(ភ្នំពេញ)៖ គិតមកដល់ពេលនេះ ការសាងសង់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី (NPPIA) សម្រេចបាន២៦ភាគរយហើយ ត្រូវនឹងទឹកប្រាក់សរុប ៣៤៦លានដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលថ្លៃដី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន Cambodia Airport Investment Co.,Ltd (CAIC)។

ក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន បានបញ្ជាក់ថា «គម្រោងព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី បច្ចុប្បន្នសម្រេចបាន២៦% ត្រូវនឹងទឹកប្រាក់សរុប ៣៤៦លានដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលថ្លៃដី។ គម្រោងព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី រំពឹងថា នឹងត្រូវដាក់ឲ្យធ្វើប្រតិបត្តិការ នៅឆ្នាំ២០២៣»

នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមហ៊ុន OCIC, ក្រុមហ៊ុន CAIC និងធនាគារ Prince Bank បានចុះហត្ថលេខាលើការវិនិយោគ ទឹកប្រាក់ចំនួន១៥លានដុល្លារ អាមេរិក លើសញ្ញាបណ្ណមានបុគ្គលធានា របស់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។

ទឹកប្រាក់វិនិយោគ ដែលទទួលបានពីសញ្ញាបណ្ណ របស់គម្រោងព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍ គម្រោងព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី នៅក្នុងខេត្តកណ្តាល។

អត្រាការប្រាក់ (Coupon rate) របស់សញ្ញាបណ្ណនេះគឺ៥.៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (tenor) ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC (Overseas Cambodian Investment Corporation Ltd)។

ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេ ក្នុងប្រទេសកម្ពុជា ដែលជំនាញ នៅក្នុងការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោងសំខាន់ៗជាច្រើន

CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុន OCIC។ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិឲ្យក្រុមហ៊ុន CAIC ក្នុងការកាន់កាប់រចនា ឬការសាងសង់ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង NPPIA។

ដោយឡែក ធនាគារព្រីនស៍ គឺជាធនាគារមួយ ក្នុងចំណោមធនាគារដែលរីកចម្រើនលឿនបំផុត ហើយមានក្តីប្រាថ្នាក្លាយជា ដោយផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុ «ធនាគារឌីជីថលល្អបំផុតនៅកម្ពុជា» ឈានមុខគេតាមរយៈបណ្តាញឌីជីថលប្រកបដោយភាពច្នៃប្រឌិតខ្ពស់។

គូសបញ្ជាក់ថា CAIC គឺជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នាដោយ ក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ក្នុងឆ្នាំ២០១៨ ក្រោមការណែនាំ របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើការងារសាងសង់ ព្រលានយន្តថ្មីភ្នំពេញថ្មី លើផ្ទៃដីសរុប២៦០០ហិកតា ដែលគម្រោងសាងសង់មាន៣ដំណាក់កាល។

ការងារសាងសង់សម្រាប់ដំណាក់កាលទី១នេះ ត្រូវបានក្រុមហ៊ុនអះអាងថា គ្រោងនឹងចំណាយថវិកា១៥០០លានដុល្លារអាមេរិក ដែលមិនទាន់គិតបញ្ចូលតម្លៃដី នៅឡើយនោះទេ ដែលអាចនឹងទទួលបានភ្ញៀវទេសចរ១៣លាននាក់ក្នុង១ឆ្នាំ។

ដោយឡែក ដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ អាចទទួលភ្ញៀវទេសចរ៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរ ៥០លាននាក់ក្នុង១ឆ្នាំ៕