(ភ្នំពេញ)៖ អង្គរវត្ត ដែលស្ថិតនៅខេត្តសៀមរាប បានជាប់ចំណាត់ថ្នាក់លេខ១ ជាទីតាំងដ៏ល្អបំផុតសម្រាប់ទស្សនា បើធៀបនឹងទីតាំងដ៏ល្អបំផុតទាំង២៩ នៅតំបន់អាស៉ីអាគ្នេយ៍។ នេះបើតាមការសិក្សាដោយគេហទំព័រ Touropia Travel Guides ដែលជាគេហទំព័របង្ហាញពីទេសភាពដ៏អស្ចារ្យបំផុត នៅជុំវិញពិភពលោក។

គេហទំព័រ Touropia បានបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលនិយាយពីទីតាំងបុរាណវិទ្យា អ្នកទេសចរមិនចង់ខកខាន ការទស្សនាអង្គរវត្ត ដែលស្ថិតប៉ែកខាងជើង ប្រទេសកម្ពុជានោះទេ។ ទីនោះពោរពេញទៅដោយវប្បធម៌យ៉ាងអស្ចារ្យបំផុតលើពិភពលោក។ អច្ឆរិយវត្ថុទាំងនោះរួមមាន ប្រាសាទអង្គរវត្តដ៏ធំស្គឹមស្កៃ ប្រាសាទបាយ័ន ដែលមានថ្មធំៗតម្រៀបគ្នាចេញជាព្រហ្មមុខ៤ និងប្រាសាទតាព្រហ្ម ដែលជាប្រាសាទពុទ្ធសាសនា ដែលហ៊ុមព័ទ្ធទៅដោយដើមឈើធំៗ»

បើតាម Touropia, ទីតាំងរបស់កម្ពុជាមួយចំនួនទៀត ដែលជាប់ចំណាត់ថ្នាក់ដែរនោះគឺ រាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខ២០ និងខេត្តព្រះសីហនុ ជាប់ចំណាត់ថ្នាក់លេខ២៨។ ចំណែកឯ កោះបាលី របស់ប្រទេសឥណ្ឌូនេស៉ី ជាប់ចំណាត់ថ្នាក់លេខ២ និងឆ្នេរសមុទ្រហាឡុងបេយ៍ របស់ប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខ៣, រាជធានីបាងកក របស់ប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ៤ និងទីក្រុងបាកាន របស់មីយ៉ាន់ម៉ា ជាប់លេខ៥។

សូមជម្រាបថា នាពេលថ្មីៗនេះ ក្រោយការស្តង់មតិពីអ្នកទេសចរ នៅលើពិភពលោក ដោយវែបសាយអន្តរជាតិមួយឈ្មោះ Rough Guides ដែលជាទីភ្នាក់ងារទេសចរណ៍ និងជាក្រុមហ៊ុនបោះពុម្ពផ្សាយសៀវភៅមគ្គទេសក៍ដ៏ល្បីល្បាញ អំពីប្រទេសដែលរួសរាយរាក់ទាក់ជាងគេបំផុតនៅលើពិភពលោក «The World's Friendliest Countries» ក៏បានបង្ហាញថា កម្ពុជាជាប់ចំណាត់លេខ១ ដែលមានអ្នកបោះឆ្នោតគាំទ្រច្រើនជាងគេ នៅក្នុងប្រព័ន្ធអ៉ីនធើណេតថា ជាប្រទេសដែលមានភាពរួសរាយរាក់ទាក់បំផុត នៅលើពិភពលោកផងដែរ៕