(ភ្នំពេញ)៖ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia និងជាម្ចាស់គម្រោងបុរីវិមានសំណាង បានអះអាងថា តម្លៃអចលនទ្រព្យនៅតំបន់មហាវិថីឈ្នះឈ្នះ នឹងផ្ទុះឡើងកាន់តែខ្លាំងនា ៥ឆ្នាំក្រោយ ដូចពាក្យគេថា មហាវិថីឈ្នះឈ្នះ ថ្ងៃក្រោយនឹងក្លាយទៅជាមហាវិថីព្រះមុនីវង្សដែរ។

អ្នកជំនាញខាងលើ បានបង្ហាញសុទិដ្ឋិនិយម ចំពោះការលើកឡើងថា «មហាវិថីឈ្នះឈ្នះ ថ្ងៃក្រោយនឹងក្លាយទៅជាមហាវិថីព្រះមុនីវង្ស» ដែលមានន័យថា ថ្ងៃក្រោយសកម្មភាពជាច្រើន រួមទាំងវិស័យអចលនទ្រព្យតំបន់នេះ នឹងឡើងថ្លៃ ព្រោះជាតំបន់យុទ្ធសាស្ដ្រចេញ-ចូលពីបណ្ដាខេត្តជាង ១០មករាជធានីភ្នំពេញ ស្របពេលមានគម្រោងរដ្ឋ និងឯកជនធំៗជាច្រើន នៅបើកដំណើរការជាបន្ដបន្ទាប់នៅតំបន់នេះ។

ការគូសបញ្ជាក់បែបនេះ បន្ទាប់ពីលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់សិទ្ធលក់បុរីវិមានសំណាង ដល់លោក ស៊ីម តារា ស្ថាបនិក SiM DARA Academy នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីគម្រោងបុរី ដែលផ្ដោតការសាងសង់តែវីឡាលំដាប់អភិជននេះ គ្រោងបើកដំណើការសាងសង់លើបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ លើផ្ទៃដី ២៥ហិចតា និងត្រៀមប្រកាសលក់នាពេលឆាប់ៗខាងមុខ។

លោកបន្ដថា «ខ្ញុំគិតថា ៥ឆ្នាំក្រោយ នៅពេលយើងបញ្ចប់ការសាងសង់ និងលក់ ១០០% នៃបុរីវិមានសំណាង តំបន់ហ្នឹង នឹងក្លាយជាបច្ចុប្បន្ន ២ដងយ៉ាងតិច ដែលគេនិយាយថា ថ្ងៃក្រោយមហាវិថីឈ្នះៗ នឹងក្លាយទៅដូចជាមហាវិថីព្រះមុនីវង្សអ៊ីចឹង ។ ចឹងយើងចាំមើល ៥ឆ្នាំក្រោយ តម្លៃអចលនទ្រព្យតំបន់ហ្នឹង នឹងកើនឡើងច្រើនដង បើធៀបនឹងតម្លៃបច្ចុប្បន្ន។ នេះគឺជាមូលហេតុ ដែលយើងជ្រើសរើសទីតាំងនេះដើម្បីធ្វើបុរី»

សូមបញ្ជាក់ថា មហាវិថីឈ្នះឈ្នះ ក្រៅពីជាវិថីដ៏សំខាន់ ដើម្បីសម្រួលចរាចរណ៍ផ្លូវគោក nigជំរុញដំណើរការសេដ្ឋកិច្ច ក៏ដូចជាអាជីវកម្មតូចធំ ពិសេសលើកកម្ពស់តម្លៃវិស័យអចលនទ្រព្យហើយនោះ ក៏ជាវិថីមួយ ដែលកំពុងត្រូវបានយកចិត្តទុកដាក់ ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបន្ថែម ពីសំណាក់អាជ្ញាធរ ដើម្បីត្រៀមដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ នៃការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ផងដែរ៕