(ភ្នំពេញ)៖ អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្ព័ត វីលេច (WB Sport Village Co., Ltd) នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានគូសបញ្ជាក់ថា វិស័យអចលនទ្រព្យកម្ពុជា នៅឆ្នាំ២០២២ នឹងមានកំណើន១០ភាគរយ បើសិនជាមិនមានផ្ដល់ប៉ះពាល់ ទៅលើបញ្ហាកូវីដ-១៩តទៀត។

ការគូសបញ្ជាក់បែបនេះ របស់អ្នកឧកញ៉ា សៀ ឫទ្ធី ធ្វើឡើងក្នុងកម្មវិធីបង្ហាញបន្ទប់គំរូ នៃគម្រោងភូមិកីឡដ្ឋា វើលដ៏ប្រ៊ីដ ក្នុងអគារ The Bridge Resident ដែលមានទីតាំងស្ថិតនៅសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

អ្នកឧកញ៉ា សៀ ឫទ្ធី បានបញ្ជាក់យ៉ាងដូច្នេះថា «នៅឆ្នាំ២០២២ បើសិនជាមិនមានផ្ដល់ប៉ះពាល់ ទៅលើបញ្ហាកូវីដ-១៩ តទៅទៀតទេ ខ្ញុំគិតថា វិស័យអចលនទ្រព្យ នឹងមានកំណើនល្អជាងឆ្នាំ២០២០ និងឆ្នាំ២០២១ ប្រមាណ១០ភាគរយ»

ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្ព័ត វីលេច បានបន្ថែមទៀតថា ចំពោះវិស័យអចលនទ្រព្យ ក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០២០ និងឆ្នាំ២០២១ បើប្រៀបធៀបគ្នា គឺមានភាពប្រហាក់ប្រហែលគ្នា។

ក្នុងឱកាសនោះ អ្នកឧកញ៉ា សៀ ឫទ្ធី ក៏បានលើកឡើងថា ក្នុងប្រទេសកម្ពុជា អ្នកទិញអចលនទ្រព្យ ក្នុងមនុស្សម្នាក់ មិនក្រោម៣ទៅ៤កន្លែងនោះទេ។ ដូច្នេះ ក្នុងនាមជាភ្នាក់ងារអចលនទ្រព្យ ធ្វើយ៉ាងណាសូមកុំបោកគេ ដោយព្យាយាមលក់ឲ្យគេហើយ គេចចេញពីគេបាត់។

អ្នកឧកញ៉ា សៀ ឫទ្ធី បានគូសបញ្ជាក់ថា ធ្វើជាភ្នាក់ងារអចលនទ្រព្យសំខាន់បំផុត គឺជាអតិថិជន ហើយយើងត្រូវយល់អំពីគម្រោងរបស់ខ្លួន ឲ្យបានច្បាស់ជាមុនសិន មុននឹងប្រាប់ទៅឲ្យអតិថិជន ពីព្រោះថា បើសិនជាយើងមិនយល់អំពីគម្រោងរបស់ខ្លួនទេ យើងមិនអាចទៅប្រាប់ ដល់អ្នកទិញបានទេ។

អ្នកឧកញ៉ា សៀ ឫទ្ធី បានថ្លែងបែបនេះថា «យើងធ្វើជាភ្នាក់ងារអចលនទ្រព្យ ត្រូវគិតថា ត្រូវយល់អំពីគម្រោងឲ្យបានច្បាស់ ដើម្បីទុកបង្ហាញឲ្យភ្ញៀវ។ ក្នុងនាមជាអ្នកភ្នាក់ងារអចលនទ្រព្យ ត្រូវយល់ចំណុចនេះ ឲ្យបានច្បាស់»

សូមជម្រាបថា គម្រោង «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» ធ្វើការសាងសង់ សម្រាប់ការប្រកួតកីឡា ប្រជាជាតិអាស៊ីអាគ្នេយ៍ (SEA Games 2023) និងអាស៊ានប៉ារ៉ាហ្គេម ក្នុងឆ្នាំ២០២៣ ដែលនឹងប្រារព្ធធ្វើឡើង នៅលើទឹកដីអច្ឆរិយៈរបស់កម្ពុជា។

គម្រោងនេះ នឹងសាងសង់អមជាមួយស្ថាបត្យកម្ម យ៉ាងវិសេសវិសាល លាតសន្ធឹងលើផ្ទៃដីជាង៦ហិកតា ជាប់នឹងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅក្នុងទីក្រុងនាគសម្តេចតេជោ លាតសន្ធឹងលើផ្ទៃដីចំនួន ៣៥,០០០ ហិកតា នៅភាគខាងជើងនៃតំបន់អភិវឌ្ឍន៍ថ្មី របស់រាជធានីភ្នំពេញ៕