(កាប៊ុល)៖ រដ្ឋាភិបាលតាលីបង់របស់ប្រទេសអាហ្វហ្កានីស្ថានបានហាមឃាត់ការប្រើប្រាស់រូបិយប័ណ្ណបរទេសក្នុងប្រទេស ដែលជាការសម្រេចចិត្តដ៏ភ្ញាក់ផ្អើលមួយនិងអាចដាក់បន្ទុកបន្ថែមលើសេដ្ឋកិច្ចរបស់ប្រទេសដែលកំពុងជួបបញ្ហាសាច់ប្រាក់មួយនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

វិធានការនេះបានធ្វើឡើង ខណៈដែលក្រុមតាលីបង់កំពុងជំរុញឱ្យមានការបញ្ចេញទឹកប្រាក់រាប់ពាន់លានដុល្លារនៃទុនម្រុងបរទេស ដែលត្រូវបានបង្កកដោយអាមេរិក និងប្រទេសសម្ព័ន្ធមិត្តលោកខាងលិចរបស់អាមេរិក ចាប់តាំងពីក្រុមតាលីបង់បានឡើងកាន់អំណាចកាលពីខែសីហា។ បើគ្មានទុនបម្រុងទាំងនេះទេ ធនាគារកណ្តាលអាហ្វហ្កានីស្ថានជួបការលំបាកក្នុងការរក្សាលំហូរប្រាក់ដុល្លារទៅក្នុងសេដ្ឋកិច្ច។

ទីភ្នាក់ងារព័តមាន Bloomberg បានរាយការណ៍ដោយដកស្រង់សំដីលោក Zabihullah Mujahed អ្នកនាំពាក្យរបស់តាលីបង់ថា ក្រុមយោធាបានបញ្ជាឱ្យសាធារណៈជន រាប់ចាប់ពីអ្នកលក់ក្នុងហាងរហូតដល់ធុរជន ឱ្យធ្វើពាណិជ្ជកម្មទាំងអស់ដោយប្រើប្រាស់រូបិយប័ណ្ណរបស់អាហ្វហ្កានីស្ថានដើម្បីជាប្រយោជន៍ជាតិ និងដើម្បីជួយដល់ស្ថានភាពសេដ្ឋកិច្ច។

អ្នកនាំពាក្យរូបនេះបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការប្រើប្រាស់រូបិយប័ណ្ណបរទេសមានផលប៉ះពាល់អវិជ្ជមាននៅលើសេដ្ឋកិច្ចរបស់បរទេស។ អ្នករំលោភសេចក្តីសម្រេចនេះនឹងត្រូវទទួលទោសតាមផ្លូវច្បាប់»។

មិនមានភាពច្បាស់លាស់នោះទេថាតើរដ្ឋាភិបាលតាលីបង់នឹងអនុវត្តសេចក្តីសម្រេចនេះយ៉ាងដូចម្តេចដោយសារថា សេដ្ឋកិច្ចរបស់អាហ្វហ្កានីស្ថានត្រូវបានពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក គិតចាប់តាំងពីអាមេរិកបានឈ្លានពានប្រទេសនេះក្នុងឆ្នាំ២០០១ បន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃទី១១ ខែកញ្ញាមក។ ពីរភាគបីនៃប្រាក់បញ្ញើរបស់ធនាគារនៅអាហ្វហ្កានីស្ថាន និងពាក់កណ្តាលនៃកម្ចីជាតិរបស់ប្រទេសនេះគឺជាប្រាក់ដុល្លារ។

រូបិយប័ណ្ណអាហ្វហ្កានីរបស់ប្រទេសអាហ្វហ្កានីស្ថានបានបន្តធ្លាក់ថ្លៃធៀបនឹងប្រាក់ដុល្លារអាមេរិក គិតចាប់ពីក្រុមតាលីបង់ចូលកាន់អំណាចមក។ រូបិយប័ណ្ណនេះធ្លាក់ថ្លៃដល់តម្លៃទាបបំផុតមិនធ្លាប់មាន គឺ ៩១,០៣អាហ្វហ្កានីក្នុងមួយដុល្លារអាមេរិកនៅថ្ងៃពុធម្សិលមិញ។ នេះបើយោងតាមទីភ្នាក់ងារ Bloomberg៕