(ភ្នំពេញ)៖ កម្ពុជាក្នុងនាមសមាជិកការិយាល័យពិព័រណ៍អន្តរជាតិ (BIE) បានចូលរួមក្នុងមហាព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកឌុយបៃ ដែលមានរយៈពេល១៨២ថ្ងៃ។

ក្នុងពិព័រណ៍នេះ កម្ពុជាបានរៀបចំសាងសង់ពន្លាជាតិលើផ្ទៃដីទំហំ ៣៨៤.៥ ម៉ែត្រការ៉េ មានកម្ពស់ ២ជាន់ ដើម្បីបង្ហាញពីតំបន់ទេសចរណ៍ដ៏សម្បូរបែប និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា ពន្លាជាតិកម្ពុជាត្រូវបានរៀបចំរចនាឡើងយ៉ាងប្រណិត តាមរចនាបទខ្មែរដែលមានចក្ខុវិស័យច្របាច់បញ្ចូលគ្នា នូវភាពល្បីល្បាញផ្នែកវប្បធម៌បុរាណ និងការអភិវឌ្ឍសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។ គោលដៅចម្បងរបស់ក្រសួង គឺការរៀបចំតុបតែងពន្លាជាតិកម្ពុជា ឲ្យមានភាពទាក់ទាញ ដើម្បីកសាងនូវកេរ្តិ៍ឈ្មោះរបស់កម្ពុជា លើឆាកអន្តរជាតិ ទាក់ទាញភ្ញៀវទេសចរ បង្ហាញនូវសក្តានុពលជាក់ស្តែង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការផ្សព្វផ្សាយនូវសមិទ្ធផលនានា របស់រាជរដ្ឋាភិបាលកម្ពុជា។
ពិព័រណ៍ពិភពលោកឌុយបៃ២០២០ គឺជាព្រឹត្តិការណ៍កម្រិតពិភពលោកលើកដំបូង ដែលរៀបចំទ្បើងនៅតំបន់មជ្ឈឹមបូព៌ា និងអាហ្រិ្វកខាងជើង (MENA) មានរយៈពេល៦ខែ ដោយគិតចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ស្មើនឹង១៨២ ថ្ងៃ។

ប្រធានបទនៃពិព័រណ៍នេះ គឺ៖ ភ្ជាប់ចិត្តបង្កើតអនាគត (Connecting Minds, Creating the Future) និងមានប្រធានបទរងចំនួន ៣ គឺ៖ កាលានុវត្តភាព, វឌ្ឍនភាព និរន្តរភាព។ តាមការរំពឹងទុក ពិព័រណ៍នេះនឹងទាក់ទាញភ្ញៀវចូលទស្សនាចំនួន ២៥ លាននាក់ក្នុងនោះ៧០%ជាភ្ញៀវមកពីបរទេស។

ពិព័រណ៍ពិភពលោកឌុយបៃ ២០២០ ត្រូវបានសម្ពោធជាផ្លូវការកាលពីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាពរបស់ព្រះអង្គម្ចាស់ ហ្សែគមូហាម៉េតប៊ីនរ៉ាស៊ីត អាលម៉ាកតុម អនុប្រធានាធិបតី ជានាយករដ្ឋមន្រ្តី នៃសហភាពអារ៉ាប់រួម និងជាអ្នកគ្រប់គ្រងទីក្រុងឌុយបៃ ដោយមានការចូលរួមពីបណ្ដាប្រទេស និងអង្គការអន្តរជាតិធំៗចំនួន១៩២ រួមទាំងកម្ពុជាផងដែរ៕