(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ច ប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងារក្នុងការរៀបចំ និងសាងសង់មជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍ចម្លាក់ប្រាក់-ស្ពាន់កម្ពុជានាពេលខាងមុខ នៅខេត្តកណ្តាល ដើម្បីពង្រីកទីផ្សារចម្លាក់ប្រាក់-ស្ពាន់កម្ពុជា និងពង្រីកការផលិតសម្រាប់នាំចេញទៅក្រៅប្រទេស។

ក្នុងកិច្ចប្រជុំស្តីពីដំណើរការរៀបចំមជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា តាមប្រព័ន្ធវីដេអូ នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា មជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជានេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការជំរុញអភិវឌ្ឍន៍ និងបង្កើតបរិយាកាសពាណិជ្ជកម្មលើវិស័យចម្លាក់ប្រាក់-ស្ពាន់ ទាក់ទាញវិស័យទេសចរណ៍ អភិរក្សវប្បធម៌ ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណកេរ្តិ៍ដំណែលនៃផលិតផល និងភូមិសាស្ត្រ។

លោកបន្តថា បន្ថែមពីនេះមជ្ឈមណ្ឌលនេះនឹងបង្កើនឱកាសពាណិជ្ជកម្ម និងពង្រីកទីផ្សារបន្ថែមក្នុងវិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ពីការផលិតបែបគ្រួសារទៅជាមូលដ្ឋាន​ផលិតកម្មសម្រាប់បម្រើឱ្យការនាំចេញទាំងក្នុង និងក្រៅប្រទេស។ មិនតែប៉ុណ្ណោះ មជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍ចម្លាក់ប្រាក់-ស្ពាន់កម្ពុជា បានរួមចំណែកយ៉ាងសំខាន់​ក្នុងការជួយបង្កើតការងារជូនប្រជាពលរដ្ឋ កាត់បន្ថយការធ្វើចំណាកស្រុក និងបង្កើនប្រាក់ចំណូលដល់បងប្អូនជាក្រុមជាងចម្លាក់ប្រាក់-ស្ពាន់ ពិសេសបងប្អូនជាស្រី្ត។

ក្នុងកិច្ចប្រជុំនេះដែរ ក្រសួងសម្រេចរៀបចំនីតិវិធីដើម្បីចុះបញ្ជីសមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ចុះបញ្ជីម៉ាកសមូហភាព និងការកំណត់ទីតាំងដើម្បីរៀបចំ និងសាងសង់មជ្ឈមណ្ឌលអភិវឌ្ឍន៍វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា នៅឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល៕