(ភ្នំពេញ)៖ កម្ពុជាទទួលបានប្រាក់ចំណូល ពីការនាំចេញស្រូវអង្ករចំនួន ៩៥៧.៣០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់រយៈពេល១០ខែ នៃឆ្នាំ២០២១។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។

សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងទៀតថា ក្នុងរយៈពេល១០ខែនេះ ប្រទេសកម្ពុជាបានធ្វើការនាំចេញអង្ករគ្រប់ប្រភេទ បានចំនួន ៤៦០,១៦៩តោន ដែលគិតជាទឹកប្រាក់មានចំនួន ៣២៣.៤៧លានដុល្លារ សហរដ្ឋអាមេរិក ទៅលើគោលដៅទីផ្សារចំនួន ៥៥ប្រទេស និងតំបន់ស្វយ័តដែលក្នុងនោះ ទីផ្សារចម្បងមានចំនួន៥ គ្របដណ្តប់ ៧៩.០៣% លើបរិមាណ អង្ករនាំចេញសរុបរួមមាន៖

១៖ ប្រទេសចិន និងតំបន់ស្វយ័តហុងកុង ម៉ាកាវ បាននាំចេញចំនួន៤៩.៨០% ស្មើនឹង ២២៩,១៧៧ តោន
២៖ ប្រទេសបារាំង១១.០៧% ស្មើនឹង ៥០,៩៥១ តោន
៣៖ ប្រទេសហ្កាប៊ុង ៧.៩៥% ស្មើនឹង ៣៦,៥៨៨ តោន
៤៖ ប្រទេសម៉ាឡេស៊ី ៦.៦៦% ស្មើនឹង ៣០,៦៥៦ តោន
ទី៥៖ ប្រទេសហូឡង់ ៣.៥៥% ស្មើនឹង ១៦,៣៣៨ តោន។

ចំពោះប្រភេទអង្ករនាំចេញ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១ នេះដែរ ឃើញថាអង្ករក្រអូបគ្រប់ប្រភេទបានចំនួន ៣២៤,៣៦៤តោន ឬ ៧៨.៩៨% នៃការនាំចេញសរុប ដែលក្នុងនោះ (អង្ករក្រអូបប្រណិតមាន ៤១% អង្ករក្រអូបធម្មតាមាន ៣៧.៨៩%) អង្ករសគ្រាប់វែងមាន ២៩.៦៧ % អង្ករចំហុយមាន ១.៩៦ % និងអង្ករសរីរាង្គមាន ១.៤៤%។

ចំពោះការនាំស្រូវចេញ គឺមានបរិមាណសរុបចំនួន ២,៦៥៩,៦៦០តោន ដែលគិតជាទឹកប្រាក់ប៉ាន់ស្មានប្រមាណជា ៦៣៣.៨២ លានដុល្លារសហរដ្ឋអាមេរិក។
ទឹកប្រាក់សរុបទាំងការនាំចេញស្រូវ និងអង្ករក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២១ មានប្រមាណជា ៩៥៧.៣០លាន ដុល្លារសហរដ្ឋអាមេរិក។

សម្រាប់ខែតុលា ឆ្នាំ២០២១នេះ គឺកម្ពុជាបានធ្វើការនាំចេញអង្ករបានចំនួន ៤៩,៤៧១តោន មានកំណើនប្រមាណជា ៤.០៨% បើធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងខែតុលា ឆ្នាំ២០២០៕