(ភ្នំពេញ)៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអចលនទ្រព្យអាស៊ាន ដែលនឹងរៀបចំឡើងនៅចុងខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។ កិច្ចប្រជុំនេះនឹងរៀបចំឡើង ក្រោមប្រធានបទស្ដីពី «ការវាយតម្លៃអចលនវត្ថុ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩» រយៈពេលចំនួន២ថ្ងៃ គឺថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

កិច្ចប្រជុំនេះនឹងរៀបចំឡើងដោយមានការចូលរួម ពីគណៈប្រតិភូមកពី៨ ប្រទេសជាសមាជិកអាស៊ាន, សហរដ្ឋអាមេរិក, សហភាពអឺរ៉ុប, ចិន, ជប៉ុន និងប្រទេសកូរ៉េជាដើម។ កិច្ចប្រជុំកំពូលនេះធ្វើឡើងក្នុងគោលបំណង ពិភាក្សាអំពីទីផ្សារអចលនទ្រព្យ និងស្តង់ដារបច្ចេកទេស នៃការវាយតម្លៃក្នុងតំបន់អាស៊ាន អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ជាសកល។

ថ្លែងឲ្យដឹងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ អចលនវត្ថុអាស៊ាន (AVA) និងប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានឲ្យដឹងថា «កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំអចលនទ្រព្យអាស៊ាន ក្នុងឆ្នាំនេះ ដោយនឹងរៀបចំឡើងនៅថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមាន៨ប្រទេសចូល នេះមិនមែនជាលើកទី១ទេ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំនេះ ព្រោះថាកិច្ចប្រជុំ AVA នេះត្រូវបបានរៀបចំជារៀងរាល់ឆ្នាំ និងត្រូវបានផ្លាស់ប្ដូរវេនគ្នាមួយឆ្នាំម្ដងៗ តាមប្រទេសផ្សេងៗ»

លោកបានបន្ដថា សម្រាប់ឆ្នាំនេះដោយសារតែពិភពលោក និងកម្ពុជាជួបប្រទះបញ្ហាកូវីដ១៩ ដូច្នេះកិច្ចប្រជុំនេះនឹងរៀបចំឡើង តាមប្រព័ន្ធអនឡាញ ចំពោះកិច្ចប្រជុំអចលនទ្រព្យអាស៊ាននេះ នឹងដកស្រង់បទពិសោធន៍នានា ការវាយតម្លៃពីប្រទេសផ្សេងៗថា តើប្រទេសផ្សេងៗមានជំនាញ ឬបទពិសោធន៍បែបណា ដើម្បីវាយតម្លៃអចលនទ្រព្យ ទទួលបានប្រសិទ្ធភាពខ្ពស់ជាដើម។

លោក ច្រឹក សុខនីម បានបន្ថែមថា កិច្ចប្រជុំនេះនឹងមានការអញ្ជើញចូលរួម ពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងមានការចូលរួមពី អ្នកជំនាញផ្នែកអចលនទ្រព្យជាច្រើនរូបផងដែរ។ នេះជាកិត្តិសយដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងមានការគាំទ្រពីរាជរដ្ឋាភិបាល មកលើសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា។

លោកបន្ដថា កិច្ចប្រជុំ AVA នេះបានផ្ដល់អត្ថប្រយោជន៍ច្រើនដូចជា អាចរៀនសូត្រពីគ្នាទៅវិញទៅមក ពីអ្នកវាយតម្លៃអចលនទ្រព្យ ក្នុងតំបន់អាស៊ាន, បង្កើតទំនាក់ទំនងក្នុងការធ្វើជំនួញ ក្នុងវិស័យវាយតម្លៃអចលនទ្រព្យក្នុងតំបន់អាស៊ាន ព្រមទាំងការធ្វើការងាររួមគ្នា ក្នុងតំបន់អាស៊ានជាដើម៕