(ភ្នំពេញ)៖ មន្ត្រី និងអ្នកជំនាញក្នុងវិស័យទេសចរណ៍ បានឱ្យដឹងថា ស្របពេលចរន្តទេសចរណ៍ក្នុងស្រុកចាប់ផ្តើមងើបឡើងវិញ និង ផែនការបើកទទួលភ្ញៀវទេសចរបរទេសនៅចុងឆ្នាំ បានធ្វើឱ្យមូលដ្ឋានអាជីវកម្មទេសចរណ៍មួយ ដែលបានបិទទ្វារកាលពីពេលកន្លងទៅ បានចាប់ផ្តើមដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញបណ្តើរៗហើយ ជាពិសេសនៅប៉ែកតំបន់ឆ្នេរ និងភូមិភាគឦសាន ខណៈដែលសៀមរាបងើបឡើងវិញតិចតួចប៉ុណ្ណោះ ភាគច្រើននៅបន្តបិទដដែល។

លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះថា បន្ទាប់ពីមានការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ បានធ្វើឱ្យមូលដ្ឋានអាជីវកម្មទេសចរណ៍ នៅទូទាំងប្រទេសប្រមាណ៣០% បានបិទទ្វារផ្អាកអាជីវកម្ម។ ដោយឡែកសម្រាប់ខេត្តសៀមរាប អាជីវកម្មប្រមាណ៩០% បានបិទទ្វារ។

លោកបន្តថា បើទោះបីជាស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ បានធូរស្រាលជាងមុន និងការចេញដើរកម្សាន្តរបស់ទេសចរណ៍ផ្ទៃក្នុង ចាប់ផ្តើមងើបឡើងវិញ ជាពិសេសក្នុងអំឡុងពេលភ្ជុំបិណ្ឌក៏ដោយ ប៉ុន្តែមូលដ្ឋានអាជីវកម្មទេសចរណ៍ប្រមាណ៣០% ដែលបានបិទទ្វារផ្អាកអាជីវកម្មកាលពីដើមឆ្នាំ មិនទាន់បានបើកទាំងអស់នោះទេ ទើបនឹងបើកឡើងវិញ បានមួយចំនួនប៉ុណ្ណោះ។ ចំពោះអាជីវកម្មណា ដែលមិនទាន់មានបុគ្គលិកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គ្រប់ចំនួន តាមការកំណត់របស់រាជរដ្ឋាភិបាលនោះទេ ក្រសួងនឹងមិនអនុញ្ញាតឱ្យបើកដំណើរឡើយ។

លោកបញ្ជាក់បន្ថែមថា «ដូចជាមានខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងសៀមរាបជាដើម គឺចាប់ផ្តើមដំណើរការឡើងវិញបណ្តើរៗហើយ ហើយអាជីវកម្មខ្លះ បុគ្គលិកគាត់ចាក់វ៉ាក់សាំងគ្រប់អស់ហើយ ខ្លះស្ទើរតែគ្រប់។ អ្នកខ្លះគាត់កំពុងតែរៀបរៀបចំជួសជុស កែលម្អ កន្លែងរបស់គាត់ឱ្យវាស្អាត ឱ្យវាមានសោភ័ណ្ឌភាព សម្រាប់ត្រៀមទទួលភ្ញៀវទេសចររបស់យើង»

ជុំវិញបញ្ហានេះ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឱ្យដឹងថា សកម្មភាពនៃការចេញដើរកម្សាន្តរបស់ភ្ញៀវទេសចរក្នុងស្រុក កាលពីអំឡុងបុណ្យភ្ជុំបិណ្ឌ បានជួយឱ្យអាជីវកម្ម ចាប់ផ្តើមងើបឡើងវិញ ជាបណ្តើរផងដែរ។

លោកស្រីបន្ថែមថា «ថ្មីៗ យើងអត់មានតួលេខ ប៉ុន្តែយើងឃើញថា ពួកគាត់ងើបបានច្រើននៅតាមបណ្តាខេត្តនានា គ្រាន់តែនៅខាងសៀមរាប គាត់ងើបបានតិចតែប៉ុណ្ណឹង ដោយសារតែសេវាកម្មរបស់ពួកគាត់សំបូរបែបពេក សម្រាប់តែទទួលភ្ញៀវបរទេស។ ដោយឡែកខេត្តផ្សេងៗ គាត់បើកដូចចង់ទាំងអស់ឡើងវិញហើយ ដូចជាខេត្តមណ្ឌលគិរី ខេត្តកែប ខេត្តកំពត ជាដើម»។

ក្រុមអ្នកជំនាញទេសចរណ៍លើកឡើង បើទោះបីជាភ្ញៀវក្នុងស្រុកចាប់ផ្តើមដើរកម្សាន្តឡើងវិញក៏ពិតមែន ប៉ុន្តែអាចស្រោចស្រង់អាជីវកម្មទេសចរណ៍បានតិចតួចប៉ុណ្ណោះ មានតែការបើកប្រទេសទទួលភ្ញៀវអន្តរជាតិ ទើបអាចជួយស្រោចស្រង់វិស័យទេសចរណ៍ ឱ្យដំណើរការល្អប្រសើរឡើង។

ចំពោះផែនការបើកទទួលភ្ញៀវទេសចរបរទេស ដែលចាក់វ៉ាក់សាំងរួចនៅចុងឆ្នាំនេះ លោក តុប សុភ័ក បានបញ្ជាក់ថា ក្រសួងបានត្រៀមរៀបចំរួចហើយ តែត្រូវរង់ចាំការប្រកាសពីប្រមុខរដ្ឋាភិបាល និងរង់ចាំមើលការវិវត្តនៃស្ថានភាពជំងឺកូវីដ១៩ ប្រសិនបើមិនមានស្ថានភាពធ្ងន់ធ្ងរទេនោះ ផែនការបើកទទួលភ្ញៀវទេសចរបរទេស នឹងអាចអនុវត្តបានឆាប់ៗខាងមុខនេះ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរអាស៊ីប៉ាហ្វិកកម្ពុជា បានលើកឡើងថា គម្រោងបើកទទួលភ្ញៀវទេសចរអន្តរឡើងវិញនៅចុងឆ្នាំ ប្រៀបដូចជាជួយវិស័យទេសចរណ៍ និងអាជីវករឱ្យរស់ឡើងវិញ ។

លោកបញ្ជាក់ថា ប្រតិបត្តិករទេសចរណ៍រួមមាន ក្រុមហ៊ុនទេសចរណ៍ និងសណ្ឋាគារធំៗមួយចំនួន មិនអាចនឹងស៊ូឈរជើងបាន លើសពីកន្លះឆ្នាំទៀតទេ លើកលែងតែសណ្ឋាគារដែលទីក្រុងភ្នំពេញ កែប កំពត ដែលមានទីផ្សារភ្ញៀវក្នុងស្រុកចូលស្នាក់នៅខ្លះៗ ។

«សម្រាប់ខ្ញុំការបើកឡើងវិញ វាជួយច្រើនមែនទែន វាដូចជា ផ្កាស្រពោនហើយយើងយកទឹកទៅស្រោច ធ្វើឱ្យវាចាប់ផ្តើមលូតលាស់ឡើងវិញ។ [....] ពួកយើងត្រៀមរួចរាល់ហើយក្នុងការស្វាគមន៍ ថ្វីត្បិតតែមានប្រតិបត្តិករទេសចរណ៍យើងមួយចំនួនបានក្ស័យធន់ និងមួយចំនួនទៀតបានប្តូរមុខរបរ មួយចំនួនទៀតកំពុងដុតដៃដុតជើង ហើយអ្នកដែលមានលទ្ធភាព ដែលគេមិនទាន់រំសាយក្រុមការងារ ក៏គេបានត្រៀមរួមជាស្រេចដែរ សូម្បីខ្លួនខ្ញុំផ្ទាល់ ក៏ខ្ញុំបានត្រៀមរួចជាស្រេចហើយ។ ព្រលានយន្តហោះទាំងបី ក្រុមហ៊ុនអាកាសចរណ៍ ក្នុងស្រុកមួយចំនួនក៏គេបានប្រកាសថា គេរួចរាល់ហើយ»។ លោក ស៊ីណាន លើកឡើងបន្ថែម។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ថា ការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យចំនួនទេសចរអន្តរជាតិ ដែលចូលមកកំសាន្តក្នុងប្រទេសកម្ពុជា បានថយចុះរហូតដល់៨០.២% ដែលបាននាំឱ្យប៉ះពាល់ការងារផ្ទាល់ជាង ១១ម៉ឺននាក់ និងការងារមិនផ្ទាល់រាប់ម៉ឺននាក់ទៀត ហើយនិន្នាការនេះនឹងបន្តធ្លាក់ចុះតទៅទៀតក្នុងឆ្នាំ២០២១នេះ ៕