(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ការប្រមូលចំណូលពន្ធដារ សម្រាប់ឆ្នាំ២០២១នេះ ត្រូវបានព្យាករណ៍ថា នឹងលើសពីផែនការដែលបានកំណត់ ១៥% ខណៈការប្រមូលចំណូលពន្ធ១០ខែឆ្នាំនេះ លើសផែនការ៣% បើទោះជារដ្ឋផ្តល់ការអនុគ្រោះលើកលែងពន្ធ ដល់វិស័យមួយចំនួន ដោយសារជួបវិបត្តិកូវីដ១៩ ក៏ដោយ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ ឧបករណ៍វាស់ចំណុះស្រាបៀរនៅក្នុងរោងចក្រផលិតស្រា បៀររបស់ក្រុមហ៊ុន HEINEKEN នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ លោក គង់ វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា «ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ២០២១នេះ មានការធ្លាក់ចុះបន្តិច ជាងឆ្នាំ២០២០ ដោយសារតែវិស័យមួយចំនួន ច្បាប់បានអនុញ្ញាតឱ្យលើកលែងពន្ធ អីចឹងវាមានការថយចុះខ្លះ តែមិនអាក្រក់ជាងឆ្នាំ២០២០នោះទេ។ បើគិតពីផែនការប្រមូលពន្ធក្នុងរយៈពេល១០ខែនេះ លើស៣%។ [....] អីចឹងរហូតរហូតដល់ចុងឆ្នាំ យើងមាន២ខែទៀត ដើម្បីប្រមូល ប្រហែលជាមិនតិចជាង១៥%ទេ គឺលើស។ ហើយអ្វីដែលថា ការប្រមូលពន្ធនេះវាលើសផែនការ សួរថាការព្យាករណ៍នេះវាខុស? មិនខុសទេ»

លោកបានបន្តថា ការប្រមូលពន្ធលើសផែននេះ ដោយសារអគ្គនាយដ្ឋានពន្ធដារ បានធ្វើការកែទម្រង់ការប្រកាសពន្ធតាមប្រព័ន្ធអនឡាញ ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ភាពងាយស្រួល ដល់សហគ្រាសទាំងអស់នៅកម្ពុជាបង់ពន្ធ ការពង្រឹងអភិបាលកិច្ចល្អ និងតម្លៃភាព ដែលធ្វើឱ្យប្រាក់បង់ពន្ធមិនជ្រុះបាត់ ដោយហូរចូលក្នុងច្រករាជរដ្ឋាភិបាលតែមួយ ។

លោក គង់ វិបុល បានឱ្យដឹងបន្ថែមថា កាលពីកន្លងមកទៅ រាជរដ្ឋាភិបាលបានប្រកាសលើកលែងពន្ធ លើវិស័យមួយចំនួន ដូចជាវិស័យទេសចរណ៍ អាកាសចរណ៍ ដែលជាវិស័យរងគ្រោះខ្លាំង បង្កឡើងដោយជំងឺកូវីដ១៩ រហូតដល់ចុងឆ្នាំ២០២១។ បើទោះបីជារាជរដ្ឋាភិបាលដំណើរការសេដ្ឋកិច្ចឡើងវិញ ប៉ុន្តែវិស័យទាំងនេះ នឹងត្រូវទទួលបានការអនុគ្រោះពន្ធចំនួន៦ខែបន្ថែមទៀត នៅឆ្នាំ២០២២ខាងមុខ ពោលគឺលែងលែងពន្ធរហូតខែមិថុនា ឆ្នាំ២០២២ ដោយចង់ឱ្យវិស័យទាំងនេះ ពង្រឹងខ្លួនឱ្យរឹងមាំសិន។

នៅឆ្នាំក្រោយ ដើម្បីឱ្យការប្រមូលចំណូលពន្ធដារ តាមផែនការអគ្គនាយកដ្ឋានពន្ធដារ នឹងពង្រឹងនូវអនុលោមភាពចំពោះអ្នកជាប់ពន្ធ ឱ្យខ្លាំងជាងមុន។ ហើយលោកសង្ឃឹមថា អ្នកជាប់ពន្ធ និងមន្រ្តីសហការគ្នា ដើម្បីសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល ដែលជាការរួមចំណែកអភិវឌ្ឍជាតិ ។

សូមជម្រាបថា រយៈពេល៩ខែ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិបាន ២,១១១លានដុល្លារអាមេរិក ដែលស្មើនឹង ៩៤.១២នៃច្បាប់ថវិកាជាតិ ឆ្នាំ២០២១៕