(សិង្ហបុរី)៖ របាយការណ៍ឧស្សាហកម្មមួយបានបង្ហាញថា សេដ្ឋកិច្ចអនឡាញរបស់តំបន់អាស៊ីអាគ្នេយ៍ត្រូវបានព្យាករថានឹងកើនឡើងដល់ ១ទ្រីលានដុល្លារនៅត្រឹមឆ្នាំ២០៣០ ខណៈដែលមនុស្សរាប់សិបលាននាក់បន្ថែមទៀតទិញទំនិញអនឡាញ និងជ្រើសរើសយកការដឹកជញ្ជូនអាហារតាមអនឡាញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

របាយការណ៍ដែលចេញផ្សាយរួមគ្នាដោយក្រុមហ៊ុន Google ក្រុមហ៊ុន Temasek Holdings របស់សិង្ហបុរី និងក្រុមហ៊ុន Bain & Company ដែលជាក្រុមហ៊ុនផ្តល់ប្រឹក្សាអាជីវកម្មលំដាប់ពិភពលោក បានបង្ហាញថា អ្នកប្រើប្រាស់អ៊ីនធឺណិតនៅតំបន់អាស៊ីអាគ្នេយ៍បានកើនឡើង ៦០លាននាក់ថែមទៀតគិតចាប់តាំងពីចាប់ផ្តើមកើតមានការរីករាលដាលជំងឺកូវីដ-១៩ ដែលធ្វើឱ្យអ្នកប្រើប្រាស់សរុបមានចំនួន ៤៤០នាក់។

តំបន់ដែលមាន ១១ប្រទេសនេះ គឺជាទីផ្សារមួយក្នុងចំណោមទីផ្សារអ៊ីនធឺណិតដែលរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារប្រជាជនវ័យក្មេង ការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនកើនឡើងឆាប់រហ័សនិងនគរូបនីយកម្ម ព្រមទាំងការកើនឡើងប្រជាជនវណ្ណៈកណ្តាល។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ឧស្សាហកម្មអនឡាញសម្រាប់តំបន់អាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងកើនឡើងពីប្រហែល ១៧៤ប៊ីលានដុល្លារបើគិតជាបរិមាណទំនិញសរុប (GMV) នៅចុងឆ្នាំ២០២១ ដល់ ៣៦០ប៊ីលានដុល្លារនៅត្រឹមឆ្នាំ២០២៥ និងដល់ ១ទ្រីលានដុល្លារនៅត្រឹមឆ្នាំ២០៣០។ កំណើននេះត្រូវបានជំរុញជាចម្បងដោយសារកំណើនពាណិជ្ជកម្មអេឡិចត្រូនិច និងការដឹកជញ្ជូនអាហារ ខណៈដែលអ្នកប្រើប្រាស់ជាប់គាំងនៅផ្ទះ ហើយងាកមកប្រើប្រាស់អ៊ីនធឺណិត។

របាយការណ៍ដែលគ្របដណ្តប់លើប្រទេសឥណ្ឌូនេស៊ី ថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី និងហ្វីលីពីននេះ បានរកឃើញថា បរិមាណទំនិញសរុប (GMV) តាមពាណិជ្ជកម្មអេឡិចត្រូនិចត្រូវបានរំពឹងថានឹងកើនឡើងទ្វេដងដល់ ១២០ប៊ីលានដុល្លារនៅចុងឆ្នាំនេះ និងកើនឡើងដល់ ២៣៤ប៊ីលានដុល្លារនៅឆ្នាំ២០២៥។

ប្រទេសទាំងអស់ដែលត្រូវបានរាយការណ៍ក្នុងរបាយការណ៍នេះ ទទួលបានកំណើនពីរខ្ទង់ក្នុងឆ្នាំ២០២១ ដោយឥណ្ឌូនេស៊ីដែលជាប្រទេសមានប្រជាជនច្រើនជាងគេ មានចំណែក ៤០% នៃ GMV សរុបរបស់តំបន់អាស៊ីអាគ្នេយ៍ ពោលគឺមាន ៧០ប៊ីលានដុល្លារ។ នេះបើយោងតាមរ៉យទ័រ៕