(ភ្នំពេញ)៖ បណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងជាអ្នកជំនាញមួយរូប ក្នុងវិស័យកសិកម្ម បានស្នើដល់ប្រជាកសិករ ត្រូវចេះមានការស្រាវជ្រាវ និងមានការគណនា ឲ្យបានត្រឹមត្រូវ មុននឹងដាំអ្វីមួយ ដើម្បីទទួលបានផលចំណេញមកវិញ ពីការរកស៊ីលើវិស័យកសិកម្មមួយនេះ។

បន្ថែមពីនោះទៀត បណ្ឌិត តាន់ មុនីវណ្ណ បានបញ្ជាក់ឲ្យដឹងថា ការរកស៊ីលើវិស័យកសិកម្ម ក្នុងប្រទេសកម្ពុជា គឺមានភាគរយច្រើនណាស់ ក្នុងការចំណេញ ឲ្យតែជាប្រជាកសិករ មានការសិក្សាស្រាវជ្រាវច្បាស់លាស់ គឺច្បាស់ជាចំណេញ។

បណ្ឌិត តាន់ មុនីវណ្ណ បានបញ្ជាក់យ៉ាងដូច្នេះថា «បញ្ហាអ្វីក៏ដោយ ទាមទារឲ្យមានការស្រាវជ្រាវ បើសិនជាមិនមែនការស្រាវជ្រាវ គឺភាគច្រើនបរាជ័យ បើសិនជាមានការគណនាត្រឹមត្រូវ កសិករនឹងមានការចំណេញ [...] កសិកម្មចំណេញណាស់ ឲ្យតែធ្វើច្បាស់គឺចំណេញ»

បណ្ឌិត តាន់ មុនីវណ្ណ បានលើកឡើងថា ឃើញថា ការនាំចេញច្រើន ក្នុងនោះ ការនាំចេញកសិកម្ម មិនមានការថយនោះទេ ដោយយើងឃើញ តួលេខនាំចេញធំ ប៉ុន្ដែទាន់តែសួរទៅកសិករបានដឹងថា មិនដូចតួរលេខ នៃការនាំចេញកើនឡើងនោះឡើយ។

បណ្ឌិត តាន់ មុនីវណ្ណ បានកត់សម្គាល់ឃើញថា ប្រជាកសិកម្មភាគច្រើន ដាំដំណាំអ្វីមួយ មិនសូវបានសិក្សាស្រាវជ្រាវ ឲ្យបានច្បាស់លាស់នោះទេ ដែលធ្វើឲ្យភាគច្រើនតែងតែបរាជ័យ និងមិនទទួលបានការចំណេញ។

ជាមួយគ្នានេះផងដែរ អ្នកជំនាញវិស័យកសិកម្ម រូបនេះ បានគូសបញ្ជាក់ថា ប្រទេសខ្មែរ មានដីច្រើនធ្វើកសិកម្ម ប៉ុន្ដែដីទាំងអស់ មិនប្រាកដថា ធ្វើកសិកម្មកើតនោះទេ ដូច្នេះត្រូវទាមទារ ឲ្យមានការសិក្សាស្រាវជ្រាវ និងមានការគណនា ឲ្យបានត្រឹមត្រូវ៕