(ប៉េកាំង)៖ ទេសាភិបាលធនាគារកណ្តាលចិនបានឱ្យដឹងថា រូបិយប័ណ្ណយ័នឌីជីថលរបស់ប្រទេសចិននឹងមានការតភ្ជាប់បន្ថែមទៀតជាមួយនឹងកម្មវិធីទូទាត់ចល័ត ដែលគ្របដណ្តប់លើប្រតិបត្តិការលក់រាយរបស់ប្រទេសនេះ។ នេះបើយោងតាមទីភ្នាក់ងារ Bloomberg។

 លោក Yi Gang ទេសាភិបាលធនាគារកណ្តាលចិនបានថ្លែងក្នុងកិច្ចប្រជុំមួយដែលរៀបចំឡើងដោយវិទ្យាស្ថាន Bank of Finland Institute for Emerging Economies (BOFIT) ថា ធនាគារកណ្តាលនឹងជំរុញឱ្យមានការបង្កើនលទ្ធភាពប្រើប្រាស់រួមគ្នារបស់ប្រាក់យ័នឌីជីថលជាមួយឧបករណ៍ទូទាត់ដែលមានស្រាប់ និងលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី e-CNY។ e-CNY គឺជាឈ្មោះផ្លូវការសម្រាប់រូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល

លោកថ្លែងថា ធនាគារកណ្តាលចិននឹងបង្កើតម៉ូឌែលគ្រប់គ្រប់មួយសម្រាប់រូបិយប័ណ្ណនិម្មិត ដែលធ្វើជាគំរូអំពីរបៀបដែលគណនីសាច់ប្រាក់ និងគណនីធនាគារត្រូវបានគ្រប់គ្រង ហើយនឹងលើកកម្ពស់ប្រសិទ្ធភាពរបស់ម៉ូឌែលគ្រប់គ្រងនេះ។ ម៉ូឌែលនេះក៏នឹងធ្វើតេស្តដល់ផលប៉ះពាល់របស់រូបិយប័ណ្ណ e-CNY ទៅលើគោលនយោបាយរូបិយវត្ថុ និងទីផ្សាររូបិយវត្ថុផងដែរ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ធនាគរកណ្តាលចិនដែលជាធនាគារនាំមុខមួយក្នុងចំណោមធនាគារកណ្តាលពិភពលោកក្នុងការបង្កើតរូបិយប័ណ្ណឌីជីថល បាននិងកំពុងធ្វើតេស្តរូបិយប័ណ្ណ e-CNY នៅក្នុងតំបន់មួយចំនួនគិតចាប់ពីចុងឆ្នាំ២០២០មក។ មនុស្សប្រហែល ១៤០លាននាក់បានបង្កើតគណនីប្រាក់យ័នឌីជីថល ដែលកើនឡើងពី ២០,៨លាននាក់នៅចុងខែមិថុនា។ នេះបើយោងតាមធនាគារកណ្តាលចិន។

ធនាគារកណ្តាលចិនបានធ្វើការងារជាមួយក្រុមហ៊ុនបច្ចេកវិទ្យានានារួមទាំងក្រុមហ៊ុន Ant Group និងក្រុមហ៊ុន JD.com Inc ដើម្បីលើកកម្ពស់រូបិយប័ណ្ណឌីជីថល ហើយអ្នកប្រើប្រាស់ក្នុងតំបន់សាកល្បងអាចចូលទៅប្រើប្រាស់កម្មវិធីកាបូបប្រាក់ e-CNY បានតាមរយៈកម្មវិធី Alipay របស់ក្រុមហ៊ុន Ant។

លោកទេសាភិបាល Yi បានអអាងទៀតថា រូបិយប័ណ្ណឌីជីថលនឹងត្រូវបានប្រើប្រាស់ជាចម្បងសម្រាប់ប្រតិបត្តិការលក់រាយក្នុងប្រទេសចិន ហើយធនាគារកណ្តាលនឹងបន្តផ្គត់ផ្គង់សាច់ប្រាក់។ ធនាគារកណ្តាលចិននឹងរៀបចំការសាកល្បងទូលំទូលាយមួយនៅព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ (Beijing Winter Olympics) នៅខែកុម្ភៈខាងមុខ ជាទីដែលអត្តិពលិកបរទេសអាចត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់រូបិយប័ណ្ណនិម្មិតបាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕