(ភ្នំពេញ)៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានឲ្យដឹងថា ក្នុងឆ្នាំ២០២២ខាងមុខនេះ ផ្សារមូលបត្រកម្ពុជារំពឹងថា នឹងមានក្រុមហ៊ុនជាច្រើនមកចុះបញ្ជី ក្នុងផ្សារមូលបត្រ ដោយសារតែក្រុមហ៊ុន ដែលបម្រុងឈានជើងចូលផ្សារមូលបត្រខកខាន នៅឆ្នាំ២០២១ ដូច្នេះខាងក្រុមហ៊ុននឹងសម្រុកមកចុះបញ្ជី នៅឆ្នាំ២០២២ ខាងមុខនេះជាពុំខាន។

លោកអះអាងថា ការរំពឹងនៃកំណើនជាច្រើនរបស់ក្រុមហ៊ុន នឹងឈានជើងចូលផ្សារមូលបត្រកម្ពុជានេះ ដោយសារតែបណ្ដាក្រុមហ៊ុនឯកជន ចាប់ផ្ដើមផ្លាស់ប្ដូរការរស់នៅ ដោយរស់តាមគន្លងថ្មីជាមួយជំងឺកូវីដ១៩ ដោយថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកប្រទេសឡើងវិញ ដូច្នេះនឹងមានបណ្ដាក្រុមហ៊ុនក្នុងស្រុក និងបរទេស ដែលពីមុនពិបាកធ្វើដំណើរចាប់ផ្ដើមវិលមកកាន់ស្ថានភាពល្អប្រសើរបន្ដិចម្ដងៗហើយ ដូច្នេះការងារបោះផ្សាយមូលបត្រ និងមានភាពងាយស្រួលជាងមុន។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ហុង សុហួរ បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបើកប្រទេស បើកទេសចរណ៍ សេដ្ឋកិច្ច ដូច្នេះរំពឹងថា អាជីវកម្មទាំងអស់នឹងមានភាពប្រសើរឡើង ហើយសម្រាប់អាជីវកម្ម ដែលបន្តរស់ដល់ពេលបច្ចុប្បន្ន ជាអាជីវកម្មដែលរឹងមាំខ្លាំងហើយ។

លោកបញ្ជាក់ថា «ឆ្នាំ២០២១ មានក្រុមហ៊ុនជាច្រើនយឺតយ៉ាវមកចុះបញ្ជី ក្នុងផ្សារមូលបត្រ ព្រោះឆ្នាំ២០២០ អាជីវកម្មនានា ទទួលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ដូច្នេះអាជីវកម្មមួយចំនួន ដែលគ្រោងចុះបញ្ជីក្នុងផ្សារមូលបត្រឆ្នាំនេះ បានពន្យារពេលដល់ឆ្នាំក្រោយដែលជាហេតុថា ឆ្នាំក្រោយរំពឹងមានក្រុមហ៊ុនជាច្រើន មកចុះបញ្ជីក្នុងផ្សារមូលបត្រនេះឯង»។

លោកបានបន្ថែមថា «ក្នុងឆ្នាំ២០២១នេះ ស្ថានភាពអាជីវកម្មមួយចំនួនបានកើនឡើង ដូច្នេះឆ្នាំ២០២២ តម្លៃអាជីវកម្មរបស់ក្រុមហ៊ុនានា នឹងមានភាពល្អប្រសើរ ដែលអនុញ្ញាតឲ្យម្ចាស់ក្រុមហ៊ុនទទួលបានតម្លៃល្អ និងអាចសម្រេចចិត្តមកចុះបញ្ជីកៀរគរទុនបន្ថែមបាន»។

លោកបញ្ជាក់ថា ក្នុងឆ្នាំ២០២០ កន្លងទៅផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចំនួន៥មកចុះបញ្ជីលក់មូលបត្រ ហើយឆ្នាំ២០២១ គិតមកដល់ពេលនេះទទួលបានក្រុមហ៊ុន២បានចុះមកបញ្ជី ប៉ុន្ដែចាប់ពីពេលនេះដល់ចុងឆ្នាំបន្ដរំពឹងថា នឹងទទួលបានក្រុមហ៊ុន៣បន្ថែមទៀត ខណៈក្រុមហ៊ុន១ទៀត ត្រូវបានផ្ដល់ការអនុញ្ញាតរួចរាល់ហើយ។

លោកបញ្ជាក់បន្ថែមថា ក្នុងឆ្នាំ២០២១នេះ ក្រៅអំពីក្រុមហ៊ុនចុះបញ្ជី បើមើលលើក្រុមហ៊ុនជួញដូរ មានការកើនឡើងខ្លាំង បើធៀបនឹងឆ្នាំមុនៗ ការបើកគណនីជួញដូរ ការចូលរួមក្នុងទីផ្សារមានច្រើនជាងមុន។ ទាំងនេះបង្ហាញពីឈានឡើង នៃវិស័យមូលបត្រកម្ពុជានាពេលខាងមុខនេះ។

គិតត្រឹម៩ខែចុងក្រោយនេះ ទំហំជួញដូរប្រចាំថ្ងៃ បានកើនឡើងរហូតដល់២២ម៉ឺនដុល្លារ ជាទំហំកើនឡើងបើធៀបនឹងឆ្នាំ២០១៩ មានត្រឹម១៦ម៉ឺនដុល្លារ ហើយឆ្នាំ២០២០ មានត្រឹម១១ម៉ឺនដុល្លារប៉ុណ្ណោះ។ ចំពោះគណនីជួញដូរវិញ ក្នុងមួយខែមានអ្នកបើកគណនីជួញដូរ រហូតដល់៣០០-៥០០គណនី៕