(ភ្នំពេញ)៖ ស្ករត្នោតកំពង់ស្ពឺ ដែលជាទំនិញសម្គាល់ម៉ាកភូមិសាស្រ្ត (GI) ទទួលបានការបញ្ជាទិញច្រើន ពីទីផ្សារអន្តរជាតិ ខណៈសមាគម នៅតែគ្មានលទ្ធភាពផលិតគ្រប់តម្រូវការនៅឡើយ ដោយសារកង្វះកម្លាំងពលកម្ម។ នេះបើតាមការលើកឡើងរបស់លោក សំ សារឿន ប្រធានសហគមន៍ស្ករត្នោតខេត្តកំពង់ស្ពឺ ប្រាប់បណ្តាញព័ត៌មាន Fresh News។

លោកបានឱ្យដឹងថា បន្ទាប់ពីស្ករត្នោតកំពង់ស្ពឺ ចុះបញ្ជីនៅសហភាពអឺរ៉ុប ថៃ និងវៀតណាមរួចមក ទីផ្សារស្ករត្នោតកំពង់ស្ពឺ កាន់តែទូលំទូលាយ ដែលកន្លងមកនេះ បាននាំចេញទៅ១៥ប្រទេស ក្នុងតំបន់អាស៊ី និងអឺរ៉ុប។

លោកបានបញ្ជាក់ថា «ឥឡូវនេះបញ្ហាស្ករត្នោត គឺទូលំទូលាយ ដោយឡែកតែផលិតករយើង ដែលគាត់ផលិតអត់ទាន់គ្រប់នូវគោលដៅ តម្រូវការរបស់ក្រុមហ៊ុននីមួយៗ។ ជាក់ស្តែងដូចក្រុមហ៊ុនហ្វីនីឆ័រហ្ក្រូអេស៊ា គាត់មានទីផ្សារធំដែរ ក៏ប៉ុន្តែមុននឹងចុះកុងត្រាជាមួយគេ លុះត្រាតែមានកុងត្រាជាមួយយើងសិន ថាតើយើងផ្គត់ផ្គង់ឱ្យគាត់បានប៉ុន្មាន ហេតុដូច្នេះបានជួបបញ្ហា។ ទីផ្សារស្ករឆ្នាំនេះ បើនិយាយទៅតាំងពីចុះបញ្ជីនៅសហគមន៍អឺរ៉ុប និងថៃ និងវៀតណាម ឃើញថាក្រោយចុះបញ្ជីមកទីផ្សារ គឺឡើងខ្ពស់ បញ្ហាទីផ្សារមិនខ្វះទេ គឺខ្វះផលិតផលទៅវិញ។ បើតាមតែពួកគាត់ផលិតវាបានច្រើនហើយ ក៏ប៉ុន្តែមានកសិករមួយចំនួន គាត់អត់ចង់ផលិតស្ករសម្រាប់នាំចេញ គាត់ចង់ផលិតស្ករ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក គឺប្រភេទស្ករសាច់»

លោកបន្តថា នៅឆ្នាំ២០២១នេះ សមាគមផលិតបានប្រមាណជា២០០តោន ប្រភេទស្ករសេរីរាង្គ និងស្ករ GI សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងសម្រាប់ធ្វើការនាំចេញ។ នៅឆ្នាំ២០២២ខាងមុខនេះ ក្រុមហ៊ុនមួយចំនួន បានដាក់ការបញ្ជាទិញពីសមាគមបានជិត១០០តោនហើយ សម្រាប់ការនាំចេញ។

នៅឆ្នាំក្រោយនេះ គ្រោងពង្រីកទីផ្សារបន្ថែម នៅប្រទេសចិន ម៉ាឡេស៊ី និងស្វីស ខណៈកន្លងមកនាំចេញទៅចិន និងម៉ាឡេស៊ី មានចំនួនតិចតួចនៅឡើយ។

«អាចពង្រីកបានហើយ ពីព្រោះមកដល់ថ្មីៗនេះ ខាងស្ថានទូតនៅម៉ាឡេស៊ី ស្នើសុំគម្រូយកទៅតាំងពិព័រណ៍បង្ហាញនៅម៉ាឡេស៊ី ហើយយើងបានឱ្យខិត្តបណ្ណទៅមួយចំនួនទៀត ដើម្បីដាក់ទៅម៉ាឡេស៊ី ទៅចិនបន្ថែមទៀត ហើយនឹងយើងទៅហ្សឺណែវ ប្រទេសស្វីស»។ លោក សំ សារឿន លើកឡើងបន្ថែម។

បើតាមប្រធានសហគមន៍ស្ករត្នោតកំពង់ស្ពឺរូបនេះ បច្ចុប្បន្ននេះសមាជិករបស់សមាគម ដែលកំពុងផលិតស្ករសម្រាប់នាំចេញ មានចំនួន១៥០គ្រួសារ។ ដោយសារតែតម្រូវការទីផ្សារច្រើន សមាគមនឹងពង្រីកផលិតកម្ម ដោយគ្រោងបង្កើនចំនួនសមាជិកឱ្យ២៥០នាក់ ដើម្បីផលិតស្ករ តាមកិច្ចសន្យារបស់សមាគម និងក្រុមហ៊ុន។

ចំពោះតម្លៃវិញនៅឆ្នាំនេះកើនឡើងដល់៧០០០រៀលក្នុងមួយគីឡូក្រាម លើសឆ្នាំមុន២០០រៀល ដែលកសិករទទួលបានតែតម្លៃ ៦៨០០រៀលក្នុងមួយគីឡូ។

ស្ករត្នោតកំពង់ស្ពឺ ត្រូវបានទទួលស្គាល់ជាផលិតផលសម្គាល់ភូមិសាស្ដ្រ (GI) កាលពីឆ្នាំ២០១០ និងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តការពារ (PGI) របស់សហភាពអឺរ៉ុប នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ដោយទទួលបាន នូវការស្គាល់ថា ជានិមិត្តរូបនៃប្រទេសកម្ពុជា ដោយស្ករនេះ ត្រូវបានផលិតចេញពីទឹកត្នោត ដែលបានប្រមូលនិងកែច្នៃនៅ ខេត្តកំពង់ស្ពឺ៕