(ត្បូងឃ្មុំ)៖ ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត ដែលក្រុមហ៊ុនខ្នាតយក្ស របស់ប្រទេសអូស្ត្រាលី បានចាប់ផ្តើមស្វែងរុករករ៉ែមាស នៅក្នុងតំបន់សំពៅលូន ក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះតទៅ។

នេះបើតាមលិខិត របស់ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត ផ្ញើជូនលោកប្រធានមន្ទីររ៉ែ និងថាមពល ខេត្តត្បូងឃ្មុំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ។

ក្នុងលិខិតបានសរសេរយ៉ាងដូច្នេះថា «ក្រុមហ៊ុនមានគម្រោងបញ្ជូនក្រុមការងារបច្ចេកទេស និងវិស្វករជំនាញ ចុះទៅបំពេញការងារសិក្សាស្វែងរុករករ៉ែលោហៈ នៅតំបន់អាជ្ញាបណ្ណមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃ០១ ខែតុលា ឆ្នាំ២០២១»

ក្នុងលិខិតបានឲ្យដឹងទៀតថា ក្រុមហ៊ុននឹងធ្វើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់ ដែលនៅក្នុងតំបន់អាជ្ញាបណ្ណ និងនៅជុំវិញតំបន់អាជ្ញាបណ្ណស្វែងរុករករ៉ែលោហៈ ដើម្បីអនុវត្ដការងាររបស់ខ្លួន ឲ្យស្របតាមលក្ខណៈគោលការណ៍ច្បាប់ជាធរមាន។

ការចាប់ផ្តើមប្រតិបត្ដិការអាជីវកម្មស្វែងរុករករ៉ែមាស នៅក្នុងតំបន់សំពៅលូន ក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ របស់ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីតក្រោយទទួលបានអាជ្ញាបណ្ណ ពីក្រសួងរ៉ែ និងថាមពល និងក្រសួងបរិស្ថាន។

បើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ លោក អ៉ឹង ឌីប៊ូឡា ធ្លាប់ប្រាប់ឲ្យដឹងថា អត្ថប្រយោជន៍ និងផលវិជ្ជមាន ផ្នែកសេដ្ឋកិច្ច និងសង្គម កើតចេញពីការអនុវត្ត គម្រោងនេះ រួមមាន៖

* ការផ្តល់ឱកាសការងារ និងប្រាក់ចំណូល
* កាត់បន្ថយចំណាកស្រកទៅក្រៅប្រទេស
* បណ្តុះបណ្តាលបច្ចេកទេសថ្មីៗ និងបទពិសោធន៍ដល់បុគ្គលិក/កម្មករ
* ការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ និងសេដ្ឋកិច្ចជាតិ
* ការប្រើប្រាស់សេវាកម្ម និងទំនិញក្នុងស្រុក (Local Content)
* ការចូលរួមអភិវឌ្ឍលើវិស័យផ្សេងៗក្នុងសហគមន៍មូលដ្ឋាន
* ការកំណត់ទិន្នន័យ និងសក្តានុពលធនធានរ៉ែ និងធនធានធម្មជាតិផ្សេងទៀត នៅក្នុងតំបន់គម្រោង។

លោក អ៊ឹង ឌីប៊ូឡា បានបញ្ជាក់ឲ្យដឹងថា ក្នុងសុពលភាព នៃអាជ្ញាបណ្ណលើកទី១ ដែលផ្ដល់ជូនក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត មានរយៈពេល៣ឆ្នាំ ស្របតាមអនុក្រឹត្យ ស្តីពីការគ្រប់គ្រង អាជ្ញាបណ្ណស្វែងរុករក និងអាជ្ញាបណ្ណឧស្សាហកម្ម អាជីវកម្មធនធានរ៉ែ។

សូមបញ្ជាក់ថា ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត ជាក្រុមហ៊ុន ដែលមានឈ្មោះបោះសំឡេង តាមបណ្តាប្រទេសមួយចំនួន ក្នុងតំបន់អាស៊ី រួមទាំងកម្ពុជាផង ជាក្រុមហ៊ុន ដែលមានជំនាញ ក្នុងវិស័យរ៉ែលោហៈ និងមានការគោរពច្បាប់ រួមទាំងផ្តល់ការងារជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍ នៅក្នុងសហគមន៍មូលដ្ឋានផ្ទាល់។

មកទល់ពេលនេះ ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណស្វែងរុករករ៉ែលោហៈចំនួន៧ នៅទូទាំងប្រទេសកម្ពុជា ដែលក្នុងនោះ រួមមាន៖ អាជ្ញាបណ្ណឧស្សាហកម្ម អាជីវកម្មធនធានរ៉ែ នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគីរី និងអាជ្ញាបណ្ណស្វែងរុករកចំនួន៦ ទីតាំងផ្សេងគ្នា។

ក្រុមហ៊ុនខ្នាតយក្ស របស់ប្រទេសអូស្ត្រាលីមួយនេះ កំពុងតែប្រតិបត្តិការអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។

គួរបញ្ជាក់ថា កាលពីដើមខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ តំណាងក្រុមហ៊ុន ក៏បានចូលជួបពិភាក្សាការងារ ជាមួយលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដោយស្នើដល់អាជ្ញាធរខេត្ត គ្រប់លំដាប់ថ្នាក់សូមជួយសហការ ជាមួយក្រុមហ៊ុនបង្កលក្ខណៈងាយស្រួល ក្នុងការរុករករ៉ែមាសនៅតំបន់នោះ។

ជាការឆ្លើយតប លោកអភិបាលខេត្ត ក៏បានស្វាគមន៍ដោយក្តីរីករាយ ចំពោះការមកវិនិយោគតំបន់រ៉ែមាស នៅខេត្តត្បូងឃ្មុំ ពិសេសក៏ស្នើដល់ក្រុមហ៊ុន ត្រូវរក្សាចំនុចណាមួយ សម្រាប់ប្រជាពលរដ្ឋដែលកំពុងរស់នៅ និងអាស្រ័យផលក្នុងតំបន់នោះ ដោយធ្វើយ៉ាងណាកុំឲ្យមានការថ្នាំងថ្នាក់ធ្ងន់ធ្ងរចំពោះពលរដ្ឋ៕