(ភ្នំពេញ)៖ វិស័យឯកជន បានបង្ហាញសុទិដ្ឋិនិយមថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអូស្រ្តាលី នឹងកាន់តែប្រសើរឡើងថែមទៀតនាពេលមុខ ជាពិសេសក្រោយពេលដែលកិច្ចព្រមព្រៀង RCEP ចូលជាធរមាននៅឆ្នាំក្រោយ ដែលនឹងជំរុញកំណើននាំចេញពីកម្ពុជា ទៅអូស្រ្តាលីកើនជាងមុន។

ការបង្ហាញសុទិដ្ឋិនិយមនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារីអូស្ត្រាលី លោកស្រី ម៉ារីស ផែន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល២ថ្ងៃ។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៩ វិច្ឆិកានេះថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអូស្រ្តាលី មានទំនាក់ទំនងល្អជាមួយគ្នាតាំងពីយូរមកហើយ ទាំងជាមួយរដ្ឋ និងវិស័យឯកជន ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ព្រមជាមួយគ្នានេះកិច្ចព្រមព្រៀង RCEP ដែលកម្ពុជា និងអូស្រ្តាលីជាសមាជិក ដែលចូលធរមាននៅខែមករា ឆ្នាំ២០២២នេះ នឹងបង្កភាពងាយស្រួលដល់ការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរថែមទៀត។

លោករំពឹងថា ក្រៅពីកិច្ចព្រមព្រៀង RCEP កម្ពុជាអាចនឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយគ្នា នាពេលខាងមុខផងដែរ ដើម្បីឱ្យការធ្វើពាណិជ្ជកម្ម និងការវិនិយោគជាមួយអូស្រ្តាលីកាន់តែងាយស្រួល។

លោកបន្ថែមថា កន្លងមកការនាំចេញផលិតផលពីកម្ពុជាទៅអូស្រ្តាលី មានដំណើការល្អ ដោយប្រទេសនេះបាននាំចូលផលិតផលដូចជា កង់ គ្រឿងបង្គុំ សម្លៀកបំពាក់ និងផលិតផលកសិកម្មជាដើម។ ក្រៅពីការនាំចេញ ការវិនិយោគរបស់ វិនិយោគិនរបស់អូស្រ្តាលីនៅកម្ពុជា ក៏មានច្រើនផងដែរ ។

ឧកញ៉ា លឹម ហេង គូសបញ្ជាក់ថា «អ្វីដែលសំខាន់នោះ យើងចង់ឱ្យគាត់នាំឱ្យបានច្រើន ពីផលិតផលកសិកម្មរបស់យើង មិនត្រឹមតែប៉ុណ្ណឹងទេ ថ្មីៗនេះ ខាងឯកអគ្គរដ្ឋទូតរបស់អូស្រ្តាលី បានសិក្សាដំណាំចំបង និងជាយុទ្ធសាស្រ្តសម្រាប់នាំទៅកាន់ទីផ្សារអូស្រ្តាលី និងអឺរ៉ុបផងដែរ ដើម្បីជំរុញ និងលើកតម្កើងដំណាំកសិឧស្សាហកម្មរបស់យើង ដែលជាផលិតផលចំបង នាំទៅអូស្រ្តាលីផងដែរ ដែលនេះគឺជាចំណុចល្អបំផុត សម្រាប់កម្ពុជាអូស្រ្តាលី»

សូមជម្រាបថា កម្មវិធីខ្សែច្រវាក់តម្លៃកសិកម្ម-អូស្រ្តាលី (CAVAC) ក្រោមការឧបត្ថម្ភរបស់រដ្ឋាភិបាលអូស្រ្តាលី បានធ្វើការសិក្សាស្រាវជ្រាវលើសក្តានុពលផលិតផលកម្ពុជា កាលពីពេលថ្មីៗបានបង្ហាញថា ផលិតផលកសិកម្មរបស់កម្ពុជា៩មុខ រួមមាន ស្វាយ មៀន ស្វាយចន្ទី ម្ទេស ដំឡូងជ្វា ផ្លែប័រ ល្ងរ ស្ករត្នោត និងចេកក្រៀម មានតម្លៃខ្ពស់ និង មានតម្រូវការខ្ពស់នៅលើទីផ្សារ អូស្រ្តាលី ណូវែលហ្សេឡង់ អឺរ៉ុប ចិន អាស៊ាន។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារ ទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា កម្ពុជា និងអូស្ត្រាលី កំពុងមានទំនាក់ទំនងពាណិជ្ជកម្មយ៉ាងល្អ ហើយភាគីទាំងពីរនឹងបង្កើនទំនាក់ទំនងពាណិជ្ជកម្មកាន់តែប្រសើរទៀត។

សម្តេចបានថ្លែងបន្តថា កម្ពុជា និងប្រទេសអូស្រ្តាលី នៅមានកិច្ចសហប្រតិបត្តិការជាច្រើនទៀតដែលត្រូវធ្វើរួមគ្នា ដើម្បីបង្កើនទំហំពាណិជ្ជកម្ម ជាពិសេសនៅក្រោយពេលកិច្ចព្រមព្រៀង RCEP ចូលជាធរមាននៅខែមករាឆ្នាំក្រោយ។

សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះថា «នៅមានសហប្រតិបត្តិការច្រើន ទ្វេភាគីនៅមានរឿងច្រើនណាស់។ ក្នុងរយៈពេលតែប៉ុន្មានខែយើងជីកមាសជិតបាន ៨០០គីឡូ ចឹងបើមួយឆ្នាំយើងនឹងជីកបានច្រើនជាងនេះ ឥលូវកំពុងសិក្សានៅកន្លែងផ្សេងទៀត ដែលជាក្រុមហ៊ុនមួយដ៏ធំ ក្នុងកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏មានការកើន ហើយជាមួយគ្នានេះ នៅពេលដែលអាសិបចូលជាធរមាន។ [...] ដូច្នេះយើងនឹងធ្វើជាពាណិជ្ជកម្មជាមួយអូស្រ្តាលីកាន់តែច្រើន នៅមានអូស្រ្តាលី-មេគង្គ នៅមានអូស្រ្តាលី-អាស៊ាន នៅមានអាស៊ីបូព៌ា»

គួររម្លឹកថា អូស្រ្តាលី និងកម្ពុជា បានចាប់ផ្តើមផ្សារភ្ជាប់ទំនាក់ទំនងការទូតនៅឆ្នាំ១៩៥២។ នៅឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានតម្លៃ ៤៣២.៤លានដុល្លារ កើនឡើង ២១.៦ភាគរយ ធៀបនឹងឆ្នាំ២០១៩។ អូស្រ្តាលីនាំចូលមកកម្ពុជា ក្នុងឆ្នាំ២០២០ មានទំហំសរុប ១២១.៤លានដុល្លារ ៤៣.៥ភាគរយ ធៀបនឹងឆ្នាំ២០១៩៕