(ប៉េកាំង)៖ ពាណិជ្ជកម្មបរទេសរបស់ប្រទេសចិនរក្សាបានសន្ទុះកំណើននៅក្នុងរយៈពេល ១០ខែដំបូងក្នុងឆ្នាំ២០២១ ខណៈសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចមួយនេះបានបន្តការវិវឌ្ឍប្រកបដោយស្ថិរភាព។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួ។

 ទីភ្នាក់ងារព័ត៌មានស៊ិនហួបានរាយការណ៍ថា រដ្ឋបាលគយទូទៅ (GAC) របស់ប្រទេសចិនបានចេញផ្សាយតួលេខសម្រាប់ការនាំចូលនិងការចេញសរុបរបស់ប្រទេសចិន ដោយបានកើនឡើង ២២,២ភាគរយក្នុងរយៈពេល ១០ខែដំបូងក្នុងឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់ ៣១,៦៧ទ្រីលានយ័ន (៤,៨៩ទ្រីលានដុល្លារ)។

យោងតាម GAC តួលេខនេះបង្ហាញពីការកើនឡើង ២៣,៤ភាគរយធៀបនឹងឆ្នាំ២០១៩ ដែលជាកម្រិតមុនពេលមានការរាតត្បាតជំងឺកូវីដ-១៩។

ទាំងការនាំចេញ និងការនាំចូលបានបន្តរក្សាបានកំណើនពីរខ្ទង់ក្នុងរយៈពេល ១០ខែដំបូងក្នុងឆ្នាំនេះ ដោយការនាំចេញបានកើនឡើង ២២,៥ភាគរយ ហើយការនាំចេញបានកើនឡើង ២១,៨ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទិន្នន័យបានបង្ហាញទៀតថា គ្រាន់តែនៅខែតុលា ការនាំចេញនិងនាំចូលរបស់ប្រទេសចិនបានកើនឡើង ១៧,៨ភាគរយធៀបនឹងខែតុលា ឆ្នាំ២០២០ ដល់ ៣,៣៤ទ្រីលានយ័ន ដែលទាបជាងខែកញ្ញា ៥,៦ភាគរយ។

ក្នុងរយៈពេល ១០ខែនេះ ពាណិជ្ជកម្មរបស់ប្រទេសចិនជាមួយដៃគូបាណិជ្ជកម្មធំទាំងបីរបស់ខ្លួន គឺសមាគមអាស៊ាន សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក រក្សាបានកំណើនរឹងមាំ។

ក្នុងអំឡុងពេលនេះ អត្រាកំណើននៃតម្លៃពាណិជ្ជកម្មរបស់ចិនជាមួយដៃគូពាណិជ្ជកម្មទាំងបីនេះមានអត្រា ២០,៤ភាគរយជាមួយអាស៊ាន ២០,៤ភាគរយជាមួយសហភាពអឺរ៉ុប និង ២៣,៤ភាគរយជាមួយសហរដ្ឋអាមេរិក។

ទិន្នន័យរបស់គយដដែលនេះបានបង្ហាញទៀតថា ពាណិជ្ជកម្មរបស់ប្រទេសចិនជាមួយប្រទេសដែលស្ថិតនៅតាមផ្លូវគម្រោងខ្សែក្រវាត់និងផ្លូវ បានកើនឡើង ២៣ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សហគ្រាឯកជនក៏បានមើលឃើញកំណើននាំចូលនិងនាំចេញផងដែរ ដោយកើនឡើង ២៨,១ភាគរយដល់ ១៥,៣១ទ្រីលានយ័នក្នុងរយៈពេល ១០ខែដំបូងក្នុងឆ្នាំនេះ ដែលស្មើនឹង ៤៨,៣ភាគរយនៃពាណិជ្ជកម្មសរុបរបស់ប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួ៕