(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា ច្បាប់វិនិយោគថ្មី នឹងចូលរួមចំណែកក្នុងការធ្វើឲ្យកម្ពុជា ទាញយកផលប្រយោជន៍ បានជាអតិបរមាពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីនានា ដែលរាជរដ្ឋាភិបាលបានខិតខំសម្រេចបាននាពេលថ្មីៗនេះ ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល អ្នកឧកញ៉ា គិត ម៉េង ចូលរួមក្នុងសិក្ខាសាលាតាមប្រព័ន្ធវីដេអូ ស្ដីពីការផ្សព្វផ្សាយច្បាប់វិនិយោគថ្មី ជូនថ្នាក់ដឹកនាំ និងសមាជិកសភាពាណិជ្ជកម្មកម្ពុជា ចំនួនប្រមាណ៤០០នាក់ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

សិក្ខាសាលានេះ រៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមកិច្ចសហការ ជាមួយសភាពាណិជ្ជកម្មកម្ពុជា ក្រោមអធិបតីភាពលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន ក្នុងនោះ អ្នកឧកញ៉ា គិត ម៉េង បានឲ្យដឹងថា ការអនុម័ត ដាក់ឲ្យប្រើនូវច្បាប់វិនិយោគថ្មី ពិតជាមានសារៈសំខាន់ និងចំពេល ខណៈដែលកម្ពុជាត្រូវស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩។

អ្នកឧកញ៉ា គិត ម៉េង បានបន្ថែមទៀតថា ច្បាប់វិនិយោគថ្មីនេះ នឹងចូលរួមចំណែក ក្នុងការធ្វើឲ្យកម្ពុជាទាញយកផលប្រយោជន៍ បានជាអតិបរមាពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីនានា ដែលរាជរដ្ឋាភិបាលបានខិតខំ សម្រេចបាននាពេលថ្មីៗនេះ។

ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង ក៏បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្តល់ឱកាសដល់សភាពាណិជ្ជកម្មកម្ពុជា ចូលរួមក្នុងកិច្ច ពិគ្រោះយោបល់ក្នុងដំណើរការនៃការតាក់តែង និងបានទទួលយកសំណូមពរ របស់ផ្នែកឯកជនដាក់បញ្ចូលក្នុងច្បាប់ ស្តីពីវិនិយោគថ្មីនេះ។

អ្នកឧកញ៉ា គូសបញ្ជាក់ថា ផ្នែកឯកជនបានសាទរ ដល់ការដាក់ដំណើរការនៃច្បាប់នេះ និងបានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃច្បាប់ នេះ នឹងពិតជាបង្កើតបាននូវក្របខ័ណ្ឌគតិយុត្ត ដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន និងប្រកប ដោយភាពអំណោយផល ដល់ការវិនិយោគ។

បន្ថែមពីនោះទៀត អ្នកឧកញ៉ា គិត ម៉េង បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងពីច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា មកកាន់វិស័យឯកជនផងដែរ។

លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ច្បាប់វិនិយោគថ្មីនេះ ត្រូវបានតាក់តែងឡើង ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចដែលបង្កឡើង ដោយភាពតានតឹងពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ច, បដិវត្តឧស្សាហកម្មទី៤, បរិវត្តឌីជីថល, និងការរអាក់រអួលនៃខ្សែច្រវាក់តម្លៃសាកល ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩។

ច្បាប់វិនិយោគថ្មីនេះ ក៏បានផ្តល់ការគិតគូរដល់ការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមផងដែរ តាមរយៈការផ្តល់ការលើកទឹកចិត្ត ដល់សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យអាទិភាព និងការជំរុញការតភ្ជាប់ជាមួយ សហគ្រាសខ្នាតធំ។

លោកក៏បានលើកឡើងថា ភាពជាដៃគូរវាងរាជរដ្ឋាភិបាលនិងផ្នែកឯកជនគឺជាកត្តាដ៏ចាំបាច់មិនអាចខ្វះបាន ដែលត្រូវបំពេញឲ្យគ្នាទៅវិញទៅមក ក្នុងការជួយឲ្យសេដ្ឋកិច្ចមានភាពលូតលាស់ ហើយមិនមែនតែការវិនិយោគផ្ទាល់មក ពីបរទេសទេ ដែលមានសារៈសំខាន់ ប៉ុន្តែការវិនិយោគដោយ វិនិយោគិនក្នុងស្រុកក៏បានចូលរួម និងនឹងចូលរួមក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

គូសបញ្ជាក់ថា ច្បាប់វិនិយោគថ្មី ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ឡាយព្រះហត្តលេខា ប្រកាសដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១៕