(ភ្នំពេញ)៖ ក្នុងរយៈពេល៥ ឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា ការដាក់ប្រាក់បញ្ញើនៅតាមបណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានការរីកចម្រើនគួរឲ្យគត់សម្គាល់។

ជាក់ស្តែងបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា គិតត្រឹមឆមាសទី១ ឆ្នាំ២០២១នេះ ការដាក់ប្រាក់បញ្ញី ឬ ហៅម្យ៉ាងទៀតថាជាការដាក់ប្រាក់សន្សំ ក្នុងប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុ មានកំណើនជិត២០ភាគរយ ដែលស្មើនឹងទឹកប្រាក់សរុប ១៣០.៨ ទ្រីលានរៀលឫប្រមាណ ៣២ ពាន់លានដុល្លារអាមេរិក។

ប្រជាពលរដ្ឋកម្ពុជាមួយចំនួនតែងតែគិតថា ការសន្សំទាល់តែមានសាច់ប្រាក់ទំនេរ ឬចាយវាយសល់ ទើបអាចសន្សំបាន ប៉ុន្តែការសន្សំប្រាក់ពិតប្រាកដមិនមានន័យបែបនេះទេ។ ការសន្សំ គឺជាដំណើរការនៃការរក្សាទុកនូវប្រាក់ ដែលជាចំណែកណាមួយនៃប្រាក់ចំណូល ដើម្បីប្រើប្រាស់នៅពេលក្រោយ ពេលមានអាសន្នចាំបាច់ ឬដើម្បីសម្រេចគោលបំណងអ្វីមួយ។

នៅកម្ពុជា វប្បធម៌នៃការសន្សំប្រាក់ ចាប់ផ្តើមវិវត្តរីកចម្រើនគួរឲ្យគត់សម្គាល់ ដោយធ្លាប់តែប្រើវិធីសាស្ត្រទុកដាក់ប្រាក់ក្នុងផ្ទះដូចជា សន្សំដោយញាត់ក្នុងកូនជ្រូកដី ដាក់ក្រោមខ្នើយ កន្ទេល ឬទុកដាក់កន្លែងផ្សេងៗទៀត មកជាការបង្កើតគណនីនៅតាមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីទុកដាក់ប្រាក់សន្សំជំនួសវិញ។

លោកស្រី ប៉ែន បុប្ផា នាយិកាក្រុមហ៊ុនឬទ្ធិពល បានបញ្ជាក់ថា ការសន្សំនឹងធ្វើឲ្យយើង អាចមានកញ្ចប់ថវិកាមួយចំនួន សម្រេចនូវគោលដៅ ក៏ដូចជាក្ដីស្រមៃ របស់យើង។ ការសន្សំក៏ជួយឲ្យយើងបង្ការនូវគ្រាអាសន្នមួយចំនួន ជាក់ស្ដែងដូចជាបញ្ហាកូវីដ-១៩ យើងអាចយកកញ្ចប់សន្សំនេះ មកដោះស្រាយបាន។

ដោយឡែកលោក ង៉ែត ជូរ អ្នកជំនាញក្នុងវិស័យហរិញ្ញវត្ថុ បានលើកឡើងថា វិស័យធនាគារ និងវិស័យមីក្រូហិរញ្ញវត្ថុ មានការរីកចម្រើន គឺចង់សំដៅដល់ការយកប្រាក់ ទៅដាក់ក្នុងគ្រឹះស្ថានទាំងអស់នោះ ដោយមិនមែនមានន័យថា យកប្រាក់ទៅដាក់នៅក្រោមកន្ទេល ឬក៏ស្រោមខ្នោយ ដូចសម័យកាលបុរាណនោះទេ។

លោក ង៉ែត ជូរ បានបន្ថែមទៀតថា ការដែលយកប្រាក់ ទៅដាក់ក្នុងប្រព័ន្ធធនាគារ គឺអាចអនុញ្ញាតឲ្យប្រព័ន្ធធនាគារនោះ ប្រើសាច់ប្រាក់ទាំងនោះ ផ្ដល់កម្ចីដល់វិស័យឯកជន ដើម្បីយកទៅវិនិយោគបន្ដ ក្នុងការបង្កើតផលចំណេញដល់សេដ្ឋកិច្ច ក៏ដូចជាបង្កើតការងារជូនប្រជាពលរដ្ឋ។

លោក ម៉ែន ភក្តី ប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យ និងវិភាគម៉ាក្រូ នៃអគ្គនាយកដ្ឋានត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរនាពេលបច្ចុប្បន្ន មានការយល់ដឹងច្រើន ពាក់ព័ន្ធនឹងការងារប្រាក់បញ្ញើ ឬក៏ប្រាក់សន្សំ។

លោកបានលើកឡើងថា ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ដ្រជាតិ ស្ដីពីបរិយាប័ន្នហិរញ្ញវត្ថុ ដែលមានការអនុម័ត ពីរាជរដ្ឋាភិបាលកាលពីឆ្នាំ២០១៩ ហើយយុទ្ធសាស្ដ្រនេះ លើកទឹកចិត្ដឲ្យ មានការសន្សំប្រាក់ពីប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហរិញ្ញវត្ថុនៅកម្ពុជា បានយកចិត្ដទុកដាក់ ដោយពិភាក្សាគ្នាជាប្រចាំ ពាក់ព័ន្ធនឹងបរិយាប័ន្នហិរញ្ញវត្ថុនេះ។

លោក ម៉ែន ភក្ដី បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំយល់ឃើញថា មានការយល់ដឹងច្រើន តែនៅចំណុចខ្លះ មិនបានយល់ដឹងស៊ីជម្រៅនោះទេ ជាពិសេសការសន្សំ [...] អ្នកខ្លះយល់ឃើញថា ទាន់តែមានលុយច្រើន បានមានការសន្សំ នៅក្នុងន័យនេះ គឺសូមជម្រាបជូនថា នៅពេលដែលបានចំណូល យើងត្រូវបែងចែកប្រាក់ចំណូល បែងចែងជា៣ចំណុច៖ ចំណាយចាំបាច់, ការសន្សំ, និងការចំណាយផ្សេងៗ។ សូមជូនទៅប្រជាពលរដ្ឋថា យើងសន្សំតិចតួចក៏ត្រូវសន្សំដែរ ដើម្បីឲ្យយើងមានថវិកាសម្រាប់ប្រើប្រាស់ នៅពេលដែលយើងចាំបាច់។ យើងការសន្សំមានសារសំខាន់ណាស់សម្រាប់គ្រួសារ និងសង្គមជាតិផងដែរ»

លោកស្រី ប៉េង លីយ៉ា លោកស្រី ប៉េង លីយ៉ា នាយិកានាយកដ្ឋានសេវាហិរញ្ញវត្ថុសម្រាប់អតិថិជនបគ្គល នៃធនាគារព្រីនស៍ និងតំណាងសមាគមធនាគារនៅកម្ពុជា យល់ឃើញថា ការសន្សំប្រាក់ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់មនុស្សគ្រប់រូប មិនជាមនុស្សប្រុស, ស្រី, ក្មេង, ចាស់។ ការទម្លាប់នៃការសន្សំប្រាក់ ជួយឲ្យយើងមានគម្រោងការច្បាស់លាស់ និងបង្ការហានិភ័យណាមួយ ដែលកើតមានឡើងដោយយថាហេតុ និងជួយឲ្យសម្រេចគោលបំណងណាមួយ ដែលយើងប្រាថ្នាផងដែរ។

លោកស្រីបានបន្ដថា «បើសិនជាបុគ្គលម្នាក់ៗ មិនមានការសន្សំនោះទេ អាចធ្វើឲ្យយើងជួបវិបត្ដិហិរញ្ញវត្ថុ ឬក៏ហានិភ័យណាមួយ ដែលមិនបានដឹងទុកមុន។ កាលណាបុគ្គល មានហានិភ័យលើហរិញ្ញវត្ថុ វាជះឥទ្ធិពលដល់គ្រួសាររបស់គាត់ ហើយបើសិនជាគ្រួសារជាច្រើន មានបញ្ហាទៅលើ ហិរញ្ញវត្ថុទៀតនោះ វាធ្វើឲ្យសង្គមមួយទាំងមូល មានបញ្ហាហិរញ្ញវត្ថុទាំងអស់គ្នា ដែលនឹងធ្វើឲ្យប្រទេសជាតិ ជួបបញ្ហាកាន់តែខ្លាំង»

លោក នូ សៅសង្វា តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក បានលើកឡើងថា «ការសន្សំប្រាក់ ជាដំបូងយើងត្រូវគិត អំពីចំណូលរបស់យើង និងម្យ៉ាងត្រូវចេះចាប់ផ្ដើមសន្សំ ដោយកុំគិតថា ទាន់តែយើងសល់លុយបានចាំសន្សំ។ យើងអាចយកចំណែកណាមួយនៃប្រាក់ចំណូលរបស់យើង សម្រាប់សន្សំ»