(ភ្នំពេញ)៖ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានលើកឡើងថា ការរំពឹងការវិនិយោគលើវិស័យអចលនទ្រព្យ តែពីវិនិយោគិនក្នុងស្រុក មិនអាចរុញច្រានឲ្យសេដ្ឋកិច្ចក្នុងវិស័យនេះឲ្យរីកចម្រើនខ្លាំងនោះទេ វិស័យអចលនទ្រព្យអាចរីកចម្រើនខ្លាំងបាន លុះត្រាតែមានការចូលមកវិនិយោគ ពីវិនិយោគិនបរទេស។

លោកអះអាងថា ការលើកឡើងបែបនេះ ដោយសារតែការចូលមករបស់វិនិយោគិនបរទេស មកកម្ពុជា តែងតែនឹងនាំមកធនធានហិរញ្ញវត្ថុ ដែលធ្វើឲ្យកំណើនសេដ្ឋកិច្ច (GDP) របស់កម្ពុជាកើនឡើង ព្រោះកម្ពុជាមានទុនក្នុងស្រុកមួយហើយ ហើយត្រូវបូកទុនពីក្រៅស្រុកមួយទៀត ដែលផ្សំគ្នាទៅធ្វើឲ្យសេដ្ឋកិច្ចនៅកម្ពុជារីកចម្រើនលឿន។

រាជរដ្ឋាភិបាលកម្ពុជាថ្មីៗនេះ បានប្រកាសបើកប្រទេសឡើងវិញ អ្នកវិនិយោគិនក្នុងប្រទេសបានចាប់ផ្ដើមសម្លឹងមើលឱកាស ក្នុងការវិនិយោគ លើវិស័យអចលនទ្រព្យ ពិសេសអចលនទ្រព្យនៅភ្នំពេញ តាមជាយក្រុងភ្នំពេញ។

ការលើកឡើងរបស់លោក ច្រឹក សុខនីម ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួម ក្នុងកម្មវិធីសន្និសីទសារព័ត៌មាន នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ស្ដីពី «កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំអចលនទ្រព្យអាស៊ានក្នុងឆ្នាំ២០២១» ។

លោក ច្រឹក សុខនីម បានឲ្យដឹងថា «ការចូលរួមតែពីវិនិយោគិនក្នុងស្រុក មិនអាចរុញច្រានឲ្យឃឿនសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ច ក្នុងវិស័យអចលនទ្រព្យ ទទួលបានផលល្អប៉ុន្មានទេ អាចទទួលបានផលល្អបាន លុះត្រាតែមានការចូលរួម ពីសំណាក់បងប្អូនវិនិយោគិនបរទេស ដែលចូលមកវិនិយោគនៅកម្ពុជា ព្រោះអ្នកវិនិយោគិនបរទេស ដែលចូលមកវិនិយោគនៅកម្ពុជា នឹងនាំមកធនធានហិរញ្ញវត្ថុ ដូច្នេះធ្វើឲ្យកម្រិតកំណើន GDP របស់កម្ពុជាមានការកើនឡើង ដោយសារតែយើងមានទុនក្នុងស្រុក ហើយថែមមានទុនពីក្រៅស្រុកមកមួយទៀត ដូច្នេះទុនទាំងពីររួមផ្សំគ្នា នឹងធ្វើឲ្យវិស័យសេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា នឹងទទួលបាននូវភាពរីកចម្រើន គួរឲ្យកត់សំគាល់ផងដែរ»

លោកមើលឃើញថា ប្រទេសដែលនឹងចាប់អារម្មណ៍មកវិនិយោគនៅក្នុងប្រទេសកម្ពុជា គឺមានប្រទេសចិន, តៃវ៉ាន់, ជប៉ុន, សហរដ្ឋអាមេរិក ព្រមទាំងបណ្ដាប្រទេសផ្សេងៗទៀតដែលជាដៃគូ ក្នុងការវិនិយោគនៅកម្ពុជា។ ការបើកប្រទេសឡើងវិញ នឹងជួយឲ្យការទិញលក់ ទទួលបានកំណើនបន្ដិចម្ដងៗ ហើយកំណើនទាំងអស់នេះនឹងទទួលបានច្រើនជាកំហុក បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ព្រោះរំពឹងថា អ្នកវិនិយោគមិនថាជនជាតិចិន និងវិនិយោគិនមកពីប្រទេសផ្សេងៗ នឹងសម្រុកចូលមកកាន់កម្ពុជា ក្រោមលក្ខខណ្ឌមានវ៉ាក់សាំងការពារជំងឺកូវីដ១៩៕