(តូក្យូ)៖ ក្រុមហ៊ុនអាជីវកម្មជប៉ុនកំពុងបើកដំណើរការឡើងវិញដោយប្រុងប្រយ័ត្នខណៈដែលរដ្ឋាភិបាលជប៉ុនបានលុបចោលភាពអាសន្នដោយសារជំងឺកូវីដ-១៩ នៅទូទាំងប្រទេស។ នេះបើយោងតាមសារព័ត៌មាន Nikkei Asia។

សារព័ត៌មាន Nikkei Asia បានរាយការណ៍ថា សួនកម្សាន្ត និងតំបន់ទិញទំនិញមានភាពកុះករ។ អ្នកដើរកម្សាន្តបានឈរតម្រងជួរនៅខាងក្រៅសួនកម្សាន្ត Tokyo Disneyland និង DisneySea ដែលសួនកម្សាន្តទាំងពីរនេះបានដំឡើងចំនួនកំណត់ភ្ញៀវចូលទស្សនាពី ៥.០០០នាក់ដល់ ១០.០០០នាក់ក្នុងមួយថ្ងៃ។ សួរកម្សាន្តទាំងពីរនេះបានឱ្យដឹងថា ខ្លួនក៏នឹងចាប់ផ្តើមលក់ផលិតផលគ្រឿងស្រវឹងនៅភោជនីយដ្ឋានឡើងវិញផងដែរ។ ប៉ុន្តែសួនទាំងពីរនេះនៅបើកប្រតិបត្តិការ ក្នុងរយៈពេលខ្លីនៅឡើយគឺចាប់ពីម៉ោង ១០ព្រឹកដល់ម៉ោង ៧យប់។

សួនកម្សាន្ត Universal Studios Japan ក្នុងទីក្រុងអូសាកា ក៏បានសម្រេចចិត្តបង្កើនសន្សឹមៗនូវកម្រិតកំណត់ចំពោះអ្នកទស្សនាពី ៥ពាន់នាក់ដល់ ១ម៉ឺនាក់ផងដែរក្នុងមួយថ្ងៃ ហើយក៏ចាប់ផ្តើមលក់គ្រឿងស្រវឹងឡើងវិញផងដែរនៅភោជនីយដ្ឋានមួយចំនួន។

ការបន្ធូរបន្ថយការរឹតបន្តឹងបាននាំឱ្យអ្នកធ្វើដំណើរសម្រុកចេញដើរកម្សាន្ត។ បុគ្គលិកការិយាល័យអាយុ ២៩ឆ្នាំម្នាក់បាននិយាយថា៖ «ខ្ញុំខានធ្វើដំណើរកម្សាន្តយូរមកហើយ ចាប់តាំងពីខ្ញុំបានធ្វើដំណើរកាលពីលើកមុន ហើយខ្ញុំមានអារម្មណ៍ដូចជាថាជីវិតប្រចាំថ្ងៃវិលត្រលប់មកវិញហើយ»។

ភោជនីយដ្ឋាន និងក្លឹបផ្សេងៗ ដែលភោជនីយដ្ឋាន និងក្លឹបខ្លះបានបិទក្នុងអំឡុងពេលដាក់ប្រទេសក្នុងភាពអាសន្ន កំពុងរៀបចំបើកដំណើរឡើងវិញ។

សារព័ត៌មាន Nikkei Asia បានរាយការណ៍ដោយដកស្រង់ទិន្នន័យពីសេវាកក់អនឡាញ TableCheck ថា ចំនួនអ្នកកក់ដែលបានធ្វើឡើងនៅភោជនីយដ្ឋានចំនួនប្រហែល ៥.៣០០កន្លែងនៅទូទាំងប្រទេសកាលពីថ្ងៃទី៣០ ខែកញ្ញា មានចំនួន ៦៨.០០០ ដែលកើនឡើង ៣០%ធៀបនឹងថ្ងៃទី២៧ ខែកញ្ញា។

ថ្ងៃសៅរ៍សប្តាហ៍មុនគឺជាចុងសប្តាហ៍ដំបូងគិតចាប់ពីខែមេសា ដែលមិនមានការចូលជាធរមាននៃភាពអាសន្ននៅកន្លែងណាមួយក្នុងប្រទេសជប៉ុន។ ទីក្រុងតូក្យូត្រូវបានដាក់ក្នុងភាពអាសន្នចុងក្រោយគេកាលពីថ្ងៃទី១២ ខែកក្កដា។

លោកនាយករដ្ឋមន្ត្រី Yoshihide Suga បានសម្រេចចិត្តលុបចោលការរឹតបន្តឹងនានាកាលពីចុងសប្តាហ៍មុន ខណៈដែលចំនួនអ្នកឆ្លងថ្មីបានធ្លាក់ចុះ ហើយប្រជាជនកាន់តែច្រើនបានចាក់វ៉ាក់សាំង៕