(ភ្នំពេញ)៖ រយៈពេល១០ខែ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញទៅកាន់ប្រទេសជប៉ុន ក្នុងទំហំទឹកប្រាក់ជាង៩២០លានដុល្លារ កើនឡើង៥.២៧ភាគរយ ខណៈការនាំចូលពីជប៉ុន ក្នុងទឹកប្រាក់ជាង៤៩៥លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្មកម្ពុជា។

របាយការណ៍បានឲ្យដឹងទៀតថា ទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១នេះ សម្រេចបានសរុបប្រមាណ១,៤១៦លានដុល្លារ កើនឡើង១.៣០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ចំនួនប្រមាណ១,៣៩៧លានដុល្លារ។

ទំនិញដែលត្រូវបាននាំចេញពីកម្ពុជា ទៅជប៉ុនរួមមាន៖ វាយណ្ឌភាព, ស្បែកជើង, ស្បៀងអាហារ និងគ្រឿងអេឡិចត្រូនិក ជាដើម-ល-។ ចំណែកឯជប៉ុន នាំចូលមកកម្ពុជា រួមមាន៖ ស្បៀងអាហារ, ទំនិញឧស្សហកម្ម, ផលិតផលពេទ្យ, គ្រឿងម៉ាស៊ីន, ឡាន និងគ្រឿងអេឡិចត្រូនិកជាដើម -ល-។

វិនិយោគរបស់ជប៉ុន ត្រូវបានចាត់ទុកការវិនិយោគដ៏មានសក្តានុពលសម្រាប់កម្ពុជា។ ជាក់ស្ដែង គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២១ កម្ពុជាបានទទួលស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ របស់ជប៉ុនចំនួន ១៤៦គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ២,៨៥៣លានដុល្លារអាមេរិក។

ដើម្បីទាក់ទាញវិនិយោគិនជប៉ុន កាន់តែច្រើនឡើងថែមទៀត កម្ពុជាបាននិងកំពុងផ្សព្វផ្សាយនូវច្បាប់វិនិយោគថ្មី ដែលទើបត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ទ្រង់ឡាយព្រះហស្ថលេខា ប្រកាសដាក់ឲ្យបើប្រាស់នាពេលថ្មីៗនេះ។

លោក ម៉ាសាហ៊ីរ៉ុ មីខាមី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានឲ្យដឹងថា ច្បាប់វិនិយោគថ្មី នឹងជាយុទ្ធសាស្រ្តមួយដ៏មានប្រសិទ្ធភាព និងទាន់ពេលវេលា ក្នុងការស្ដារឡើង វិញនូវសេដ្ឋកិច្ច-សង្គម ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ព្រមទាំងធ្វើឲ្យកម្ពុជាក្លាយជាទិសដៅដ៏ទាក់ទាញ និងប្រកួតប្រជែងខ្ពស់មួយ នៅក្នុងតំបន់សម្រាប់ការវិនិយោគ។

លោក ម៉ាសាហ៊ីរ៉ុ មីខាមី ក៏បានបញ្ជាក់នូវការចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចជំរុញ និងទាក់ទាញវិនិយោគផ្ទាល់ពីជប៉ុនមកកម្ពុជា ដើម្បីឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាពសេដ្ឋកិច្ច នៃប្រទេសទាំងពីរ។

គូសបញ្ជាក់ថា ឆ្នាំ២០២០ កម្ពុជាបាននាំចេញ ទៅកាន់ប្រទេសជប៉ុន ក្នុងទំហំទឹកប្រាក់ជាង១ពាន់លានដុល្លារ ខណៈការនាំចូលពីជប៉ុន ចូលមកប្រទេសកម្ពុជាវិញ ក្នុងទំហំទឹកប្រាក់ជាង៦៣៧លានដុល្លារ៕