(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែតុលា និងសម្រាប់រយៈពេល ១០ខែ ឆ្នាំ២០២១ ព្រមទាំងទិសដៅ សម្រាប់អនុវត្តបន្ត ដែលរៀបចំតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដោយមានការចូលរួមរបស់ លោក អគ្គ-នាយករង លោកប្រធាន-អនុប្រធាននាយកដ្ឋាន លោកប្រធានសាខាពន្ធដារខេត្ត-ខណ្ឌ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការពន្ធដារពាក់ព័ន្ធទាំងអស់ ក្រោមចំណុះរបស់អគ្គនាយកដ្ឋានពន្ធដារ។

ចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបង្ហាញថា ក្នុងខែតុលា ឆ្នាំ២០២១ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៨៤២,៦២ ប៊ីលានរៀល (ប្រមាណជា ២០៨,០៥ លានដុល្លារអាមេរិក) ស្មើនឹង ៩,២៨% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១។ ប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែតុលា ឆ្នាំ២០២០ ឃើញថាកើនឡើងចំនួន ៥០,៧១ ប៊ីលានរៀល (ប្រមាណជា ១២,៥២ លានដុល្លារអាមេរិក) ស្មើនឹង ៦,៤០%។

សរុបរយៈពេល ១០ខែ ឆ្នាំ២០២១ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៩ ៣៧៧,៩៦ ប៊ីលានរៀល (ប្រមាណជា ២ ៣១៥,៥៥ លានដុល្លារអាមេរិក) ស្មើនឹង ១០៣,២៣% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២០ ឃើញថាថយចុះចំនួន ៤៩៩,៥១ ប៊ីលានរៀល (ប្រមាណជា ១២៣,៣៤ លានដុល្លារអាមេរិក) ស្មើនឹង -៥,០៥%។

គួរបញ្ជាក់ថា ឆ្លងកាត់ស្ថានភាពដ៏លំបាកនៃការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់រយៈពេល ១០ខែ ឆ្នាំ២០២១ ទោះបីជាមិនប្រសើរជាងរយៈពេលដូចគ្នាឆ្នាំ២០២០ ក៏ប៉ុន្តែអាចនៅមានស្ថានភាពល្អប្រសើរដោយសម្រេចបានលទ្ធផលលើសការរំពឹងទុក និងផែនការហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២១។

លទ្ធផលជាទីមោទនៈនេះ គឺមិនអាចកាត់ផ្តាច់ចេញពី ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាពិសេសការគ្រប់គ្រង ស្ថានការណ៍នៃជំងឺកូវីដ-១៩ បានពេញលេញនិងមានប្រសិទ្ធិភាពខ្ពស់ តាមរយៈចាត់វិធានការជាយុទ្ធសាស្ត្រ ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា ប្រកបដោយស្មារតីបុរេសកម្ម និងទាន់ពេលវេលា ដែលអាចកសាងភាពធនរបស់សហគមនទៅនឹងជំងឺរីកត្បាតនេះ ហើយជំរុញឲ្យប្រទេសជាតិ អាចបើកដំណើរការ សេដ្ឋកិច្ចឡើងវិញ នៅក្នុងខែវិច្ឆិកានេះ ព្រមទាំងក្រោមការដឹកនាំចង្អុលបង្ហាញប្រកបដោយភាពឈ្លាសវៃ និងការដាក់ផែនការយ៉ាងមុតស្រួចរបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

លោករដ្ឋមន្ត្រីប្រតិភូ បានវាយតម្លៃខ្ពស់ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារគ្រប់ជាន់ថ្នាក់ នៅតាមអង្គភាពក្រោមឱវាទ អគ្គនាយកដ្ឋានពន្ធដារ ដែលបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការខិតខំប្រឹងប្រែងប្រមូលចំណូល ដែលទទួលបានលទ្ធផលយ៉ាងល្អប្រសើរ សម្រចលើសផែនការ ដែលបានគ្រោងទុក ដែលនេះគឺជាជោគជ័យ និងសមិទ្ធផលរួមរបស់អគ្គនាយកដ្ឋានពន្ធដារទាំងមូល ទោះបីស្ថិតក្នុងដំណាក់កាលដ៏លំបាកនៃជំងឺរាតត្បាតកូវីដ ១៩ នេះក្តី៕