននៅតែរងផលប៉ះពាល់នៅឡើយ»។

លោក កាំង តុងងី បានបញ្ជាក់ថា សម្រាប់ការស្នើសុំរៀបចំឥណទានឡើងវិញគិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ មានអតិថិជនចំនួន៣៧៨,១៩៨នាក់ បានស្នើសុំរៀបចំឥណទានឡើងវិញ មកកាន់គ្រឹះស្ថានទាំង១១៥ ដែលជាសមាជិករបស់សមាគម ក្នុងនោះគ្រឹះស្ថានមីក្រូទទួលប្រាក់បញ្ញើ៦៦, មីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ១០, ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ១២, គ្រឹះស្ថានឥណទានជនបទ២៣ និងធនាគារចំនួន៤។ អតិថិជនចំនួន ៣៥៦,៧៧៥នាក់ស្មើនឹង៩៤ភាគរយ បានទទួលការរៀបចំឥណទាន ក្នុងទំហំឥណទានជាង១៧២០លានដុល្លា៕