(ភ្នំពេញ)៖ អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានចាត់ទុកវិស័យធារ៉ាបរង ជាសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុយ៉ាងសំខាន់មួយ ដើម្បីជួយការពារអតិថិជន ពេលមានបញ្ហាអាជីវកម្ម ឬសុខភាពដោយប្រការណាមួយ។

ដោយមើលឃើញសារសំខាន់នេះ សមាគម៣រួមមាន សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធានារ៉ាប់រងកម្ពុជា បានរៀបចំសិក្ខាសាលារួមគ្នាស្តីពី «អត្ថប្រយោជន៍ នៃការប្រើប្រាស់សេវាធានារ៉ាប់រង» ដើម្បីលើកកម្ពស់ការយល់ដឹងពី តួនាទីរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងក្រុមហ៊ុនធានារ៉ាប់រង ដើម្បីចែករំលែកនូវបទពិសោធន៍ ព្រមទាំងការងារជាក់ស្តែងលើវិស័យធានារ៉ាប់រង ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ។

លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា «ផ្អែកតាមបទពិសោធន៍ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុកន្លងមក មូលហេតុចម្បងៗធ្វើឲ្យអតិថិជន ជួបប្រទះការក្ស័យធន និងវិបត្តិហិរញ្ញវត្ថុ បណ្តាលមកពីបញ្ហាសុខភាព គ្រោះធម្មជាតិ ព្រមទាំងគ្រោះថ្នាក់ចៃដន្យផ្សេងៗ។ ដូច្នេះសមាគមីក្រូហិរញ្ញវត្ថុជឿជាក់ថា បញ្ហាប្រឈមទាំងនេះ អាចនឹងត្រូវកាត់បន្ថយបាន ក្នុងកម្រិតអប្បបរមា ប្រសិនបើអតិថិជន ពិសេសអ្នកមានចំណូលទាប និងមធ្យម ប្រើប្រាស់សេវាធានារ៉ាប់រង សម្រាប់ការពារហានិភ័យទាំងនោះ»

លោក គា បូរាណ បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទូទៅ ពិសេសប្រជាពលរដ្ឋតាមជនបទ ឲ្យមានការយល់ដឹងពី សារៈសំខាន់នៃការការពារ និងសេវាធានារ៉ាប់រង ព្រោះនេះពិតជានឹងចូលរួមចំណែក ក្នុងការបង្កើតឲ្យមានសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុក្នុងសង្គម ក្នុងការកាត់បន្ថយហានិភ័យកម្រិតបុគ្គល និងក្រុមគ្រួសារ។

លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានថ្លែងថា «ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗ រមែងប្រឈមនូវហានិភ័យផ្សេងៗ ដែលជាព្រឹត្តិការណ៍ ឬគ្រោះអកុសលកើតឡើងដោយចៃដន្យ បង្កឲ្យមានការលំបាកផ្នែកហិរញ្ញវត្ថុ ប៉ុន្តែហានិភ័យទាំងនោះអាចគ្រប់គ្រង តាមរយៈការផ្ទេរទៅក្រុមហ៊ុនធានារ៉ាប់រង»

លោកបន្ថែមថា បុគ្គលគ្រប់រូបគួរស្វែងយល់ឲ្យច្បាស់ ពីហានិភ័យដែលខ្លួនប្រឈម ហើយទិញធានារ៉ាប់រងដែលមានវិសាលភាព សមស្របសម្រាប់ការពារហានិភ័យទាំងនោះ ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុរបស់ខ្លួន ពេលមានហានិភ័យកើតឡើង។

លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា សេវាធានារ៉ាប់រងឥណទាន ផ្តល់នូវសំណាញ់ សុវត្តិភាពហិរញ្ញវត្ថុ ដែលនឹងធានាពីលទ្ធភាពទូទាត់សងបំណុល នៅពេលអតិថិជនជួបប្រទះបញ្ហាអាជីវកម្ម ឬបញ្ហាសុខភាពដែលប៉ះពាល់ដល់ប្រភពចំណូលក្នុងការទូទាត់សងឥណទានរបស់ខ្លួន ដើម្បីជៀសវាងការលក់ទ្រព្យធានាដើម្បីទូទាត់បំណុលរបស់អតិថិជន។

លោកបានបន្ដថា គិតត្រឹមខែកញ្ញាឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឲ្យធនាគារចំនួន២២ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន១ ផ្តល់សេវាប៊េងកាសួរេនតាមរយៈ ម៉ូលឌែលភ្នាក់ងារ។ ការអនុញ្ញាតឲ្យ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុប្រកបអាជីវកម្មប៊េងកាសួរេន បានបង្កើនភាពងាយស្រួល ដល់សាធារណជនក្នុងការទទួលបានសេវាធានារ៉ាប់រងដូចជា សេវាធានារ៉ាប់រងសុខភាព សេវាធានារ៉ាប់រងអាយុជីវីត និងសេវាធានារ៉ាបរងខ្នាតតូចដទៃទៀត តាមរយៈបណ្តាញចែកចាយ តាមសាខារបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលមាននៅគ្រប់ទីតំបន់ក្នុងប្រទេសកម្ពុជា។

លោក ប៊ូ ច័ន្ធភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជាបានឲ្យដឹងថា វិស័យធានារ៉ាប់រង ជាសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលបាននឹងកំពុងដើរតួនាទីជាសមាសភាគមួយដ៏សំខាន់ ក្នុងការទ្រទ្រង់វិស័យសន្តិសុខសង្គម និងវិស័យសេដ្ឋកិច្ច។

លោកបានបន្តថា បើទោះបីជាវិបត្តិកូវីដ១៩ នៅបន្តរាតត្បាតក្នុងសកលលោក ធ្វើឲ្យប៉ះពាល់ដល់កំណើនសដ្ឋកិច្ចសកល និងសេដ្ឋកិច្ចប្រទេសកម្ពុជាក៏ដោយ ក៏វិស័យធានារ៉ាប់រងកម្ពុជា នៅតែបន្តការរីកចម្រើនដោយរក្សាកំណើនវិជ្ជមានប្រមាណ៨ភាគរយ ក្នុងឆ្នាំ២០២០ និងព្យាករថានឹងកើនឡើងប្រមាណ១០ភាគរយ ក្នុងឆ្នាំ២០២១។

លោកបញ្ជាក់ថា ទោះជាមានការរីកចម្រើនយ៉ាងនេះក្តី ប្រសិនបើយើងពិនិត្យមើលអត្រាភាគទានធានារ៉ាប់រង ក្នុងសេដ្ឋកិច្ចកម្ពុជាមានប្រមាណតែ ១,០៤ភាគរយ និងដង់ស៊ីតេធានារ៉ាប់រងមានប្រមាណតែ១៧.២៦ដុល្លារក្នុងម្នាក់ប៉ុណ្ណោះក្នុងឆ្នាំ២០២០ គឺមានកម្រិតទាបនៅឡើយបើធៀបនឹងតំបន់។

គូសបញ្ជាក់ថា បច្ចុប្បន្ន មានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៤០ ក្នុងនោះមានក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន ១៤ ក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន ១ និងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន ៧។ ក្រុមហ៊ុនជើងសាធានាររ៉ាប់រងចំនួន ១៦ ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងចំនួន ២៦ ដែលក្នុងនោះមានធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ២១ ជាភ្នាក់ងារធានារ៉ាប់រង ហៅថាប៊េងកាសួរេន និងបុគ្គលភា្នក់ងារធានារ៉ាប់រងចំនួនជាង ៥,០០០នាក់៕