(បាងកក)៖ ក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃ គ្រោងនឹងចាប់ផ្តើមប្រមូលកម្រៃទេសចរណ៍ចំនួន ៥០០បាត (ប្រហែល ១៤,៨៥ដុល្លារ) សម្រាប់ «មូលនិធិផ្លាស់ប្តូរទេសចរណ៍» ឆ្នាំក្រោយ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍។

មជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសថៃ កាលពីសប្តាហ៍មុនបានអនុម័តដល់ការបង្កើតមូលនិធិនេះឡើង ដែលត្រូវបានរំពឹងថានឹងផ្តល់ឧបត្ថម្ភធនដល់គម្រោងនានាដែលផ្លាស់ប្តូរឧស្សាហកម្មនេះ ដោយផ្តោតលើទេសចរណ៍តម្លៃខ្ពស់ និងប្រកបដោយនិរន្តរភាព។

លោក Yuthasak Supasorn ក្រុមប្រឹក្សាភិបាលអាជ្ញាធរទេសចរណ៍ថៃ (TAT) បានថ្លែងថា ការប្រមូលកម្រៃចំនួន ៥០០បាតក្នុងមនុស្សម្នាក់នេះ គួរចាប់ផ្តើមពីឆ្នាំក្រោយទៅដែលមានបំណងប្រមូលឱ្យបាន ៥ពាន់លានបាត (ប្រហែល ១៤៨លានដុល្លារ) នៅឆ្នាំដំបូងពីភ្ញៀវទេសចរបរទេសដែលសន្មត់ថានឹងមានចំនួន ១០លាននាក់នៅឆ្នាំ២០២២។

គណៈកម្មការគោលនយោបាយទេសចរណ៍ជាតិ កាលពីដើមឆ្នាំនេះបានអនុម័តរួចហើយឱ្យចាប់ផ្តើមមូលនិធិនេះដោយស្នើឱ្យយកកម្រៃចំនួន ៣០០បាតក្នុងមនុស្សម្នាក់។

លោក Yuthasak បានថ្លែងប្រាប់កាសែតបាងកកប៉ុស្តិ៍ថា កម្រៃបន្ថែមចំនួន ២០០បាតផ្សេងទៀតដែលនឹងនាំឱ្យកម្រៃនេះកើនឡើងដល់ ៥០០បាតនោះ នឹងត្រូវបានរក្សាទុកសម្រាប់គម្រោងនានាដែលផ្តួចផ្តើមដោយវិស័យឯកជន សហគ្រាសសហគមន៍ ឬសហគ្រាសសង្គម ដែលចង់ផ្លាស់ប្តូរអាជីវកម្មរបស់ពួកគេដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តរបស់មូលនិធិនេះ ដែលជួយប្រទេសថៃឱ្យរៀបចំរចនាសម្ព័ន្ធឡើងវិញពីទេសចរណ៍ប្រមូលផ្តុំច្រើនទៅជាទេសចរណ៍តម្លៃខ្ពស់ ឬគំរូទេសចរណ៍បៃតង និងទេសចរណ៍បរិស្ថាន។

លោកមានប្រសាសន៍ថា៖ «គម្រោងទាំងនេះគួរតែជាគម្រោងដែលបង្កើតរួមគ្នា ហើយរដ្ឋាភិបាលគួរប្រើប្រាស់មូលនិធិនេះដើម្បីគាំទ្រដល់គម្រោងនានាដែលអាចបង្កើតឥទ្ធិពលដល់សេដ្ឋកិច្ចបាន។ សមាសមាត្រនៃការគាំទ្រផ្នែកហិរញ្ញវត្ថុរវាងសាធារណៈនិងឯកជនគួរតែជា ៥០៖៥០ ឬ ៦០៖៤០ ឬ ៧០៖៣០ ដោយអាស្រ័យលើថាតើយើងចង់ឱ្យគម្រោងទាំងនេះកើតឡើងដល់កម្រិតណា»