(ភ្នំពេញ)៖ ធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) ដែលបានបង្កើតឡើងកាលពីឆ្នាំ២០២០ ដោយរាជរដ្ឋាភិបាលកម្ពុជា គិតរហូតមកទល់បច្ចុប្បន្ននេះ បានផ្តល់ឥណទាន ដល់សហគ្រាសធនតូច និងមធ្យមនូវទឹកប្រាក់១៧០លានដុល្លារ ដើម្បីជួយស្តារអាជីវកម្ម និងទប់លំនឹងអាជីវកម្មឱ្យនៅដំណើរការ ក្នុងពេលកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩។

លោក លឹម អូន អគ្គនាយក SME Bank បានឱ្យដឹងថា កាលពីខែមេសាឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តគម្រោង សហហិរញ្ញប្បទានក្នុងជំហានទី១ មានការចូលរួមពីធនាគារចំនួន៣៣ ដែលមានទំហំទឹកប្រាក់១០០លានដុល្លារ ដើម្បីផ្តល់កម្ចីដល់ SME ក្នុងការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ពួកគេ ឱ្យមានលទ្ធភាពក្នុងការបន្តអាជីវកម្ម ដោយបានផ្តល់ឥណទានអស់ ក្នុងខែតុលាឆ្នាំ២០២០។

លោកបន្តថា ចំណែកជំហានទី២ ដែលរាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តកាលពីខែមីថុនា ឆ្នាំ២០២១ ទំហំទឹកប្រាក់១០០លានដុល្លារបន្ថែមទៀត នោះ រហូតមកដល់ពេលនេះផ្តល់ឥណនទានបាន៧០លានដុល្លារហើយ នៅសល់ទឹកប្រាក់៣០លានដុល្លារទៀត ធនាគារនឹងផ្តល់ឥណទានដល់ SME បន្តទៀត។

លោក លឹម អូន លើកឡើងបន្តថា «ហើយយើងសង្ឃឹមថា បើសិនជា SME នៅតែជួបផលលំបាក កូវីដ១៩ នៅបន្តបង្កផលប៉ះពាល់ដល់អាជីវកម្ម ខ្ញុំគិតថារាជរដ្ឋាភិបាលនឹងគិតគូរពីបញ្ហានេះ នឹងបន្តឱ្យ SME បន្តគម្រោងហិរញ្ញប្បទាននេះបន្តទៀត»

គម្រោងសហហិរញ្ញប្បទានរបស់ធនាគារ SME ដែលបានបង្កើតមានគោលបំណងផ្តល់ឥណទានមានការប្រាក់ទាប ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាពដូចជាឧស្សាហកម្ម សេវាកម្ម និងពាណិជ្ជកម្មសម្រាប់ ជំនួសឱ្យការនាំចូល បម្រើសេចក្តីត្រូវការក្នុងស្រុក ឬបម្រើធាតុចូលក្នុងការផលិតរបស់ក្រុមហ៊ុនធំៗជាដើម ។

បើតាមលោក លឹម អូន ធនាគារ SME ផ្តល់ឥណទានសម្រាប់សហគ្រិនស្រ្តី មានអត្រាការប្រាក់តែ ៥.៥៥% ប៉ុណ្ណោះក្នុងមួយឆ្នាំ សម្រាប់វិស័យអាទិភាព និងការប្រាក់ ៥.៨៨% ទៅ៧.៥% ក្នុងមួយឆ្នាំ ជាការប្រាក់មួយដែលទាបបើធៀបនឹងធនាគារផ្សេងៗ ដែលនេះ គឺជាដំណោះស្រាយបឋមមួយ សម្រាប់អាជីកម្មក្នុងដែលរងផលប៉ះពាល់ ដោយសារវិបត្តិកូវីដ១៩។

ដោយឡែកចំពោះការផ្តល់ជាឥណទានធម្មតា ដែលវិស័យធនាគារ បានផ្តល់ទៅអតិថិជន មានរហូតដល់៥ពាន់លានដុល្លារ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១។ លើសពីនេះការរៀបចំឥណទានឡើងវិញ សម្រួលដល់អតិថិជន ជាពិសេស SME ដែលមានផលលំបាក ក្នុងការសងត្រលប់មកវិញ ដោយសារតែរងផលប៉ះពាល់ដោយវិបត្តិកូវីដ១៩ គិតត្រឹមខែកញ្ញា ឆ្នាំ២០២១នេះ មានទំហំប្រាក់ប្រមាណ៧ពាន់លានដុល្លារ៕