(បាងកក)៖ ប្រតិបត្តិករទេសចរណ៍ក្នុងទីក្រុងទេសចរណ៍នៅជិតរាជធានីបាកកកំពុងជំរុញឱ្យរដ្ឋាភិបាលថៃកែសម្រួលគម្រោងឧបត្ថម្ភធនសណ្ឋាគារដែលមានឈ្មោះថា «យើងធ្វើដំណើររួមគ្នា» ដើម្បីជួយដល់សហគ្រាសធុនតូចនិងធុនមធ្យម (SMEs) ឱ្យទទួលបានអត្ថប្រយោជន៍បន្ថែមទៀត។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

លោកស្រី Wassana Srikkanchana ប្រធានសមាគមទេសចរណ៍ហួហ៊ីនឆាអាំ បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា សណ្ឋាការធុនតូចដែលមានតិចជាង ២៥បន្ទប់ជួបការលំបាកក្នុងការរស់រាន ខណៈដែលសណ្ឋាគារទាំងនោះមិនអាចទទួលបានកម្ចីណាមួយ ហើយកម្រនឹងទទួលបានផលចំណេញណាមួយពីវិធានការទេសចរណ៍ណាស់ដោយសារប្រជាពលរដ្ឋថៃជាធម្មតាទៅសម្រាកនៅសណ្ឋាការទំនើប។

ទីក្រុងហួហ៊ីនបច្ចុប្បន្នមានសណ្ឋាគារប្រហែល ២០០ មាន ៨ ទៅ ៩ពាន់បន្ទប់។ ក្នុងនោះ ៦០% គឺជា SME ដែលមានអត្រាស្នាក់នៅត្រឹមតែ ២-៣ % ប៉ុណ្ណោះក្នុងអំឡុងពេលថ្ងៃធ្វើការ និង ៤០-៥០% ក្នុងអំឡុងថ្ងៃចុងសប្តាហ៍។

ទោះជាយ៉ាងណា អត្រាស្នាក់នៅសម្រាប់សណ្ឋាគារផ្កាយ ៤ និងផ្កាយ ៥ កើនឡើងដល់ ២០- ៣០% នៅថ្ងៃធ្វើការ និង ៨០-៩០% នៅថ្ងៃចុងសប្តាហ៍ ខណៈដែលតម្លៃបន្ទប់បានវិលត្រលប់ទៅរកកម្រិតមុនពេលមានផ្ទុះជំងឺកូវីដវិញហើយ ជាពិសេសចំពោះសណ្ឋគារនៅមុខឆ្នេរខ្សាច់។

លោកស្រី Wassana បានថ្លែងថា៖ «រដ្ឋាភិបាលគួរកែសម្រួលអត្ថប្រយោជន៍ខ្លះជាពិសេសសម្រាប់ SMEs ដើម្បីឱ្យពួកគេអាចប្រកួតប្រជែងបាន»។

លោកស្រីបានលើកឡើងថា ការឧបត្ថម្ភធនសម្រាប់អាជីវកម្មធុនតូច ឬសណ្ឋាគារក្រោមផ្កាយបី គួរត្រូវបានដំឡើងពី ៤០% ទៅដល់ ៧០% ដើម្បីផ្តល់ឱកាសបន្ថែមទៀតសម្រាប់អ្នកដែលមានប្រាក់ចំណូលតិចក្នុងការធ្វើដំណើរ។

លោក Karun Suttharomn ប្រធានស្តីទីក្រុមប្រឹក្សាទេសចរណ៍ខេត្តពេជ្យបុរីថ្លែងថា៖ «ការកក់សណ្ឋាគារដែលត្រូវធ្វើឡើងយ៉ាងហោចណាស់ ៧ថ្ងៃជាមុន គួរត្រូវបានបង្រួមមកនៅត្រឹម ៣ថ្ងៃ ដូចដែលបានធ្វើក្នុងអំឡុងដំណាក់កាលកន្លងមកនៃគម្រោងនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបស់ភ្ញៀវទេសចរដែលធ្វើដំណើររយៈពេលខ្លី»

លោកថ្លែងថា ជាមួយនឹងការកែសម្រួលទាំងនេះ អត្រាស្នាក់នៅសម្រាប់សណ្ឋាគារនៅឆាអាំ គួរកើនឡើងដល់ ៧០-៧៥% នៅខែនេះ បន្ទាប់ពីតម្លៃបន្ទប់បានស្ទុះងើបឡើងវិញហើយដល់ ៩០% ដែលជាកម្រិតនៅឆ្នាំ២០១៩ ហើយត្រូវបានរំពឹងថានឹងស្ទុះងើបឡើងវិញពេញលេញនៅពាក់កណ្តាលខែវិច្ឆិកានេះ។

ស្ថិតក្រោមគម្រោង «យើងធ្វើដំណើររួមគ្នា» ដំណាក់កាលទី៣នេះ ពលរដ្ឋដែលចុះឈ្មោះក្នុងគម្រោងនេះនឹងទទួលបានការឧបត្ថម្ភធន ៤០% នៃការចំណាយលើសណ្ឋាគារ។ ពលរដ្ឋដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងទទួលបានកូប៉ុងអាហារដែលមានតម្លៃរហូតដល់ ៦០០បាតក្នុងមួយថ្ងៃ។ សម្រាប់ការធ្វើដំណើរផ្លូវអាកាសវិញ រដ្ឋាភិបាលនឹងវង្វិលប្រាក់ ៤០% នៃថ្លៃសំបុត្រយន្តហោះជូនវិញ។

យោងតាមអាជ្ញាធរទេសចរណ៍ថៃ (TAT) បន្ទប់ចំនួន ៨៩០.៧៨១បន្ទាប់ត្រូវបានកក់នៅសណ្ឋាគារចំនួន ៣.៧៩៧ដោយប្រជាពលរដ្ឋថៃចំនួន ៣២៣.៣៥៣នាក់ស្ថិតក្រោមគម្រោងឧបត្ថម្ភធននេះគិតត្រឹមថ្ងៃទី៧ ខែវិច្ឆិកា។ ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលថៃបានផ្តល់ឧបត្ថម្ភធនចំនួន ១,៣៤ប៊ីលានបាតរួចហើយក្នុងចំណោមទឹកប្រាក់ឧបត្ថម្ភធនសរុបចំនួន ៣,៤៩ប៊ីលានបាត។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕