(ភ្នំពេញ)៖ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ ក្នុងរយៈពេលខែឆ្នាំ២០២១នេះ មានទឹកប្រាក់សរុបជិត៦ពាន់លានដុល្លារអាមេរិក កើនឡើង១៨% ធៀបនឹងរយៈពេលដូចគ្នា។ នេះបើយោងតាមរបាយការណ៍របស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

របាយការណ៍ដែលដកស្រង់ពីស្ថាប័នគយថៃ បានបញ្ជាក់ថា «គិតត្រឹមត្រីមាសទី៣ (មករាដល់ខែកញ្ញា) ឆ្នាំ២០២១នេះ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃឡង់ដ៏ សម្រេចបានទឹកប្រាក់សរុប ៥.៩៧ប៊ីលានដុល្លារអាមេរិកកើនឡើង១៨% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ ដែលមានទឹកប្រាក់ ៥.០៨ប៊ីលានដុល្លារអាមេរិក»

ក្នុងរយៈពេល៩ខែនេះ ការនាំចេញពីកម្ពុជាទៅថៃ មានតម្លៃ ៦៨៧លានដុល្លារអាមេរិកធ្លាក់ចុះ២៨% ធៀបនឹងឆ្នាំ២០២០ ដែលមានទឹកប្រាក់ ៩៥៨លានដុល្លារអាមេរិក ខណៈការនាំចូលពីថៃមកកម្ពុជាវិញ មានតម្លៃ៥.២៨ប៊ីលានដុល្លារអាមេរិកកើនឡើង១៤% ធៀបនឹងឆ្នាំ២០២០ ដែលមានទឹកប្រាក់ ៤.៦១ប៊ីលានដុល្លារអាមេរិក។

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានឱ្យដឹងថា ការដែលទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ នៅតែបន្តកើនឡើង ដោយសារតែរាជរដ្ឋាភិបាលប្រទេសទាំងពីរ រឹតត្បិតការធ្វើដំណើរ តែពុំបានរឹតត្បិតចំពោះពាណិជ្ជកម្មឡើយ ពោលគឺសកម្មភាពដោះដូរពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ នៅបន្តធ្វើឡើងរៀងរាល់ថ្ងៃ។

មុខទំនិញសំខាន់ៗ ដែលកម្ពុជា នាំចេញទៅកាន់ប្រទេសថៃ រួមមាន៖ វាយនភណ្ឌ កសិផល ត្បូងថ្មមានតម្លៃ វត្ថុធាតុដើម និងប្រភេទពាក់កណ្តាលសម្រេច ខណៈបានទិញចូលពីប្រទេសថៃវិញនូវថាមពល ត្រី សាច់ បន្លែ រថយន្ត ជីសរីរាង្គ ស៊ីម៉ង់តិ៍ គ្រឿងឧបភោគ-បរិភោគ គ្រឿងសំអាង និងសម្ភារៈសំណង់។

ដោយឡែកសម្រាប់ក្នុងខែកញ្ញា ឆ្នាំ២០២១ កម្ពុជា និងថៃសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគី ៧៣២លានដុល្លារអាមេរិក កើនឡើង៤៨% ធៀបនឹងខែដូចគ្នានៃឆ្នាំ២០២០ ដែលមានទឹកប្រាក់ត្រឹមតែ ៤៩៥លានដុល្លារអាមេរិក៕