(ភ្នំពេញ)៖ តាមការព្យាករណ៍របស់រាជរដ្ឋាភិបាល វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា នឹងបន្តងើបឡើងវិញ ក្នុងល្បឿនយឺត នៅឆ្នាំ២០២២។

សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ បានឱ្យដឹងថា អនុវិស័យសំណង់ ត្រូវបានរំពឹងថានឹងបន្តងើបក្នុងល្បឿនយឺត ដោយសារការរំពឹងទុកការងើបឡើងវិញសន្សឹមៗ នូវទំនុកចិត្តវិនិយោគ និងរំហូរទុនវិនិយោគ ជាពិសេសសកម្មភាពសំណង់បម្រើ ឱ្យវិស័យទេសចរណ៍ និង ពាណិជ្ជកម្ម។

ចំណែកសកម្មភាពសំណង់លំនៅឋាន ក៏ត្រូវបានរំពឹងថា នៅបន្តរក្សាកំណើន ប៉ុន្តែស្ថិតក្នុងកម្រិតទាប។ ជាមួយគ្នានេះដែរ អនុវិស័យអចលនទ្រព្យមាននិន្នាការដូចគ្នា ទៅនឹងវិស័យសំណង់ ដែលត្រូវបានរំពឹងថា បន្តកំណើនទាប ដោយសារការរំពឹងទុកនៃការងើបឡើងជាបណ្តើរៗ នូវទំនុកចិត្តវិនិយោគ និងរំហូរវិនិយោគទុនពីបរទេស។

អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នាពេលថ្មីៗនេះថា បើទោះបីជារដ្ឋាភិបាលបើកសេដ្ឋកិច្ចឡើងវិញក៏ដោយ តែនឹងមិនធ្វើឱ្យវិស័យសំណង់ និងអចលនទ្រព្យមានសន្ទុះកើនខ្លាំង នៅឆ្នាំក្រោយ ដូចវិស័យផ្សេងទៀតនោះទេ ដោយសារត្រូវពឹងផ្អែកទៅស្ថានភាព នៅលើសាកលលោកដែរ។

អ្នកឧកញ៉ាពន្យល់បន្ថែមថា «វិស័យអចលនទ្រព្យ បើវាចង់ឡើងក៏មិនអាចស្ទុះងើបលឿនដែរ វាឡើងសន្សឹមៗ អីចឹងសម្រាប់សេដ្ឋកិច្ចជារួម បើយើងបើកទៅ ទេសចរណ៍ច្រើន វិស័យឧស្សាហកម្មដំណើរការល្អ កសិកម្មដំណើរការល្អ វាជាចំណែកមួយ ដែលធ្វើឱ្យសេដ្ឋកិច្ចយើងឡើង ហើយអាចនឹងឡើងគួរសមដែរ បើសិនជាវិស័យអចលនទ្រព្យ វាមិនអាចឡើងលឿនទេ វាឡើងសន្សឹមៗទៅតាមគ្នា»

យោងតាមរបាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គម របស់ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២១ ចំនួនគម្រោងដែលទទួលបានការអនុញ្ញាតឱ្យសាងសង់សរុបមានចំនួន២៩០១គម្រោង ដែលមានតម្លៃគម្រោងសរុប ចំនួន៣៨៤៣លានដុលា្លរ បានធ្លាក់ចុះ២៤.៤% ក្នុងនោះប្រភេទសំណង់លំនៅដ្ឋានមាន២ ៥៣០គម្រោង ដែលស្មើនឹង៨៧.២%នៃ សំណើសុំសាងសង់សរុប បានធ្លាក់ចុះ៤៤៩ គម្រោងធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន៕