(គូឡាឡាំពួរ)៖ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Group ព្យាករថា អាជីវកម្មអាកាសចរណ៍នឹងវិលត្រលប់មករកភាពប្រក្រតីឡើងវិញក្នុងរយៈពេល ៣ខែខាងមុខ ប្រសិនបើមានការបើកចំហរព្រំដែនបន្ថែមទៀតក្នុងតំបន់ដោយមិនមានតម្រូវឱ្យធ្វើចត្តាឡីស័ក និងការធ្វើតេស្តរហ័ស និងតេស្តភីស៊ីអ (RT-PCR)។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតកាសែតបាងកកប៉ុស្តិ៍បានដកស្រង់សំដីរបស់លោក Tony Fernandes អគ្គនាយកក្រុមហ៊ុន AirAsia Group ខណៈថ្លែងថា ក្រុមហ៊ុនរបស់លោកមានផែនការ និងត្រៀមកម្លាំងការងាររួចហើយ ខណៈដែលតម្រូវការបានកើនឡើង ដូចជាការបើកកោះឡាំងកាវីឡើងវិញ ជាទីដែលក្រុមហ៊ុន AirAsia បានលក់សំបុត្របានជាង ៣សែនសំបុត្រ។

លោកមានប្រសាសន៍ថា៖ «បើព្រំដែនបើកចំហរឡើងវិញនៅថ្ងៃស្អែកដោយគ្មានការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត RT-PCR យើងនឹងវិលត្រលប់មករកភាពធម្មតាវិញក្នុងរយៈពេល ៣ខែ»

ទោះជាយ៉ាងណា ការបើកព្រំដែនឡើងវិញអាស្រ័យលើសេចក្តីសម្រេចរបស់រដ្ឋាភិបាលរបស់ប្រទេសនីមួយៗ ដែលចាំបាច់ត្រូវការសេចក្តីក្លាហានគ្រប់គ្រាន់ដើម្បីរស់នៅជាមួយជំងឺកូវីដ-១៩ ដូចដែលរដ្ឋាភិបាលទាំងនោះបានរស់នៅជាមួយជំងឺសារ និងជំងឺផ្សេងទៀតកាលពីអតីតកាល ជាពិសេសបន្ទាប់ពីវ៉ាក់សាំងត្រូវបានផលិតឡើង និងត្រូវបានចាក់នៅទូទាំងពិភពលោក។

លោក Fernandes បានបន្ថែមថា៖ «តំបន់អាស៊ីប៉ាស៊ីហ្វិកស្ថិតនៅក្រោយអឺរ៉ុប និងអាមេរិក ប៉ុន្តែខ្ញុំមានភាពសុទិដ្ឋិនិយម ខណៈដែលប្រទេសសិង្ហបុរី ថៃ និងប្រទេសផ្សេងទៀតបានចាប់ផ្តើមបើកចំហរ»

ក៏មានវឌ្ឍនភាពផងដែរនៅក្នុងចរាចរណ៍ផ្លូវអាកាសបន្ទាប់ពីព្រំដែនត្រូវបានបើចំហរ ខណៈដែលជើងហោះហើរមួយចំនួនថ្មីៗនេះបានបើកដំណើរការឡើងវិញដល់ចំនួន ៧០០ជើងហោះហើរធៀបនឹងចំនួន ៦៦ នៅខែកញ្ញា។

លោក Fernandes មានប្រសាសន៍ថា ក្រុមហ៊ុននឹងចំណាយពេលប្រហែលពី ៦ ទៅ ៩ខែដើម្បីវិលទៅរកកម្រិតមុនពេលមានជំងឺកូវីដ ខណៈដែលប្រទេសចិនរក្សាអនុវត្តគោលនយោបាយមិនឱ្យមានជំងឺកូវីដ ហើយនឹងក្លាយជាទិសដៅចុងក្រោយគេដែលបើកចំហរឡើងវិញ។ នេះបើយោងតាមកាសែតភ្នំពេញប៉ុស្តិ៍៕