(បាងកក)៖ កំណើននាំចេញរបស់ប្រទេសថៃរំពឹងថានឹងថមថយមកនៅត្រឹម ៥ភាគរយនៅឆ្នាំ២០២២ ដែលធ្លាក់ចុះពី ១២ភាគរយដែលត្រូវបានព្យាករថានឹងទទួលបាននៅឆ្នាំនេះ ខណៈដែលតម្រូវការរបស់ពិភពលោក និងស្តុកទំនិញប្រែក្លាយមកប្រក្រតីវិញ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

លោក Chaichan Chareonsuk ប្រធានក្រុមប្រឹក្សាក្រុមហ៊ុនដឹកជញ្ជូនជាតិថៃ ត្រូវបានដកស្រង់សំដីដោយកាសែតបាងកកប៉ុស្តិ៍ខណៈថ្លែងថា កត្តាហានិភ័យដែលមានស្រាប់ រួមមានថ្លៃដឹកជញ្ជូនខ្ពស់ កង្វះលំហរដឹកជញ្ជូន បញ្ហាកុងតឺណ័រ និងបន្ទះឈីប ព្រមទាំងតម្លៃប្រេង និងដែកដែលប្រែប្រួលខ្លាំង។

លោក Chaichan ថ្លែងទៀតថា ស្ថានភាពជំងឺកូវីដ-១៩ នឹងជាកត្តាហានិភ័យមួយផ្សេងទៀតនៅឆ្នាំក្រោយ ខណៈដែលចំនួនឆ្លងថ្មីនៅក្នុងប្រទេសថៃនៅតែមានកម្រិតខ្ពស់។

សំខាន់ជាងនេះទៀត លោកថ្លែងថា កង្វះពលករធ្វើការងារក្នុងវិស័យផលិតកម្មត្រូវបានរំពឹងថានឹងបន្តកើតមាន ដែលនាំឱ្យមានការរំពឹងថានឹងកើនឡើងការចំណាយលើការជួលបុគ្គលិក ហើយលើសពីនេះទៀត រដ្ឋាភិបាលថៃនៅមិនទាន់បង្វិលប្រាក់អាករលើតម្លៃបន្ថែមជូនក្រុមហ៊ុននាំចេញនៅឡើយទេ ដែលប៉ះពាល់ដល់មូលធនបង្វិលរបស់សហគ្រិន។

លោក Chaichan មានប្រសាសន៍ថា៖ «ក្នុងឆ្នាំ២០២២ តម្រូវការពិភពលោកត្រូវបានរំពឹងថានឹងវិលត្រលប់មករកភាពធម្មតាវិញ ហើយគ្រប់ប្រទេសនឹងរក្សាស្តុកទំនិញគ្រប់គ្រាន់។ ទោះជាយ៉ាងណា ក្រុមប្រឹក្សាក្រុមហ៊ុនដឹកជញ្ជូនជាតិថៃនៅតែជឿថា ការនាំចេញរបស់ថៃនឹងបន្តកើនឡើងបន្ថែមទៀតនៅឆ្នាំក្រោយនេះ»

លោក Chaichan ថ្លែងទៀតថា អាហារ ជ័រកៅស៊ូ វាយណភ័ណ្ឌនិងសម្លៀកបំពាក់ រថយន្តនិងគ្រឿងរថយន្ត និងឧស្សាហកម្មប្លាស្ទិក និងគីមី នឹងជាផលិតផលសម្រាប់នាំចេញ ដែលរំពឹងថានឹងមានកំណើនខ្ពស់បំផុត។

សម្រាប់រយៈពេល ៩ខែដំបូងក្នុងឆ្នាំនេះ ការនាំចេញរបស់ថៃបានកើនឡើង ១៥,៥ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ ១៩៩,៩ប៊ីលានដុល្លារ ខណៈដែលការនាំចូលបានកើនឡើង ៣០,៩ភាគរយដល់ ១៩៧,៩ប៊ីលានដុល្លារ ដែលនាំឱ្យមានអតិរេក (ផលលើស) ពាណិជ្ជកម្មចំនួន ២,០១ប៊ីលានដុល្លារ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕