(ភ្នំពេញ)៖ លោក លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យម និងលោកស្រី ម៉ម ដាត្ថាលីណែត តំណាងសមាគមសហគ្រិនស្ដ្រីកម្ពុជា បានផ្ដល់ដំបូន្មានដល់ សហគ្រាសធុនតូច និងមធ្យម (SME) និងសហគ្រិនស្ដ្រី ពីការរៀបចំខ្លួន ដើម្បីងាយទទួលបានឥណទាន សម្រាប់យកទៅពង្រឹកអាជីវកម្ម។

លោកស្រី ម៉ម ដាត្ថាលីណែត បានគូសបញ្ជាក់ថា សហគ្រិនស្ដ្រីទាំងអស់ ត្រូវតែចេះតាមដានព័ត៌មានក្នុងប្រទេសកម្ពុជា ដើម្បីដឹងអំពីស្ថានភាព នាពេលបច្ចុប្បន្ន ហើយមុននឹងត្រូវការឥណទាន សហគ្រិនស្ដ្រីទាំងអស់ ត្រូវតែចេះមើលពីខ្លួនឯង ដែលគិតថា ខ្លួនឯងខ្វះខាតកន្លែងណា ដើម្បីយកឥណទានទាំងនោះ មកបំពេញបន្ថែម។

ដើម្បីងាយទទួលបានឥណទាន លោកស្រី ម៉ម ដាត្ថាលីណែត សូមលើកទឹកចិត្ដ ឲ្យបងប្អូនសហគ្រិនស្ដ្រីទាំងអស់ ឲ្យគិតអំពីការចងក្រងប្រព័ន្ធ ជាសមាជិករបស់សមាគម និងចុះបញ្ជីឲ្យបានត្រឹមត្រូវ ជាពិសេសក្រដាសស្នាម (ចំណូល-ចំណាយ)។

ដោយឡែក លោក លឹម អូន បានគូសបញ្ជាក់ថា លោកសូមលើកទឹកចិត្ដ ឲ្យ SME និងសហគ្រិនស្ត្រី ចាប់ពីឥលូវទៅ គួរតែរៀបចំការគ្រប់គ្រងអាជីវកម្ម ឲ្យកាន់តែមានលក្ខណៈល្អប្រសើរ តាមរយៈការទុកដាក់ឯកសារ។

អគ្គនាយក SME Bank បានបន្ថែមថា SME និងសហគ្រិនស្ត្រី គួរតែចូលរួមជាលក្ខណៈប្រព័ន្ធ ជាសមាជិករបស់សមាគម ហើយបន្ដពង្រឹងសមត្ថភាព ក្នុងការគ្រប់គ្រងអាជីវកម្ម និងងាកមកពិនិត្យមើលលទ្ធភាព ចុះបញ្ជីច្បាស់លាស់ ដើម្បីមានលទ្ធភាពពង្រឹងអាជីវកម្ម ឲ្យកាន់តែធំទៅមុខទៀត។

អគ្គនាយក SME Bank ដដែលរូបនេះ បានគូសបញ្ជាក់ថា ប្រសិនជា SME និងសហគ្រិនស្ត្រី មិននៅក្នុងប្រព័ន្ធទេ មិនអាចមានលទ្ធភាពធ្វើធំបានទេ។

បើតាមលោក លឹម អូន ជាទូទៅធនាគារទាំងអស់ តែងតែអនុវត្តគោលការណ៍ នៃការវាយតម្លៃឥណទានដូចៗគ្នា ដោយមាន ៥ចំណុចសំខាន់ៗរួមមាន៖

១៖ អត្តចរិករបស់អតិថិជន (អ្នកខ្ចី)៖ សំដៅលើប្រវត្តិនៃការផ្ដល់ឥណទានរបស់អតិថិជន ផ្ដោតសំខាន់ថា តើអតិថិជនធ្លាប់ខ្ចីពីមុនមក ឬទេ? តើការសងត្រឡប់របស់អតិថិជនដូចម្ដេចដែរ?

២៖ លទ្ធភាពនៃការសងត្រឡប់របស់អតិថិជន៖ សំដៅលើថា តើអតិជនមានបំណុលប៉ុន្មាន ធៀបនឹងប្រាក់ចំណូលសមស្របគ្នា ឬទេ? ទាំងនេះ ដើម្បីបញ្ចៀសបំណុលវណ្ឌករបស់អតិថិជន។

៣៖ ទុនដែលអតិថិជនមានសម្រាប់អាជីវកម្ម៖ មានន័យថា ធម្មតាធនាគារមិនផ្ដល់កម្ចី ១០០ភាគរយ ដល់អតិថិជនដើម្បីចាប់ផ្ដើម ឬពង្រីកអាជីវកម្មទេ តាមគោលការណ៍ធនាគារនីមួយៗ តម្រូវឲ្យមានទុន១០ភាគរយ, ២០ភាគរយ ឬ៣០ភាគរយជាមុនសិន។

៤៖ លក្ខខណ្ឌឥណទាន៖ សំដៅថា តើឥណទានទាំងនេះត្រូវគិតរយៈពេលប៉ុន្មាន ដើម្បីឲ្យសមស្រប។

៥៖ វត្ថុបញ្ចាំ៖ ជាធម្មតាធនាគារ តែងតែត្រូវការទ្រព្យបញ្ចាំ ពីអតិថិជន៕