(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Goldman Sachs បានកាត់បន្ថយការព្យាកររបស់ខ្លួន អំពីទិសដៅកំណើនសេដ្ឋកិច្ច របស់អាមេរិកមកនៅត្រឹម ៥.៦% សម្រាប់ឆ្នាំ២០២១ និង៤% សម្រាប់ឆ្នាំ២០២២ ដោយលើកឡើងពីការធ្លាក់ចុះការគាំទ្រផ្នែកសារពើពន្ធរហូតដល់ដំណាច់ឆ្នាំក្រោយ និងការយឺតយ៉ាវកាន់តែយូរ ទៅនៃការស្ទុះងើបឡើងវិញ ការចំណាយរបស់អតិថិជនជាងការរំពឹងទុកកន្លងមក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័តមានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់ការស្រាវជ្រាវមួយ របស់អ្នកនិពន្ធមួយក្រុមមកពី ក្រុមហ៊ុន Goldman Sachs ដែលជាប្រធាសេដ្ឋវិទូរបស់ក្រុមហ៊ុននេះផងដែរនោះថា កន្លងមកក្រុមហ៊ុនបានព្យាករថា ផលិតផលក្នុងស្រុកសរុប (GDP) របស់អាមេរិកនឹងកើនឡើង ៥.៧% នៅឆ្នាំ២០២១ និង ៤.៤% នៅឆ្នាំ២០២២។

អ្នកនិពន្ធទាំងនេះបានចង្អុលបង្ហាញទៅកាន់ «បញ្ហាដែលបង្កឡើងដោយវីរុស ដែលកើតមានកាន់តែយូរឡើង ទៅលើសេវាដែលប៉ះពាល់ខ្លាំង ដោយសារវីរុស» ព្រមទាំងលើកឡើងពីការរំពឹងថា ការផ្គត់ផ្គង់ឧបករណ៍ពាក់កណ្តាលចម្លង (Semiconductor) នឹងទំនងជានឹងមិនមានភាពប្រសើរឡើងវិញឡើយ រហូតដល់ត្រីមាសទី២ ឆ្នាំ២០២២ ដែលបង្កឱ្យមានការពន្យារ ពេលការទិញបំពេញស្តុកឡើងវិញ រហូតដល់ឆ្នាំក្រោយ។

សម្រាប់ផលប៉ះពាល់ក្នុងរយៈពេលខ្លី អ្នកនិពន្ធទាំងនេះក៏រំពឹងផងដែរថា ការចំណាយលើសេវាមួយចំនួន និងទំនិញមិនប្រើប្រាស់បានយូរនឹងស្ថិត នៅក្រោមនិន្នាការមុនពេលមានការរាតត្បាតជំងឺកូវីដ-១៩ «ប្រសិនបើការផ្លាស់ប្តូរ ទៅធ្វើការពីចម្ងាយបង្កឱ្យបុគ្គលិកចំណាយតិចជាងមុនបើគិតជារួម»

ទីភ្នាក់ងារព័តមានរ៉យទ័របានរាយការណ៍បន្តថា បើគិតជាត្រីមាសវិញក្រុមហ៊ុន Goldman បានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចប្រចាំត្រីមាសទី៤ ឆ្នាំ២០២១ និងត្រីមាសទី១ ឆ្នាំ២០២២ របស់ខ្លួនពី ៥% មកនៅត្រឹម ៤.៥% សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២១ និងពី ៣.៥% មកត្រឹម ៣% សម្រាប់ត្រីមាសទី១ ឆ្នាំ២០២២។ ទោះជាយ៉ាងណា ក្រុមហ៊ុននេះបានដំឡើងការព្យាករសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២២ ពី ១.៥% ដល់ ១.៧៥%៕