(ហុងកុង)៖ ធនាគារកណ្ដាលនៃប្រទេសចិនបានបញ្ជាក់ឱ្យដឹងថា គិតត្រឹមខែតុលា ឆ្នាំ២០២១ ការចរាចរណ៍រូបិយប័ណ្ណឌីជីថលថ្មីរបស់ចិន (យ័ន) មានទំហំទឹកប្រាក់រហុតដល់ ៦២ពាន់លានយ័ន ប្រហែលនឹង ៩,៥ពាន់លានដុល្លារអាមេរិក ខណៈដែលការទាញយក App (E-Wallet) របស់រូបិយប័ណ្ណឌីជីថលមួយនេះមានរហូតដល់ ១៤០លាននាក់។ នេះយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក Mu Changchun មន្ត្រីជាន់ខ្ពស់របស់ ធនាគារកណ្ដាលនៃប្រទេសចិន និងជាអគ្គនាយកនៃវិទ្យាស្ថានរូបិយប័ណ្ណឌីជីថល រដ្ឋាភិបាល នៃប្រទេសចិនគិតត្រឹមម៉ោងនេះនៅមិនទាន់បានប្រកាសដាក់ឱ្យប្រើប្រាស់រូបិយប័ណ្ណឌីជីថលយ័ន ដែលហៅកាត់ថា «e-CNY» ជាផ្លូវការ នៅឡើយទេ ប៉ុន្តែប្រព័ន្ធប្រតិបត្តិការរបស់វាត្រូវបានបង្កើតឡើងយ៉ាងគ្រប់ជ្រុងជ្រោយ និងប្រើប្រាស់បានជាទូទៅ គ្រាន់តែមិនទាន់ ប្រកាស ជាផ្លូវការប៉ុណ្ណោះ។

នេះអាចជាជោគជ័យដ៏ធំមួយសម្រាប់រដ្ឋាភិបាលនៃប្រទេសចិន ខណៈដែលបណ្ដាធនាគារកណ្ដាលនៃប្រទេសផ្សេងៗនៅជុំវិញពិភពលោក បាននិងកំពុងតែស្វែងរកវិធីសាស្ត្រទប់ស្កាត់ និងការពារការប្រកួតប្រជែងរូបិយប័ណ្ណឌីជីថលនានា ដូចជា Bitcoin ដើម តាមរយៈការធ្វើ ទំនើបកម្មប្រព័ន្ធហិរញ្ញវត្ថុនៅលើអនឡាញ។

លោក Changchun បានបញ្ជាក់បន្ថែមទៀតថា គិតត្រឹមពេលនេះ រូបិយប័ណ្ណឌីជីថលយ័ន ឬ e-CNY គឺអាចប្រើប្រាស់បាននៅទីតាំងប្រមាណ ១,៥៥លានកន្លែង ដោយក្នុងនោះគឺអាចធ្វើការទូទាត់ប្រាក់សម្រាប់បង់ថ្លៃទឹក ភ្លើង ចំណីអាហារ ធ្វើដំណើរ និងថ្លៃសេវាកម្មផ្សេងៗជាច្រើនទៀត។

គួរបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះ ធនាគារកណ្តាលចិន បានប្រកាសជាផ្លូវការថា ចំពោះរាល់ប្រតិបត្តិការហិរញ្ញវត្ថុពាក់ព័ន្ធនឹងរូបិយប័ណ្ណឌីជីថល (cryptocurrencies) ផ្សេងៗគឺសុទ្ធតែខុសច្បាប់ ព្រមទាំងបានបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការចាត់វិធានទប់ស្កាត់ និងការបង្ក្រាបយ៉ាងម៉ឺងម៉ាត់ ទៅលើប្រតិបត្តិការហិរញ្ញវត្ថុមួយនេះថែមទៀតផង ស្របពេលដែលធនាគារកណ្តាលចិនកំពុងតែបង្កើតរូបិយប័ណ្ណឌីជីថលផ្ទាល់ខ្លួន៕