(ភ្នំពេញ)៖ តាមការវាស់ស្ទង់ពីកម្រិតអត្រាទទួលបានការប្រាក់បញ្ញើ របស់វេបសាយដ៏ល្បី Investasian បានឱ្យដឹងថា ប្រទេសកម្ពុជាបានជាប់ចំណាត់លេខ៤ នៅលើពិភពលោក ដែលបានផ្តល់អត្រាការខ្ពស់ដល់អតិថិជនដាក់ប្រាក់បញ្ញើក្នុងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលមានអត្រាទាបបំផុត៥% រហូតដល់ជាង៧%។

Investasian បានលើកឡើងថា ធនាគារនៅកម្ពុជា អាចផ្តល់អត្រាការប្រាក់អតិថិជន ដែលបានមកដាក់ប្រាក់បញ្ញើរហូតដល់ ៥% ឬលើសពីនេះ ខណៈដែលស្ថាប័នមីក្រូហិរញ្ញវត្ថុវិញ អាចផ្តល់អត្រាបានលើសពី ៧%ក្នុងមួយឆ្នាំ។

ការផ្តល់អត្រាការប្រាក់ខ្ពស់នេះ ដោយសារការផ្តល់កម្ចីរយៈពេលវែងរបស់ពួកគេ ត្រូវបានគេរំពឹងថានឹងទទួលបានការប្រាក់លើសពីនោះ ស្របពេលមនុស្សជាច្រើននៅតែមានតម្រូវការខ្ចីប្រាក់។

ចំណែកប្រទេសដែលឈរនៅលំដាប់លេខ១ ដែលបានផ្តល់អត្រាការប្រាក់ខ្ពស់ជាងគេ លើការដាក់ប្រាក់បញ្ញើ គឺប្រទេសម៉ុងហ្គោលលី ដោយផ្តល់នូវអត្រាការប្រាក់១៥% ឬខ្ពស់ជាងនេះ សម្រាប់ការដាក់បញ្ញើជាប្រាក់ជាតិរបស់ខ្លួន។ តាមពីក្រោយម៉ុងហ្គោលលី គឺប្រទេសតួកគី ដោយផ្តល់អត្រាការប្រាក់១០%។ ចំណែកប្រទេស អាមេនី ជាប់ចំណាត់លេខ៣ ដែលបានផ្តល់អត្រា១០% លើការដាក់ប្រាក់បញ្ញើ។ រីឯប្រទេសឈរនៅលេខរៀងបន្ទាប់ពីកម្ពុជា គឺប្រទេស Georgia ដោយផ្តល់អត្រាការប្រាក់៥%។

ជុំវិញការផ្តល់អត្រាការប្រាក់បញ្ញើនៅកម្ពុជា លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៥ វិច្ឆិកាថា ស្របពេលដែលសេដ្ឋកិច្ចកម្ពុជា កំពុងរីកចម្រើនបានធ្វើឱ្យកម្ចីទៅលើការធ្វើអាជីវកម្ម ការធ្វើពាណិជ្ជកម្មកើនឡើង ដែលធ្វើឱ្យការផ្តល់កម្ចីរបស់ធនាគារ ឬស្ថាប័នហិរញ្ញទទួលបានអត្រាការប្រាក់ខ្ពស់ ហេតុនេះទើបពួកគេមានលទ្ធភាព ក្នុងការផ្តល់អត្រាការប្រាក់ខ្ពស់ ដល់អ្នកដាក់ប្រាក់បញ្ញើផងដែរ។

លោកបន្តថា បច្ចុប្បន្នស្ថាប័នហិរញ្ញវត្ថុមួយចំនួន អាចហ៊ានផ្តល់អត្រាការប្រាក់ខ្ពស់រហូតដល់ ៩.២៥% ក្នុងមួយឆ្នាំ សម្រាប់ការដាក់ប្រាក់បញ្ញើទាំងប្រាក់រៀល និងដុល្លារ សម្រាប់ការដាក់ប្រាក់បញ្ញើរយៈពេល៥ឆ្នាំ។

លោកបានពន្យល់បន្ថែមថា «លក្ខណៈពិសេសរបស់កម្ពុជា ថ្វីត្បិតតែយើងជាប់លេខ៤មែន ក៏ប៉ុន្តែនៅកម្ពុជាយើង គឺប្រាក់ដុល្លារ ដែលយើងមើលប្រទេសផ្សេងៗទៀត គឺគេប្រើរូបិយបណ្ណក្នុងស្រុក។ រូបិយបណ្ណក្នុងស្រុកវាមានហានិភ័យ ឬអីចឹងគាត់ត្រូវខាតក្នុងការប្តូរប្រាក់ ពីប្រាក់ក្នុងស្រុកទៅលុយដុល្លារ ពីប្រាក់ដុល្លារទៅជាលុយជាតិរបស់គាត់ទៅទៀត។ អីចឹងវាកាន់តែធ្វើឱ្យគាត់បាត់។ នេះជាការពិត ហើយបើយើងមើលក្នុងអត្ថបទរបស់ Investasian ដាក់ត្រឹមតែ៧% តែបើយើងមើលទៅលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាក់ស្តែង រហូតដល់គ្រឹះស្ថានខ្លះ គាត់ហ៊ានឱ្យរហូតដល់៩.២៥%ក្នុងមួយឆ្នាំ សម្រាប់ការដាក់ប្រាក់បញ្ញើ មិនថាជាលុយខ្មែរ ឬលុយដុល្លារទេ ក្នុងរយៈពេល៥ឆ្នាំ»

លោកបន្តថា «នៅប្រទេសខ្មែរយើងវាមានការប្រកួតប្រជែងគួរសម ទៅលើបញ្ហាអត្រាការប្រាក់ អីចឹងវាផ្តល់អត្ថប្រយោជន៍ដល់អ្នកដែលមានប្រាក់នៅសល់ ហើយយើងមើលឃើញថា ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ ទោះបីមានបញ្ហាអាជីវកម្មអីខ្លះក៏ដោយ ក៏ចំនួនប្រាក់បញ្ញើមានការកើនឡើង»

បើតាមអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជារូបនេះ ពីមួយត្រីមាសទៅមួយត្រីមាស ការដាក់ប្រាក់បញ្ញើនៅកម្ពុជា កើនឡើងជុំវិញ១០%។ របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២១ ទំហំប្រាក់បញ្ញើនៅធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើមានចំនួន ៣៧.៣៣ពាន់លានដុល្លារអាមេរិក ដែលទទួលពីអតិថិជនចំនួន ១២.០៥លានគណនី៕