(ហុងកុង)៖ ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា ប្រទេសចិនត្រៀមខ្លួនរួចរាល់ហើយដើម្បីកាត់បន្ថយពន្ធ នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ចូលជាធរមាននៅដើមឆ្នាំក្រោយ។ នេះបើយោងតាមកាសែត South China Morning Post។

ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកមួយនេះនឹងបង្កើនទំនុកចិត្តលើកំណើនសេដ្ឋកិច្ចក្នុងចំណោមប្រទេសជាសមាជិករបស់កិច្ចព្រមព្រៀងនេះនៅក្រោយសម័យកូវីដ-១៩។

កាសែត South China Morning Post បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិនថា៖ «[កិច្ចព្រមពៀងនេះនឹងបញ្ជូន] សារដ៏ខ្លាំងក្លាប្រឆាំងនឹងឯកតោភាគីនិយម និងកិច្ចគាំពារពាណិជ្ជកម្មនិយម គាំទ្រពាណិជ្ជកម្មសេរី និងការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី»

ក្រសួងពាណិជ្ជកម្មបន្តថា ប្រទេសចិនបានត្រៀមខ្លួនរួចរាល់ហើយដើម្បីអនុវត្តកាតព្វកិច្ចទាំង ៧០១ រួមទាំងការកាត់បន្ថយពន្ធ និងការផ្លាស់ប្តូរវិធានស្តីពីប្រភពដើមនៃទំនិញ។ ប្រទេសចិនក៏នឹងចេញផ្សាយគោលការណ៍ណែនាំអនុវត្តសម្រាប់រដ្ឋាភិបាលមូលដ្ឋាន និងឧស្សាហកម្មនានាផងដែរ បន្ទាប់ពីអនុវត្តវគ្គបណ្តុះបណ្តាលជាង ៦០០សម្រាប់ធុរជនចិន មន្ត្រីពាណិជ្ជកម្ម និងមន្ត្រីគយចំនួន ១៦៦.០០០នាក់។

ដោយបានចុះហត្ថលេខាដោយប្រទេសចំនួន ១៥ក្នុងខែវិច្ឆិកា ឆ្នាំ២០២០ កិច្ចព្រមព្រៀង RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្នាក់តំបន់ធំបំផុតក្នុងពិភពលោក ហើយត្រូវបានរំពឹងថានឹងភ្ជាប់ទំនាក់ទំនងមនុស្ស និងទិន្នផលពាណិជ្ជកម្ម ៣០ភាគរយនៃមនុស្ស និងទិន្នផលពាណិជ្ជកម្មពិភពលោក។

កិច្ចព្រមព្រៀងនេះក៏មានបំណងលុបចោលពន្ធ ៩១ភាគរយលើទំនិញ និងរៀបចំស្តង់ដារវិធានវិនិយោគ កម្មសិទ្ធិបញ្ញា និងពាណិជ្ជកម្មអេឡិចត្រូនិចក្នុងចំណោមច្បាប់នានា។ កិច្ចព្រមព្រៀងនេះត្រូវបានរំពឹងថានឹងលុបចោលពន្ធនាំចូលផ្សេងៗក្នុងរយៈពេល ១០ឆ្នាំ។

រហូតមកដល់ពេលនេះ ប្រទេសចំនួន១០ ដូចជា ព្រុយណេ កម្ពុជា ឡាវ សិង្ហបុរី ថៃ វៀតណាម ចិន ជប៉ុន ណូវែសេឡង់ និងអូស្រ្តាលី បានផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀងនេះ ខណៈប្រទេសផ្សេងទៀតកំពុងស្ថិតក្នុងដំណើរការផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀងនេះ។ នេះបើយោងតាមកាសែត South China Morning Post ៕