(ស៊ីដនី)៖ ព្រលានយន្តហោះស៊ីដនីបានប្រកាសនៅថ្ងៃនេះថា ខ្លួនបានយល់ព្រមទៅនឹងសំណើសុំទិញតម្លៃ ១៧ប៊ីលានដុល្លារដោយវិនិយោគិនអូស្រ្តាលីមួយក្រុម ដែលដំណឹងនេះកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីបើកដំណើរការទទួលការធ្វើដំណើរអន្តរជាតិឡើងវិញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ក្រុមប្រឹក្សារបស់ព្រលានយន្តហោះស៊ីដនីបានអនុម័តជាឯកច្ឆ័ន្ទនូវការលក់ព្រលាននេះទៅឱ្យសម្ព័ន្ធអាកាសចរណ៍ស៊ីដនី (Sydney Aviation Alliance) ដែលជាក្រុមវិនិយោគិនហេដ្ឋារចនាសម្ព័ន្ធ និងមូលនិធិសោធនិវត្តន៍អូស្រ្តាលី និងបានផ្តល់អនុសាសន៍ឱ្យម្ចាស់ភាគហ៊ុនបោះឆ្នោតគាំទ្រដល់ការលក់នេះ។

សម្ព័ន្ធអាកាសចរណ៍ស៊ីដនីបានផ្តល់តម្លៃ ៨,៧៥ដយល្លារអូស្រ្តាលីក្នុងមួយហ៊ុន ឬស្មើនឹង ២៣,៦ប៊ីលានដុល្លារអូស្រ្តាលី (១៧,៥ប៊ីលានដុល្លារអាមេរិក) បន្ទាប់ពីការផ្តល់តម្លៃកាលពីប៉ុន្មានខែថ្មីៗនេះត្រូវបានច្រានចោលដោយសារទាបពេក។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សំដីរបស់ប្រធានក្រុមហ៊ុនប្រតិបត្តការព្រលានយន្តហោះស៊ីដនីថា៖ «ការប្រកាសនៅថ្ងៃនេះគឺជាការបញ្ចប់ការចរចាគ្នាអស់រយៈពេលជាច្រើនខែរវាងគ្រប់ភាគីទាំងអស់។ ក្រុមប្រឹក្សារបស់ព្រលានយន្តហោះស៊ីដនីជឿថា លទ្ធផលនេះឆ្លុះបញ្ចាំងពីតម្លៃរយៈពេលវែងសមស្របសម្រាប់ព្រលានយន្តហោះនេះ»។

ការប្រកាសនេះបានធ្វើឡើងក្នុងគ្រាដែលព្រំដែនអន្តរជាតិរបស់អូស្រ្តាលីបានបើកឡើងវិញមួយផ្នែក បន្ទាប់ពីបានបិទជិត ៦០០ថ្ងៃដោយសារការរីករាលដាល់ជំងឺកូវីដ-១៩។

ការធ្វើដំណើររបស់ពលរដ្ឋអូស្រ្តាលីដែលបានចាក់វ៉ាក់សាំងរួចតាមរយៈព្រលានយន្តហោះនៅក្រុងស៊ីដនី និងក្រុងមែលប៊ន ឥឡូវនេះអាចធ្វើដំណើរទាំងទៅនិងមកដោយមិនបាច់ធ្វើចត្តាឡីស័ក ឬមិនបាច់ទទួលបានការលើកលែងផ្លូវការ ដែលវិធានការនេះត្រូវបានគេមើលឃើញថាជាជំហានដំបូងរបស់ប្រទេសនេះក្នុងការវិលត្រលប់ទៅរកការធ្វើដំណើរវិញជាសន្សឹមៗ។

ការលក់ព្រលានយន្តហោះនេះត្រូវជាប់លក្ខខណ្ឌមួយចំនួនទៀត រួមទាំងការវាយតម្លៃពីក្រុមអ្នកជំនាញឯករាជ្យ។ ម្ចាស់ភាគហ៊ុនរំពឹងថានឹងពិចារណាលើកិច្ចព្រមព្រៀងនេះនៅកិច្ចប្រជុំមួយនៅត្រីមាសទីមួយឆ្នាំ២០២២ ដែលទាមទារឱ្យមានការឯកភាពពីម្ចាស់ភាគហ៊ុនភាគច្រើន ៧៥ភាគរយដើម្បីទទួលបានការអនុម័តលក់។ នេះបើយោងទីភ្នាក់ងារព័ត៌មាន AFP៕