(ហុងកុង)៖ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Evergrande Group ដែលកំពុងជាប់បំណុលវ័ណ្តករបស់ប្រទេសចិន បានគេចផុតពីការបរាជ័យសងការប្រាក់បំណុលនៅនាទីចុងក្រោយជាលើកទី៣ ក្នុងរយៈពេល ១ខែ ដោយប្រភពមួយបានឱ្យដឹងថា ម្ចាស់មូលបត្របំណុលមួយចំនួនបានទទួលការទូទាត់សងការប្រាក់ដែលបង់យឺតយ៉ាវ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុន Evergrande ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាប់បំណុលច្រើនជាងគេបំផុតក្នុងពិភពលោក បាននិងកំពុងជម្នះឧបសគ្គក្នុងការទូទាត់សងបំណុលពីកាលបរិច្ឆេទកំណត់មួយទៅកាលបរិច្ឆេទកំណត់មួយក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ ខណៈដែលក្រុមហ៊ុនមានបំណុលជាង ៣០០ប៊ីលានដុល្លារ ដែលក្នុងចំណោមនោះ ១៩ប៊ីលានដុល្លារគឺជាមូលបត្របំណុលនៅទីផ្សារអន្តរជាតិ។

សារព័ត៌មានចិន Cailianshe បានរាយការណ៍ថា ម្ចាស់មូលបត្របំណុលមួយចំនួនបានទទួលការទូទាត់ការប្រាក់ (អត្រាគូប៉ង់) សម្រាប់មូលបត្របំណុល ៣ចំណែក ដែលសរុបមានទឹកប្រាក់ជាង ១៤៨លានដុល្លារដែលបានផុតកំណត់កាលពីខែមុន។

ការទូទាត់សងការប្រាក់បំណុលនេះត្រូវបានធ្វើឡើងបន្ទាប់ពីបញ្ចប់រយៈពេលអនុគ្រោះ ៣០ថ្ងៃ ដែលបានបញ្ចប់កាលពីថ្ងៃពុធ ដែលដូចទៅនឹងករណីពីរផ្សេងទៀតនៃការទូទាត់សងការប្រាក់បំណុលបរទេស ដែលបានបង់សងយឺតកាលពីចុងខែកញ្ញា ហើយរយៈពេលអនុគ្រោះបានចប់កាលពីខែតុលា។

ការបរាជ័យក្នុងការសងការប្រាក់បំណុលណាមួយ នឹងបង្កឱ្យមានការបរាជ័យផ្លូវការសម្រាប់ក្រុមហ៊ុនមួយនេះ និងជំរុញឱ្យមានអនុវត្តបទប្បញ្ញត្តិបរាជ័យសងបំណុលឆ្លងផ្នែក (បរាជ័យបំណុលមួយទៅបំណុលមួយទៀត) សម្រាប់មូលបត្របំណុលជាប្រាក់ដុល្លារផ្សេងទៀតរបស់ក្រុមហ៊ុន Evergrande ដែលនឹងកាន់តែបង្កឱ្យមានវិបត្តិបំណុលកាន់តែធ្ងន់ធ្ងរនៅក្នុងប្រទេសមានសេដ្ឋកិច្ចធំទីពីរក្នុងពិភពលោកមួយនេះ ដែលបានធ្វើឱ្យរង្គោះរង្គោះទីផ្សារពិភពលោក។

ក្រុមហ៊ុន Evergrande មិនបានឆ្លើយតបទៅនឹងសំណើសុំធ្វើការអត្ថាធិប្បាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រឡើយទាក់ទងនឹងការទូទាត់សងការប្រាក់សម្រាប់មូលបត្របំណុលចុងក្រោយរបស់ក្រុមហ៊ុននេះ។

បើទោះជាក្រុមហ៊ុនអភិវឌ្ឍន៍មួយនេះអាចគេចផុតពីការបរាជ័យសងបំណុលម្តងទៀតក៏ដោយ ក៏បញ្ហានៅក្នុងវិស័យអចលនទ្រព្យមិនបានបង្ហាញសញ្ញាស្រាកស្រាន្តឡើយ ដោយជញ្ជាំងបំណុលស្ថិតនៅផ្លូវខាងមុខជានិច្ច។

ក្រុមហ៊ុន Evergrande ត្រូវទូទាត់សងការប្រាក់សរុបចំនួនជាង ២៥៥លានដុល្លារដែលត្រូវដល់ពេលត្រូវសងនៅថ្ងៃទី២៨ ខែធ្នូ។ ក្រុមហ៊ុនស្ថិតនៅក្រោមសម្ពាធពីម្ចាស់បំណុលផ្សេងទៀតនៅក្នុងប្រទេស ហើយបញ្ហាខ្វះមូលិធិបានបង្កឱ្យមានឧបសគ្គដល់គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានរបស់ក្រុមហ៊ុនរាប់រយគម្រោង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕