(ភ្នំពេញ)៖ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ពេលជាក់លាក់ ក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ ប្រតិបត្តិករទេសចរណ៍ក្នុងស្រុក បាននិងកំពុងធ្វើការផ្សព្វផ្សាយ ទៅកាន់ប្រទេសជាគោលដៅទាក់ទាញភ្ញៀវទេសចរ ក្នុងតំបន់អាស៊ី និងអឺរ៉ុបជាដើម ដើម្បីឱ្យពួកគេមកទស្សនាកម្ពុជានាពេលខាងមុខនេះ។

កម្ពុជាបានសម្រេចបើកទទួលទេសចរសុវត្ថិភាព ឬទេសចរណ៍វ៉ាក់សាំង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកាតទៅ ដោយជំហានដំបូង ចាប់ផ្តើមនៅខេត្តព្រះសីហនុ និងកោះកុង ជាខេត្តគោលដៅនៃដំណើរការសាកល្បង។

លោក ហូរ វណ្ណឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា សមាជិករបស់សមាគមទេសចរណ៍កម្ពុជា មានទីផ្សារ និងគោលដៅក្នុងផ្សព្វផ្សាយផ្សេងៗគ្នា ដែលអ្នកខ្លះកំពុងផ្តោតលើការផ្សព្វផ្សាយ ដើម្បីទាក់ទាញភ្ញៀវទេសចរពីតំបន់អាស៊ី សហគមន៍អឺរ៉ុប អាមេរិក និងអូស្រ្តាលីជាដើម។ ក្នុងការផ្សព្វផ្សាយនេះ សមាគមបានរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍ពី៥ ទៅ៧ ដើម្បីផ្តល់ជម្រើសកាន់តែច្រើន ដល់ភ្ញៀវទេសចរ។

លោក វណ្ណឌី ពន្យល់យ៉ាងដូច្នេះថា «មាន៥ទៅ៧កញ្ចប់ទេសចរណ៍ ដោយសារតែពេលខ្លះយើងត្រូវឱ្យភ្ញៀវ ទៅក្រុងព្រះសីហនុមុន ហើយចូលទៅកោះរុង ហើយតដំណើរទៅតារាសាគរ (ខេត្តកោះកុង) មួយទៀតអាចទៅដល់តារាសាគរមុន ហើយបានចេញដំណើរទៅក្រុងព្រះសីហនុ ជាមួយនឹងកោះរុងជាដើម។ បើក្នុងករណីភ្ញៀវទេសចរជ្រើសរើសរយៈពេលបីថ្ងៃ ឬបីថ្ងៃនៅតំបន់មួយ និង២ថ្ងៃនៅតំបន់ផ្សេងទៀត អីចឹងយើងអាចធ្វើបាន អាស្រ័យទៅលើភ្ញៀវចង់បានទេ»។

លោកបន្តថា «ពេលបច្ចុប្បន្ននេះ យើងឃើញថា បើក្នុងករណីការបើកឱ្យមានភាពទូលំទូលាយឡើងវិញនោះ ភ្ញៀវអឺរ៉ុបមានក្តីសង្ឃឹមច្រើន ប៉ុន្តែបច្ចុប្បន្ននេះ គម្រោងសាកល្បងក៏ដូចជាគម្រោងដែលបង្កើតនេះវាថ្មីថ្មោង ដូច្នេះយើងរង់ចាំមើលទាំងអស់គ្នាថា ការផ្តើមនៃការប្រតិបត្តិ ការផ្តើមនៃការទាក់ទាញបានប៉ុណ្ណា ព្រោះវាអាស្រ័យទៅលើការធ្វើផ្ទាល់ទើបអាចវិនិច្ឆ័យចេញ»

ចំណែកលោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានឱ្យដឹងថា ទាំងសមាគម និងក្រុមហ៊ុនលោកផ្ទាល់ បាននិងកំពុងធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅកាន់ប្រទេសគោលដៅ និងគ្រប់ដៃគូនៅលើពិភពលោក ប៉ុន្តែយ៉ាងណាការបើកទទួលភ្ញៀវតែក្នុងខេត្តព្រះសីហនុ និងកោះកុង ក្នុងដំណាក់កាលដំបូងនេះ ហាក់មិនអាចទាក់ភ្ញៀវបានទូលំទូលាយនោះទេ ដោយ ប្រភេទសេវាកម្ម ឬម្ហូបអាហារភាគច្រើនផ្តោតលើជនជាតិចិន ដែលជាផលលំបាកក្នុងការផ្សព្វផ្សាយមួយ របស់សមាគមទៅកាន់ប្រទេសផ្សេងទៀត។

លោក ធួន ស៊ីណា បន្ថែមថា «ពួកយើងព្យាយាម យើងប្រឹង ពីព្រោះយើងដឹងថា យើងយល់ពីផែនការរបស់រាជរដ្ឋាភិបាលដើរទៅតាមមួយដំណាក់កាល ទៅមួយដំណាក់កាល។ យើងមិនជំទាស់ហើយយើងនឹងប្រឹង ព្រោះរាជរដ្ឋាភិបាលបើកប៉ុណ្ណោះវាជាការស្រឡាញ់ ការគាំទ្រ ដែលរាជរដ្ឋាភិបាលមានចំពោះវិស័យឯកជនហើយ។ យើងខំប្រឹងប្រែង ហើយទីផ្សារដែលពួកយើងមើលទៅទីផ្សារធំៗ ដូចជា ពួកចិន ឥណ្ឌា និងប្រទេសក្នុងតំបន់អាស៊ានជាដើម។ ពេលបច្ចុប្បន្ននេះ បើសិនជារាជរដ្ឋាភិបាលអាចបើកព្រំដែនគោករវាងកម្ពុជា និងថៃបានវាជា រឹតតែប្រសើរទៀត ដើម្បីភ្ជាប់ជាមួយតាមរយៈថៃ គឺយើងអាចទទួលយកភ្ញៀវបរទេសច្រើនទៀត ចូលមកកម្ពុជាយើង ក៏ដូចជាភ្ញៀវថៃដែរ»

លោកស្រី ខៃ ចិន្តា អនុប្រធានសមាគមសណ្ឋាគារកម្ពុជាបានលើកឡើងថា លោកស្រីមិនទាន់ធ្វើការផ្សព្វផ្សាយដើម្បីរកទីផ្សារ ភ្ញៀវទេសចរនៅឡើយទេ ដោយសារតែលោកស្រីមិនទាន់មានថវិកាគ្រប់គ្រាន់ សម្រាប់ធ្វើការផ្សព្វផ្សាយ ខណៈទីផ្សាររបស់លោកស្រីផ្តោតខ្លាំងទៅលើភ្ញៀវអឺរ៉ុប។

«និយាយឱ្យត្រង់ទៅកូវីដ២ឆ្នាំនេះ សណ្ឋាគារយើងខាតរហូតអត់ចំណូល មានតែចំណាយ អត់មានថវិកាទៅផ្សព្វផ្សាយ ព្រោះការផ្សព្វផ្សាយទៅកាន់ទីផ្សារអន្តរជាតិត្រូវការការចំណាយថវិកាច្រើន មិនមែនចំណាយតិចទេ អីចឹងវាពិបាក ហើយដល់តែពេលខ្វះថវិកា មិនដឹងថា យើងមានមធ្យោបាយផ្សព្វផ្សាយដោយបែបណាទេ?» លោកស្រី ខៃ ចិន្តា បញ្ជាក់បន្ថែម។

សូមជម្រាបថា ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ៥ឆ្នាំ កាលពីថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាកំពុងរៀបចំផែនការលម្អិតបន្ថែមទៀត ដើម្បីបើកទទួលភ្ញៀវទេសចរអន្តរជាតិ។
សម្តេចតេជោបញ្ជាក់ថា បន្ទាប់ពីបើកទទួលភ្ញៀវនៅខេត្តព្រះសីហនុ ជំហានបន្ទាប់នឹងបើកនៅខេត្តសៀមរាប និងឈានទៅបើកនៅទីក្រុងភ្នំពេញនាពេលខាងមុខផងដែរ៕