(ភ្នំពេញ)៖ ស្លឹកគ្រៃ ភ្លុកដំរី ដែលកំពុងដាំដុះដោយសហគមន៍មានជ័យស្នួលទ្រេត ខេត្តបន្ទាយមានជ័យ កំពុងមានតម្រូវការទីផ្សារល្អ សម្រាប់នាំចេញទៅប្រទេសថៃ ដោយប្រទេសនេះមានតម្រូវការប្រមាណ១០០តោនក្នុងមួយសប្តាហ៍ តែកសិករខ្មែរមានលទ្ធភាពផ្គត់ផ្គង់ស្លឹកគ្រៃក្រៀម ប្រមាណ៥តោនប៉ុណ្ណោះក្នុងមួយសប្ដាហ៍។

លោក នាក់ ភា ប្រធានសហគមន៍មានជ័យស្នួលទ្រេត បានឱ្យដឹងថា សហគមន៍បានចាប់ផ្តើមនាំចេញស្លឹកគ្រៃភ្លុកដំរីក្រៀម កាលពីខែមុនទៅប្រទេសថៃ ហើយរហូតមកដល់ពេលនេះ ទើបតែនាំចេញប្រហែលជាង១០តោនប៉ុណ្ណោះ។
លោកបន្ថែមថា បញ្ហាប្រឈមនៃការនាំចេញ ក្រៅពីការដាំដុះនៅមានបរិមាណតិច បច្ចុប្បន្ននេះកសិករកំពុងប្រឈមនឹងការផលិត ដោយសារតែមេឃភ្លៀង គ្មានថ្ងៃសម្រាប់ហាល។

ប្រធានសហគមន៍រូបនេះបានបញ្ជាក់ថា សហគមន៍មានជ័យស្នួលទ្រេត មានកសិករជាសមាជិកជាង១០០គ្រួសារ កំពុងដាំដុះស្លឹកគ្រៃពូជភ្លុកដំរីលើផ្ទៃដី ជាង២០០ហិកតា។ នៅថ្ងៃខាងមុខ សហគមន៍គ្រោងពង្រីកការដាំដុះឱ្យបាន១០០០ហិកតា សម្រាប់ផលិតស្លឹកគ្រៃនាំចេញ។

លោក នាក់ ភា បានឱ្យដឹងថា តម្លៃស្លឹកគ្រៃក្រៀម ដែលសហគមន៍ទិញពីកសិករមានតម្លៃ១៤០០រៀល ក្នុងមួយគីឡូក្រាម។ តែយ៉ាងណាសហគមន៍ ទទួលទិញស្លឹកគ្រៃដែលដាំដុះតាមស្តង់ដារសេរីរាង្គ ដោយមិនប្រើសារធាតុគីមីឡើយ។

លោកបានឱ្យដឹងថា បន្ថែមពីទីផ្សារថៃ លោកកំពុងសម្លឹងចាប់យកទីផ្សារចិនដែលជាទីផ្សារធំ សម្រាប់នាំចេញដោយផ្ទាល់ផងដែរ។

លោក នាក់ ភា បញ្ជាក់បន្ថែម «ដោយសារគេផលិតលក់អត់គ្រប់តម្រូវការ យើងនាំលក់ឱ្យដៃគូថៃ គេនាំលក់ទៅឱ្យចិន អីចឹងយើងចង់បានទីផ្សារមួយទៀតពីចិនផ្ទាល់មកកម្ពុជាយើងក៏កាន់តែល្អ មិនយើងបោះបង់ថៃចោលទេ យើងនៅតែចាប់ជាដៃគូ ប៉ុន្តែយើងពង្រីកផលិតកម្មរបស់យើង»

ដោយឡែកសម្រាប់គល់ស្លឹកគ្រៃស្រស់វិញ មិនទាន់អាចនាំចេញទៅក្រៅប្រទេសបាន គឺមានតែទីផ្សារក្នុងស្រុកប៉ុណ្ណោះ ដោយសហគមន៍មានលទ្ធភាពផ្គត់ផ្គង់ប្រមាណ២០តោនទៅ៥០តោនក្នុងមួយថ្ងៃ។

ប្រធានសហគមន៍រូបនេះបន្ថែមថា ក្រៅពីនាំចេញស្លឹកគ្រៃក្រៀម លោកក៏កំពុងរកទីផ្សារនាំចេញគល់ស្លឹកគ្រៃ ទៅប្រទេសមួយចំនួនទៀត ដូចជាទៅសឹង្ហបុរី និងកូរ៉េ។

លោកបញ្ជាក់ថា «ដូចខាងសាំងហ្គាពួរ គេឱ្យយើងផ្ញើប៉ាន់ទៅហើយ តែផ្ញើចេញមិនរួចដោយគេថា ប្រទេសគេមានច្បាប់មិនឱ្យចូលរបស់ស្រស់ ឱ្យផ្ញើតែក្រៀម។ ហើយកូរ៉េខាងត្បូងអី គេក៏ចាប់ផ្តើមកុម៉ង់យើងដែរ តែមិនទាន់បានបញ្ជូនចេញទេ»

សម្រាប់ស្លឹកគ្រៃក្រៀមដែលកម្ពុជានាំចេញនេះ គេយកទៅកែច្នៃធ្វើជាតែ ភេសជ្ជៈប៉ូវកម្លាំង និងម្សៅស្លឹកគ្រៃជាដើម៕