(ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០២១នេះ កម្ពុជារកចំណូលបានជាង៣៨០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។

របាយការណ៍បានបញ្ជាក់ថា ចំណូលសរុបប្រចាំនឭមាស (៩ខែ) ឆ្នាំ២០២១ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន៣៨០,៤៥៦,៧៩៣.៨៤ដុល្លារ ក្នុងនោះ ចំណូលពីការនាំចេញជ័កៅស៊ូ ចំនួន៣៧៩,៣៨៧,៩០៨ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន១,០៦៨,៨៨៥.៨៤ដុល្លារ។

ចំពោះបរិមាណនៃការនាំចេញ៩ខែឆ្នាំនេះ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន២២៧,៥៦៧តោន កើនឡើងចំនួន១៧,៤៦៩តោន ស្មើនឹង៨% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន៤,៧០៦ម៉ែត្រគូប។

សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម ចាប់ពីដើមឆ្នាំ រហូតមកដល់ខែកញ្ញា ឆ្នាំ២០២១ ថ្លៃ១,៦៦៧ដុល្លារ ក្នុងមួយតោន បានកើនឡើងចំនួន៣៧៦ដុល្លារ ក្នុងមួយតោន ស្មើនឹង២៩% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

គិតត្រឹម៩ខែ ឆ្នាំ២០២១ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,១៦០ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៤,៣១៩ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៨៩,៨៤១ហិកតា ស្មើនឹង២២%។

លោក ម៉ែន សុភក្តិ ប្រធានសមាគមអ្នកអភិវឌ្ឍន៍កៅស៊ូកម្ពុជា និងជាប្រធានក្រុមហ៊ុនវិនិយោគសុភក្តិនីកា ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះថា តម្លៃកៅស៊ូលើទីផ្សារអន្ដរជាតិ នាពេលបច្ចុប្បន្នមានការហក់ឡើង ហើយតម្រូវការច្រើន។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «តម្លៃកៅស៊ូលើទីផ្សារអន្ដរជាតិ មានការហក់ឡើង ខណៈដែលតម្រូវការនៅលើទីផ្សារនៅមាន ក្នុងនោះតម្លៃក៏ល្អ បើធៀបនឹងខែមុន ឬក៏ខែដូចគ្នា នៅឆ្នាំ២០២០ ប៉ុន្ដែដោយសារក្នុងខែកន្លងទៅមានភ្លៀងច្រើន បណ្ដាលឲ្យប៉ះពាល់ទៅលើការឲ្យផលជាទឹកជ័រ ឬក៏ជ័រចាន ដែលធ្វើឲ្យមានការបាត់បង់ជ័រច្រើន»

គូសបញ្ជាក់ថា ឆ្នាំ២០២០ កម្ពុជា បាននាំចេញជ័រកៅស៊ូជាង ៣៥ម៉ឺនតោន ទទួលបានចំណូលជាង ៤៨២លានដុល្លារ។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕