(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ដើម្បីឲ្យចំណេះដឹងផ្នែកហិរញ្ញវត្ថុកាន់តែទូលំទូលាយ ដល់សាធារណជន ធនាគារជាតិនៃកម្ពុជា បានចូលរួមចំណែកយ៉ាងសកម្ម លើការលើកកម្ពសចំណេះដឹងផ្នែកហិរញ្ញវត្ថុ ពិសេសសម្រាប់ស្រ្ដី និងសហគ្រិនស្រ្ដីកម្ពុជា។

លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិកម្ពុជាបានអះអាងថា ធនាគារជាតិនៃកម្ពុជាបាននិងកំពុងរួមចំណែក លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់សាធារណជន ពិសេសសម្រាប់ស្រ្ដី និងសហគ្រិនស្រ្ដីកម្ពុជា ដោយបានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអនុវត្តន៍គម្រោងដាក់បញ្ចូលចំណេះដឹងហិរញ្ញវត្ថុ ក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅ ចាប់ពីកម្រិតបឋមសិក្សា ដល់មធ្យមសិក្សាតុតិភូមិ ព្រមទាំងបានសហការជាមួយក្រសួងកិច្ចការនារី លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សម្រាប់ស្រ្ដី និងស្រ្ដីក្នុងសហគ្រិនភាព បានសហការជាមួយគណកម្មាធិការ អង្កការសហប្រជាជាតិ ផ្នែកសេដ្ឋកិច្ចសង្គមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច ដើម្បីអនុវត្តន៍គម្រោងការជំរុញ សហគ្រិនភាពរបស់ស្រ្ដី ដោយបានបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំស្រ្ដី និងសហគ្រិនស្រ្ដី ដើម្បីបង្កើនការយល់ដឹងលទ្ធភាពបង្កើនការទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ បានសហការជាមួយមូលនិធិអភិវឌ្ឍន៍មូលធន របស់អង្កការសហប្រជាជាតិ ដើម្បីប្រមូលទិន្នន័យសម្រាប់ធ្វើជាសូចនាករមូលដ្ឋាន ក្នុងការអនុវត្តន៍ការទទួលបានការប្រើប្រាស់ និងគុណភាពសេវាហិរញ្ញវត្ថុរបស់អ្នកប្រើប្រាស់ តាមរយៈការសិក្សាលើផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ ព្រមទាំងបានសហការជាមួយសហព័ន្ធបរិយាបន្នហិរញ្ញវត្ថុ ក្នុងគោលបំណងជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុជាដើម។

ការលើកឡើងរបស់លោកស្រី ជា សិរី ធ្វើឡើងក្នុងកម្មវិធី «សម្ពោធដាក់ឲ្យប្រើប្រាស់វីដេអូចំណេះដឹងហិរញ្ញវត្ថុទាំង ៩ និងមគ្គុទេ្ទសក៍ហិរញ្ញវត្ថុ» ដែលរៀបចំសហការជាមួយធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រុមហ៊ុនវីង ក្រុមហ៊ុនប៊ូសខេភីថល ក្រុមហ៊ុនស៉ីអ៉ិនវេសមិន និងក្រុមសន្សំប្រាក់នារី ដើម្បីផ្តល់ធនធានទាំងនេះ ដល់អង្គភាពពាក់ព័ន្ធ ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាល និងសហគ្រិនស្ត្រីវ័យក្មេង កម្មវិធីនេះរៀបចំឡើងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។

លោកស្រី ជា សិរី បានបន្ថែមថា ធនាគារជាតិនៃកម្ពុជាក៏បានដាក់ចេញនូវយន្ដការនានាជាច្រើនទៀត ដើម្បីលើកកម្ពស់កម្រិតបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជាការបង្កើតវិដេអូអប់រំនានា ពាក់ព័ន្ធនឹងផ្នែកហិរញ្ញវត្ថុ ចង់ក្រងឯកសានានា ដើម្បីចែកជូនប្រជាពលរដ្ឋ និងផ្សព្វផ្សាយទាក់ទងនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុ តាមរយៈគេហទំព័រផ្លូវការ របស់ធនាគារជាតិនៃកម្ពុជា និងតាមទូរទូស្សន៍ វិទ្យុនានាជាដើម។

លោកស្រីបញ្ជាក់ថា «តម្រូវការជាក់ស្ដែងក្នុងការទទួលបានហិរញ្ញវត្ថុ ក្នុងអាជីវកម្មមិនត្រឹមទទួលបានហិរញ្ញប្បទាន ពីគ្រឹះស្ថានហិរញ្ញវត្ថុឡើយ តែជាដំណើរការពេញលេញនៃការទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុ ប្រកបដោយគុណភាព ប្រសិទ្ធិភាព និងភាពឈ្លាសវៃ ស្រប់តាមប្រភេទនៃសេវាដែលសមស្របដោយទម្រង់អាជីវកម្ម កម្រិតនៃការអភិវឌ្ឍន៍ ទម្រង់នៃតម្រូវការ បរិបទនៃអាជីវកម្ម ពិសេសការទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះ»

លោកស្រីបានបន្ថែមថា វីដេអូចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងមគ្គុទេស ហិរញ្ញវត្ថុ នេះនឹងផ្តល់ជាមាគ៌ា ដល់សារធារណជនទូទៅ អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ និងជាពិសេសសហគ្រិនស្រ្តីវ័យក្មេង ឱ្យយល់ដឹងពីដំណើរការពេញលេញ នៃការទទួលបាន និងប្រើប្រាស់សេវាហិញ្ញវត្ថុប្រកបដោយគុណភាព ប្រសិទ្ធភាព និងភាពវៃឆ្លាត។

លោកស្រី សាប៊ីន យ៉ៅគ្គឹស ប្រធានអង្គការផេកកម្ពុជា និងជាប្រធានគ្រប់គ្រងគម្រោងសហគ្រិននារីសកម្ម បានថ្លែងថា មគ្គុទេសហិរញ្ញវត្ថុ វីដេអូចំណេះដឹងហិរញ្ញវត្ថុ និងផលិតផលហិរញ្ញប្បទានទាំងនេះ មានគោលបំណងដោះស្រាយបញ្ហាជាច្រើន ជុំវិញការទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រិនស្ត្រីវ័យក្មេង។

លោកស្រីបានបន្ដថា វិធីសាស្រ្តដោះស្រាយ ដោយបង្កើនចំណេះដឹង ការយល់ដឹងក៏ដូចជា ការផ្តល់លទ្ធភាពទទួលបានហិរញ្ញវត្ថុ យ៉ាងពិតប្រាកដអាចជាវិធីសាស្រ្តត្រឹមត្រូវ ក្នុងការផ្តល់ឱ្យស្ត្រីនូវលទ្ធភាពទទួលបានហិរញ្ញវត្ថុ៕