(ភ្នំពេញ)៖ តម្លៃសំបុត្រយន្តហោះរវាងកម្ពុជា និងចិន បានកើនឡើងជិត២០ដង ពោលគឺពី៤០០ដុល្លារ ឬ៥០០ដុល្លារ កើនដល់ ៥ពាន់ដុល្លារទៅជាង១ម៉ឺនដុល្លារនាពេលបច្ចុប្បន្ននេះ។ នេះបើតាម លោក ហូរ វណ្ណឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ វើល អ៊ិចប្រេស បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២១នេះ។

លោកបានឱ្យដឹងថា កើនឡើងនេះ គឺដោយសារគ្មានជើងហោះហើរពីចិនមកកម្ពុជា ហើយក្រុមហ៊ុនហោះហើរមួយចំនួន បានផ្អាកប្រតិបត្តិការដោយខ្លួនឯង ខណៈមុនពេលរាតត្បាតជំងឺកូវីដ១៩ក្រុមហ៊ុនអាកាសចរណ៍ពីចិនមកកម្ពុជា មានជិត១០ក្រុមហ៊ុន។

លោកបានពន្យល់ពីការកើនឡើងថ្លៃយ៉ាងដូចច្នេះថា «ដោយសារតែថាមានហេតុផលទី១. នៅខាងចិនគ្មានជើងយន្តហោះមកកម្ពុជា ជាលក្ខណៈពាណិជ្ជកម្ម ហើយទី២. យើងឃើញហើយពេលមានមកម្តងៗជាលក្ខណៈជួល។ ការដែលជួលនេះហើយ ដែលធ្វើឱ្យតម្លៃនេះវាផ្ទុះកាន់តែខ្លាំង។ កន្លងមកយើងឃើញហើយនៅស្រុកចិន សំបុត្រយន្តហោះតែ ៤០០ដុល្លារ, ៥០០ដុល្លារ ឬ៧០០ដុល្លារទៅ៨០០ដុល្លារ ប៉ុន្តែក្នុងអំឡុងពេលកូវីដផ្ទុះខ្លាំង គឺមានការកើនឡើងខ្លាំង ចាប់ពី៥ពាន់ដុល្លារដល់ជាង១ម៉ឺនដុល្លារក្នុងមួយជើង។ វាជាប្រវត្តិសាស្រ្ត សម្រាប់សំបុត្រយន្តហោះ ថ្លៃខ្ពស់ហួសពីការស្មាន»

លោកបានឱ្យដឹងថា តម្លៃកើនខ្ពស់កប់ពពកនេះ បានចាប់ផ្តើមកើនឡើងខ្លាំងចាប់ពីខែមិថុនា កក្កដា។ លោកបន្តថា បច្ចុប្បន្ននេះ មិនទាន់មានការកក់សំបុត្រយន្តហោះពីភ្ញៀវទេសចរមកពីចិននៅឡើយទេ បើទោះបីជាកម្ពុជាប្រកាសបើកទទួលភ្ញៀវទេសអន្តរជាតិក៏ដោយ។

ទន្ទឹមគ្នានេះចំពោះសំបុត្រយន្តហោះពីកម្ពុជាទៅថៃ ក៏មានការកើនឡើងដែរ ដោយកើនឡើងពី២០០ដុល្លារ ឬ៣០០ដុល្លារ កើនដល់ជាង១០០០ដុល្លារ សម្រាប់ជើងហោះហើរទៅ និងមក។ ចំណែកពីជើងហោះហើរវាងកម្ពុជា និងអាមេរិក ឬអឺរ៉ុប គឺកើនតិចតួចប៉ុណ្ណោះ។

ជុំវិញបញ្ហានេះ លោក ស៊ិន ចាន់សិរីវុត្ថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថា បច្ចុប្បន្នមានតែតម្លៃសំបុត្រយន្តហោះពីចិនមកកម្ពុជាទេ ដែលកើនឡើងខ្លាំង។ រីឯជើងហោះហើររវាងកម្ពុជា និងថៃ នឹងចុះមក៣០០ដុល្លារវិញសម្រាប់ការទៅមក នៅពេលមានជើងហោះហើរច្រើន ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍ចំនួន២ហើយ ដែលបានប្រកាសបើកដំណើរការឡើងវិញ។

លោកគូសបញ្ជាក់បន្ថែមថា «យើងដឹងហើយថា ខាងចិនគាត់មានវិធានការតឹងតែងមុននឹងចេញ និងចូល អីចឹងភ្ញៀវធ្វើដំណើរ គឺគាត់ពិបាកធ្វើដំណើរ ការហោះហើរក៏អត់សូវមានដែរ មួយអាទិត្យមានមួយជើង ឬក៏ពីរជើង ហើយមួយជើង ឬក៏ពីរជើងភាគច្រើនទៅពីខ្មែរទៀត ហោះមកពីចិនអត់សូវមានមនុស្ស។ អីចឹងនៅពេលដែលភ្នាក់ងារអាកាសចរណ៍ គេប្រមូលបានមនុស្សគ្រប់ហើយ គេហៅយន្តហោះមក ប៉ុន្តែហោះមកគឺទទេ ដូច្នេះតម្លៃហោះមកទទេគាត់គិតមួយជាពីរ ទើបសំបុត្រវាឡើងថ្លៃ»

ក្នុងពេលដែលកម្ពុជាចាប់ផ្តើមបើកទទួលភ្ញៀវទេសចរបរទេស លោក ហូរ វណ្ណឌី សង្ឃឹមថា រដ្ឋាភិបាលចិន និងកម្ពុជានឹងទំនាក់ទំនងជាមួយការជាមួយគ្នា ដែលនឹងអាចធ្វើឱ្យតម្លៃជើងហោះហើរវិលមកធម្មតា និងនាំភ្ញៀវជនជាតិមកកម្សាន្តនៅកម្ពុជានាពេលខាងមុន។

លោក ហូរ វណ្ឌឌី បន្ថែមថា «ក្នុងករណីដែលពួកគាត់ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩បាន យើងជឿជាក់ថា ខាងរដ្ឋាភិបាលចិន ពីព្រោះថារដ្ឋាភិបាលចិន លោកមានសុភវិនិច្ឆ័យ ក្នុងការទំនាក់ទំនងជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រទេសកម្ពុជា យើងឃើញហើយ គាត់មកវិនិយោគ គាត់មកទេសចរ ដូច្នេះយើងជឿជាក់ថា គាត់អាចនឹងជួយជំរុញនៅពេលភាពរលត់នៃជំងឺរាតត្បាត ហើយយើងសង្ឃឹមថា គាត់នឹងនាំទេសចរមកកម្ពុជាខ្លាំងដូចមុន»

បើតាមអ្នកជំនាញក្នុងវិស័យទេសចរណ៍រូបនេះ បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ ដែលបានបើកដំណើរឡើងវិញ មានតិចជាង១០ក្រុមហ៊ុន ខណៈមុនពេលមានការរាតត្បាតនៃជំងឺកូវីដ១៩ មានជាង៥០ក្រុមហ៊ុន៕